COVID-19
ជាតិ
មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលមរណភាពដោយសារកូវីដ-១៩
16, Aug 2021 , 3:12 pm        
រូបភាព
លោក លន់ រួប មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយសារកូវីដ-១៩។ នេះបើយោងតាមលិខិតរំលែកទុក្ខ ដែលរដ្ឋបាលស្រុកក្រឡាញ់ផ្ញើទៅកាន់អ្នកស្រី ទូច ថាញ់ ភរិយាសព។


«មរណភាពរបស់លោក លន់ រួប គឺជាការបាត់បង់នូវធនធានដ៏ឆ្នើមមួយរូប»។ នេះជាការលើកឡើងរបស់លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ក្នុងលិខិតរំលែកទុក្ខចុះថ្ងៃទី១៦ ខែសីហា ដោយចាត់ទុកមេឃុំកំពង់ថ្កូវរូបនេះ ជាស្វាមី ឪពុក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាមេឃុំគំរូមួយនៅស្រុកក្រឡាញ់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប លោក លន់ រួប ស្ថិតក្នុងចំណោមករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៨៩ករណី ដែលតេស្តឃើញកាលពីថ្ងៃទី១៦ ខែសីហា។



គិតមកដល់ពេលនេះ សៀមរាបមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦២០២នាក់ ក្នុងនោះសះស្បើយចំនួន៤៥៥៨នាក់ និងស្លាប់៧៣នាក់។ អ្នកជំងឺចំនួន១៥៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

សម្រាប់តួលេខទូទាំងប្រទេស កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៦ ០៤១ នាក់ ក្នុងនោះ១៣ ១១៨នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៨១ ២០២នាក់  និងស្លាប់សរុប១ ៧០៤នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com