ជាតិ
កាំរស្មីព្រះអាទិត្យ UV ល្អសម្រាប់ស្បែក តែការត្រូវពន្លឺយូរពេកអាចបង្កគ្រោះថ្នាក់
18, Aug 2021 , 7:29 pm        
រូបភាព
ស្រ្តីម្នាក់កំពុងរត់ហាត់ប្រាណនៅខេត្ត British Columbia ប្រទេសកាណាដា។ រូបថត Xinhua
ស្រ្តីម្នាក់កំពុងរត់ហាត់ប្រាណនៅខេត្ត British Columbia ប្រទេសកាណាដា។ រូបថត Xinhua
កាំរស្មីស្វាយអ៊ុលត្រា (Ultraviolet) ដែលគេនិយមស្គាល់ដោយអក្សរកាត់ UV ជាពន្លឺដែល បញ្ចេញ ដោយប្រភពធម្មជាតិមានព្រះអាទិត្យ និងប្រភពសិប្បនិម្មិតមានគ្រែបញ្ចេញកាំរស្មី (Tanning Bed),អំពូលភ្លើង និងឡាស៊ែរ។ ដូចដែលធ្លាប់ដឹង ពន្លឺបញ្ចេញដោយព្រះអាទិត្យ ជាវត្ថុធាតុដើមសម្រាប់ការលូតលាស់របស់រុក្ខជាតិ និងស្បែកមនុស្ស។ ប៉ុន្តែការកើនឡើងខ្លាំងនៃសន្ទស្សន៍កាំរស្មី UV ដែលបញ្ចេញដោយព្រះអាទិត្យ នឹងបង្កគ្រោះថ្នាក់ទៅវិញ។
 
កាំរស្មី UV ចែកជាបីប្រភេទមាន កាំរស្មីស្វាយអ៊ុយត្រា A (UVA), កាំរស្មីស្វាយអ៊ុយត្រា B (UVB) កាំរស្មីស្វាយអ៊ុយត្រា C (UVC) ដែលកំណត់ទៅតាមជំហានរលករបស់កាំរស្មីនីមួយៗតាមខ្នាតណាណូម៉ែត្រ។ កាំរស្មី UVC ត្រូវបានស្រូបយកទាំងស្រុងដោយស្រទាប់អូស្សូន ឯ កាំរស្មី UVB ត្រូវបានអូស្សូនស្រូបយកស្ទើរទាំងស្រុងដែរ។ ដូចនេះ ភាគច្រើននៃកាំរស្មីដែលមកដល់ផែនដី គឺកាំរស្មី UVA ។
 
សម្រាប់មនុស្ស កាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ ជាប្រភពនៃការបង្កើតវីតាមីន D ដែលមានសារសំខាន់សម្រាប់សុខភាពមនុស្ស។ វីតាមីន D មានតួនាទីស្រូបយកកាល់ស្យូម និងផូស្វរដើម្បីពង្រឹងឆ្អឹងមនុស្ស។ អង្គការសុខភាពពិភពលោក ណែនាំឱ្យមនុស្សហាលថ្ងៃពី៥នាទីទៅ១៥នាទី ដោយមួយសប្ដាហ៍អាចធ្វើពីរទៅបីដង។ ចំណែកកាំរស្មីសិប្បនិម្មិតខ្លះ ត្រូវបានប្រើដើម្បីព្យាបាលជំងឺមួយចំនួនដែលមិនអាចព្យាបាលតាមវិធីសាស្រ្តផ្សេង។
 


ទោះមានគុណសម្បត្តិក្ដី ការរងពន្លឺថ្ងៃយូរពេក ពិសេសអំឡុងពេលក្ដៅខ្លាំង នឹងបង្កគ្រោះថ្នាក់ទៅវិញ។ រលាកស្បែក ជារឿងដែលជួបប្រទះញឹកញាប់ ប៉ុន្តែករណីធ្ងន់ធ្ងរខ្លះក៏អាចកើតមានដូចជាជំងឺស្បែក មហារីកស្បែកជាដើម។ ពេលខ្លះ កាំរស្មី UV ក៏បង្កើនឱកាសជំងឺភ្នែក បើគ្មានការការពារត្រឹមត្រូវ។ ខណៈមនុស្សគ្រប់សុទ្ធតែអាចជួបបញ្ហាបែបនេះ អ្នកដែលងាយរងគ្រោះមានមនុស្សដែលត្រូវពន្លឺថ្ងៃយូរ អ្នកមានពណ៌ស្បែកស្រាលៗ អ្នកមានបញ្ហាស្បែក និងអ្នកមានវ័យលើស៥០ឆ្នាំជាដើម។
 
របៀបការពារមានការចៀសវាងហាលថ្ងៃយូរ, ពាក់មួក ឬវ៉ែនតាការពារ, ស្លៀកបំពាក់បិទជិតដៃជើង, ប្រើប្រាស់ឡេ និងគ្រឿងសម្អាងការពារពន្លឺថ្ងៃជាដើម៕  
 
 
 
 
 

Tag:
 ចំណេះដឹងទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com