COVID-19
ជាតិ
កម្ពុជាជួយមីយ៉ាន់ម៉ា​​២០ម៉ឺនដុល្លារ រួមទាំង​ឧបករណ៍វេជ្ជសាស្ត្រទប់ស្កាត់កូវីដ-១៩មួយចំនួន​
17, Aug 2021 , 4:03 pm        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ា។ រូបភាព Xinhua
ពលរដ្ឋមីយ៉ាន់ម៉ា។ រូបភាព Xinhua
តាម​រយៈមជ្ឈមណ្ឌល​អាស៊ានសម្រាប់​សម្របសម្រួលជំនួយ​មនុស្សធម៌ (AHA Centre) កម្ពុជា​សម្រេច​​ផ្តល់ជំនួយ​២០ម៉ឺន​ដុល្លារអាមេរិក និង​ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដល់មីយ៉ាន់ម៉ា​ក្នុងយុទ្ធនាការ​ទប់ស្កាត់កូវីដ-១៩។
 
ការបរិច្ចាគគឺ​ធ្វើឡើង​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​រវាងប្រទេសទាំងពីរ។ នេះបើតាម​ខ្លឹម​សារ​ដែល​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅ​កាន់​លោក មីង អោងលាំង មេដឹកនាំរបបយោធា​មីយ៉ាន់ម៉ា នា​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១។
 
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់ ប្រធានក្រុមប្រឹក្សារដ្ឋបាល​រដ្ឋ ថា ការសម្រេចបរិច្ចាគចំនួន​២០ម៉ឺន​ដុល្លារអាមេរិកនេះ គឺ​បន្ថែម​ពីលើ​ការសន្យា​របស់​កម្ពុជាចំនួន​១០ម៉ឺន​ដុល្លារសម្រាប់ជំនួយមនុស្សធម៌អាស៊ាន។
 
តាមរយៈ AHA Centre ផងដែរ កម្ពុជា ក៏នឹង​បរិច្ចាគ​ដល់មីយ៉ាន់ម៉ា នូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដូចជា ម៉ាស ឧបករណ៍តេស្តរហ័ស សម្លៀកបំពាក់​សុវត្ថិភាព-PPE ម៉ាស៊ីនផលិត​អុកស៊ីសែនស្វ័យ​ប្រវត្តិ ម៉ាស៊ីនជំនួយ​ដល់ការដកដង្ហើម និងម៉ាស៊ីនតាម​ដាន​សញ្ញាជីវិត។
 
បើតាម​សម្តេច ហ៊ុន សែន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោនាពេលខាងមុខ​។
 
គិតត្រឹម​រសៀលថ្ងៃទី១៧ ខែសីហា នេះ មីយ៉ាន់ម៉ា មានករណីឆ្លងកូវីដ-១៩ជាង៣៥.៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង​១៣០០០នាក់ និង​សះស្បើយជាង​២៧.៥ម៉ឺននាក់។ រីឯនៅកម្ពុជា ករណីឆ្លងឆ្លងឡើង​ដល់​៨៦ ៥៩៧ ក្នុងនោះស្លាប់​១៧១៨នាក់ និង​សះស្បើយ៨១ ៩១៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com