COVID-19
ជាតិ
សង់ត្រាល់៖ ១ថ្ងៃ មានពលករខ្មែរពីថៃជាង១ពាន់នាក់ បានចូលកម្ពុជាវិញ
15, Aug 2021 , 4:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
ដោយគិតត្រឹមតែរយៈពេលថ្ងៃជាប់គ្នា គឺថ្ងៃទី១៣ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរជាង១ពាន់នាក់ក្នុង១ថ្ងៃៗ ដែលធ្វើការនៅប្រទេសថៃ បានវិលចូលកម្ពុជាវិញ។ នេះជាការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-CENTRAL) ដែលអះអាងថា មន្រ្តីរបស់ខ្លួនមួយចំនួន មានវត្តមានផ្ទាល់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីសង្កេតមើលការវិលត្រឡប់របស់ពលករខ្មែរពីថៃ ចូលកម្ពុជា។
 
អង្គការសង់ត្រាល់ បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ថា កងកម្លាំង បានប្រើប្រាស់រថយន្តទាហានដែលមានស្លាកលេខខេមរភូមិន្ទ សម្រាប់ដឹកជញ្ជូនពលករខ្មែរទាំងនោះ ចេញពីច្រកនីមួយៗ ទៅដាក់តាមមណ្ឌលចត្តាឡីស័ក និងបណ្ដាខេត្តផ្សេងៗ។
 
មួយរយៈចុងក្រោយនេះ ជាពិសេសនៅចុងខែកក្កដា និងឈានចូលដើមខែសីហា ឆ្នាំ២០២១ ពលករខ្មែរនៅថៃ បានសម្រុកចូលកម្ពុជាវិញ ស្របពេលថៃ កំពុងផ្ទុះជំងឺកូវីដ-១៩យ៉ាងខ្លាំង។ ដោយសារព្រំដែនកម្ពុជា-ថៃ នៅបន្តបិទ ពលករខ្មែរទាំងនោះ បានជាប់គាំងមួយរយៈពេលខ្លីនៅតាមព្រំដែន។ រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ ដែលនៅជាប់តាមព្រំដែនថៃ រៀបចំទទួលពលករខ្មែរទាំងនោះ និងរៀបចំកន្លែងឲ្យពួកគេ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យពួកគេ ចេញទៅស្រុកកំណើតរៀងៗខ្លួន។ 
 
យ៉ាងណា មន្រ្តីអង្គការសង់ត្រាល់ សង្កេតឃើញថា  អាជ្ញាធរកម្ពុជា នៅមានចំណុចខ្វះចន្លោះខ្លះៗ ក្នុងការធ្វើចត្តាឡីស័កចំពោះពលករខ្មែរ ដូចជា បន្ទប់ទឹកនៅមានកម្រិត ការស្នាក់នៅរបស់ពលករមានចំនួនច្រើនលើសលប់ និង មិនអាចធានាបាននូវសុវត្ថិភាពពេញលេញស្របតាមនិយាមសុវត្ថិភាពសាកល។ អង្គការនេះ បន្តថា ចំពោះវិធានការទទួលពលករ និងការដឹកជញ្ជូនពលករតាមជាយដែនទៅកាន់មណ្ឌលចត្តាឡីស័កនានា ក៏នៅមានចំណុចខ្វះចន្លោះដែរដោយពលករមានចំនួនច្រើនកកកុញ មិនបានរក្សាគម្លាតសុវត្ថិភាពនៅពេលពួកគេជិះលើរថយន្ត ហើយម្យ៉ាងទៀត នៅពេលពលករមកដល់នៅច្រកព្រំដែន ដើម្បីរង់ចាំមធ្យោបាយដឹកជញ្ជូន ក៏មានលក្ខណៈចង្អៀតណែនណាន់តាន់តាប់ ដែលអាចបង្កហានីភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ 
 
បើតាមអង្គការសង់ត្រាល់ដដែល ក្នុងចំណោមច្រកតូចធំតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃប្រមាណ១១ច្រក មានតែ៥ច្រកប៉ុណ្ណោះ ដែលមានការរៀបចំទទួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលចតា្តឡីស័កក្រោមការរៀបចំដោយអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រូពេទ្យ។ ច្រកទាំង៥នោះ រួមមាន ច្រកអូរស្មាច់ ច្រកបឹងត្រកួន ច្រកអូរបីជាន់ ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកអូរអន្លក់។ សង់ត្រាល់ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំរៀបចំស្បៀងអាហារ ការស្នាក់នៅ និង សុវត្ថិភាពសុខមាលភាព ដល់ពលករកម្ពុជា ដែលបានវិលត្រលប់មកពីប្រទេសថៃ វិញក្នុងពេលនេះ៕
 

Tag:
 សង់ត្រាល់
  ពលករខ្មែរមកពីថៃ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com