ជាតិ
វិចារណកថា៖ កលិយុគនៅអាហ្វហ្កានីស្ថាន ជាមេរៀនមួយបន្ថែមទៀតសម្រាប់ខ្មែរ
18, Aug 2021 , 10:15 pm        
រូបភាព
ប្រជាជនអាហ្វហ្កានីស្ថាន រត់ស្កាត់ពីមុខសុំឲ្យយន្តហោះយោធាអាម៉េរិកឈប់ ដើម្បីពួកគេ បានឡើងយន្តហោះ គេចពីពួកតាលីបង់ តែយន្តហោះមិនបានឈប់ឡើយ។ មុនយន្តហោះ ចេញដំណើរ មានប្រជាជនអាហ្វហ្កានីស្ថានខ្លះ បានឡើងចូលក្នុងយន្តហោះ។
ប្រជាជនអាហ្វហ្កានីស្ថាន រត់ស្កាត់ពីមុខសុំឲ្យយន្តហោះយោធាអាម៉េរិកឈប់ ដើម្បីពួកគេ បានឡើងយន្តហោះ គេចពីពួកតាលីបង់ តែយន្តហោះមិនបានឈប់ឡើយ។ មុនយន្តហោះ ចេញដំណើរ មានប្រជាជនអាហ្វហ្កានីស្ថានខ្លះ បានឡើងចូលក្នុងយន្តហោះ។
ប្រជាជនខ្មែរ ធ្លាប់ឆ្លងកាត់សង្គ្រាមខ្លួនឯងឆ្អែតឆ្អន់ហើយ។ ការដែលបានឃើញសង្គ្រាមនៅអាហ្វហ្កានីស្ថាន ធ្វើឲ្យប្រជាជនខ្មែរ យល់ច្បាស់ណាស់ពីទុក្ខវេទនារបស់ប្រជាជននៃប្រទេសនេះ ហើយក៏ដូចជាទទួលបានមេរៀនមួយបន្ថែមទៀតអំពីវិនាសកម្មពីសង្គ្រាម ដែលប្រជាជនខ្មែរ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យកើតឡើងសាជាថ្មីលើទឹកដីកម្ពុជា។


ភាពវឹកវរនៅប្រទេសអាហ្វហ្កានីស្ថាន បានទាញសតិអារម្មណ៍មនុស្សនៅជុំវិញពិភពលោកឲ្យតាមដាន។ មិនខុសពីបណ្តាប្រទេសនានាឡើយ នៅកម្ពុជា បណ្តាញសារព័ត៌មានស្ទើរទាំងអស់ បានផ្សាយពីស្ថានភាពចលាចលដោយសារសង្គ្រាមនៅអាហ្វហ្កានីស្ថាន ខណៈប្រជាជនខ្មែរទូទៅ នាំគ្នាចែករំលែក និងបញ្ចេញមតិលើបណ្តាញសង្គមនានាជារៀងរាល់ថ្ងៃ។

សេចក្តីសោកសង្រេងនៅអាហ្វហ្កានីស្ថាន មិនគួរគ្រាន់តែជាព័ត៌មាន សម្រាប់ឲ្យយើងតាមដាន និងចង់ដឹងចង់ឮនោះទេ តែក៏គួរតែយកបទពិសោធដ៏ជូរចត់នៃប្រទេសមួយនេះ មកសិក្សាផងដែរ។ ទិដ្ឋភាពនៅអាហ្វហ្កានីស្ថាន ធ្វើឲ្យយើង កាន់តែយល់ច្បាស់មួយកម្រិតទៀតពីលទ្ធផលដ៏អាក្រក់នៃសង្គ្រាម ហើយមិនចង់ឲ្យសង្គ្រាមកើតឡើង។

តាមពិតទៅ កម្ពុជា មានបទពិសោធឆ្លងកាត់សង្គ្រាមដោយខ្លួនឯងរួចមកហើយ ដូចជា សម័យសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ និង សម័យខ្មែរក្រហម ក្រោមការដឹកនាំរបស់ ប៉ុល ពត ជាអាទិ៍។ ពេលឃើញសង្គ្រាមនៅអាហ្វហ្កានីស្ថាន ប្រជាជនខ្មែរខ្លះ បាននឹកភ្នកដល់សង្គ្រាមនៅកម្ពុជាក្នុងសម័យទាំង២នេះ និងសង្គ្រាមនាសម័យកាលមុនៗទៀត។

ពិភពលោក ហាក់កំពុងបន្ទោសអាម៉េរិកថា ដោយសារអាម៉េរិក ប្រញាប់ដកទ័ពចេញពីអាហ្វហ្កានីស្ថាន ទើបធ្វើឲ្យក្រុមឧទ្ទាមតាលីបង់ មានលទ្ធភាពខ្ពស់ ក្នុងការវាយយកប្រទេសអាហ្វហ្កានីស្ថាន ដែលជាប្រទេសរបស់ពួកគេខ្លួនឯង បានយ៉ាងឆាប់រហ័ស។ លើសពីនេះ ពេលក្រុមតាលីបង់ កំពុងមានប្រៀបខ្លាំងលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងត្រូវគេមើលឃើញថា ក្រុមតាលីបង់ នឹងយកជ័យជម្នះលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក៏អាម៉េរិក ដែលជាអ្នកជ្រោមជែ្រងរដ្ឋាភិបាលអាហ្វហ្កានីហ្ថានអស់ជាង២ទសវត្សរ៍ហើយនោះ នៅតែមិនព្រមលើកទ័ពទៅជួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែរ។

អាម៉េរិក បានត្រឹមតែយកយន្តហោះ និងកម្លាំងយោធា ទៅជម្លៀសមន្រ្តីការទូតនិងប្រជាជនរបស់ខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថានប៉ុណ្ណោះ។ ទង្វើនេះ បានធ្វើឲ្យមនុស្សខ្លះនៅជុំវិញពិភពលោក ស្រងាកចិត្តចំពោះអាម៉េរិក និងយល់ថា អាម៉េរិក មិនគួរឲ្យទុកចិត្ត។

ព្រឹត្តិការណ៍គួរឲ្យតក់ស្លុតបំផុតនោះ គឺប្រជាជនអាហ្វាហ្កានីស្ថាន ប្រឹងនាំគ្នារត់ឡើងយន្តហោះយោធារបស់អាម៉េរិក ដើម្បីភៀសខ្លួនពីក្រុមតាលីបង់។ ប្រជាជនអាហ្វហ្កានីស្ថានខ្លះ ដែលមិនបានចូលក្នុងយន្តហោះ សុខចិត្តតោងនៅខាងក្រៅយន្តហោះ។ តាមរយៈវីដេអូ ដែលត្រូវបានចែករំលែកស្ទើរពេញបណ្តាញសង្គម គេ ឃើញមានមនុស្ស ដែលតោងនៅខាងក្រៅយន្តហោះយោធាអាម៉េរិក បានធ្លាក់ពីលើយន្តហោះ នៅពេលយន្តហោះ ហោះឡើងខ្ពស់ពីដីរាប់រយម៉ែត្រទៅហើយ។ មិនទាន់មានព័ត៌មានលម្អិតថា មានមនុស្សតែម្នាក់ ឬមានលើសពីម្នាក់នោះទេ ដែលធ្លាក់ពីលើយន្តហោះយោធាអាម៉េរិកពីលើអាកាសមកដី។

អ្នកខ្លះ មិនបន្ទោសអាម៉េរិកឡើយ ដោយគិតថា ការមិនទៅជួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន គឺអាម៉េរិក មានហេតុផលបែបនេះឬបែបនោះ។ អ្នកខ្លះទៀត រំលើកគុណសម្បត្តិរបស់អាម៉េរិកថា អាម៉េរិក បានជួយគាំទ្រអាហ្វហ្កានីស្ថាន និងបានដាក់ទ័ពលើទឹកដីអាហ្វហ្កានីស្ថាន ដើម្បីការពាររដ្ឋាភិបាលប្រទេសនេះអស់ជាង២ទសវត្សរ៍មកហើយ។

ក្នុងអត្ថបទនេះ យើង មិនវែកញែកថា អាម៉េរិក គួរឲ្យទុកចិត្ត ឬមិនគួរទុកចិត្ត ស្មោះត្រង់ ឬមិនស្មោះត្រង់ កល្យាណមិត្ត ឬបាបមិត្តនោះទេ។ ពិភពលោក យល់យ៉ាងណាចំពោះអាម៉េរិក គឺទុកមួយអន្លើទៅចុះ។

ប៉ុន្តែ រឿងដ៏សំខាន់ ដែលយើង ត្រូវឈ្វេងយល់នោះ គឺលទ្ធផល ដែលអាហ្វហ្កានីស្ថាន កំពុងទទួលបាន។ តើការពឹងបរទេសស្ទើរទាំងស្រុង បានផ្តល់លទ្ធផលយ៉ាងណាចំពោះអាហ្វហ្កានីស្ថាននាពេលនេះ?

យើង មិនអាចពឹងផ្អែកលើបរទេសជ្រុលហួសហេតុពេក មិនអាចពឹងបរទេសអស់មួយជីវិត និង មិនអាចជឿទុកចិត្តបរទេស លើសពីជាតិសាសន៍ឯងឡើយ។ ជាសច្ចានុម័ត គ្មានរដ្ឋាភិបាលបរទេសណា គិតគូរពីខ្មែរ ជាងជាតិសាសន៍របស់គេនោះទេ។ 

អ្នកនយោបាយខ្មែរ គួរតែយល់ច្បាស់ហើយថា ការពឹងបរទេសដើម្បីកម្ចាត់ខ្មែរគ្នាឯង នៅទីបំផុត គឺខ្មែរទេ ដែលរងគ្រោះ ឯបរទេស មិននៅរងគ្រោះជាមួយយើងឡើយ។ ក្រោយឆ្លងកាត់ការកាប់ចាក់គ្នាហើយ យើង នៅតែរស់នៅលើទឹកដីតែមួយជាមួយគ្នាដដែល។ ទម្លាប់រត់ទៅពឹងបរទេស ដើម្បីនាំកម្លាំងមកធ្វើសង្គ្រាមជាមួយខ្មែរឯង  និងទម្លាប់យកបរទេសធ្វើជាខ្នងបង្អែក ដើម្បីទុកកម្ចាត់ខ្មែរឯង ត្រូវតែបោះបង់ចោល។

វិបត្តិខ្មែរ៥ឆ្នាំ ក្នុងសម័យសាធារណរដ្ឋខ្មែរ និងវិបត្តិខ្មែរជិត៤ឆ្នាំ ក្នុងរបបខ្មែរក្រហម គ្មានបរទេសណាមកជួយនោះទេ។ ចុងក្រោយ ប្រជាជនខ្មែរ រងទុក្ខអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ និងបាត់បង់ជីវិតមនុស្សជិត២លាននាក់ ក្នុងរបបខ្មែរក្រហម ទម្រាំតែរបបដ៏ខ្មៅងងឹតនេះ ត្រូវបានផ្តួលរំលំ។ បរទេសនិងអង្គការអន្តរជាតិ បានត្រឹមតែចេញសេចក្តីថ្កោលទោស ឬសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ ដោយមិនអាចធ្វើអ្វីឲ្យលើសពីនេះឡើយ។ បរទេស មិនត្រឹមតែមិនអាចជួយពន្លត់ភ្លើងសង្គ្រាមក្នុងសម័យខ្មែរក្រហមនោះទេ តែផ្ទុយទៅវិញ ពួកគេ នៅទទួលស្គាល់អាសនៈរបស់ខ្មែរក្រហមក្នុងអង្គការសហប្រជាជាតិថែមទៀត។

សង្គ្រាមស៊ីវិល អាចកើតឡើងដោយសារមូលហេតុធំៗ៥យ៉ាង គឺទី១ ដោយសារគំនុំ ទី២ ដោយសារការដឹកនាំមិនល្អរបស់រដ្ឋាភិបាល ទី៣ ដោយសារចង់បានអំណាច ទី៤ ដោយសារភាពជ្រុលនិយមលើមនោគមវិទ្យានយោបាយ និង ទី៥ ដោយសារភាពងប់ងល់នឹងជំនឿសាសនា។ ជួនកាល ត្រឹមតែមូលហេតុតែ១ ក្នុងចំណោមមូលហេតុទាំង៥នេះ ក៏អាចធ្វើឲ្យសង្គ្រាមស៊ីវិល កើតឡើងដែរ។

សង្គ្រាម អាចកើតឡើង ដោយសារក្រុមមនុស្សខ្លះ ធ្លាប់រងការឈឺចាប់ ធ្លាប់រងការប្រកាន់វណ្ណៈពីអ្នកដឹកនាំ អ្នកមានអំណាច អ្នកមានលុយ ដែលធ្វើឲ្យពួកគេ កើតចិត្តស្អប់ និងចងគំនុំ។

សង្គ្រាម អាចកើតឡើង ដោយសារក្រុមមនុស្សខ្លះ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលមិនល្អ នាំទៅរកភាពហិនហោច បង្កការឈឺចាប់ ការជិះជាន់ ភាពអយុត្តិធម៌ដល់ប្រជាជន ឬរដ្ឋាភិបាល ស្ថិតក្រោមបរទេស ដែលធ្វើឲ្យពួកគេ មិនអាចអត់ទ្រាំបាន។

សង្គ្រាម អាចកើតឡើង ដោយសារក្រុមមនុស្សខ្លះ មានមហិច្ឆតាចង់បានអំណាច និងចង់ដឹកនាំប្រទេសដោយខ្លួនឯង។

សង្គ្រាម អាចកើតឡើង ដោយសារក្រុមមនុស្សខ្លះ ប្រកាន់យកភាពដាច់អហង្ការថា លុះត្រាតែអនុវត្តតាមគំនិតនយោបាយរបស់ពួកគេ ទើបប្រទេស មានការរីកចម្រើន និងប្រជាជនបានសុខសាន្ត។ ពួកគេ ប្រឹងតស៊ូជាប់ជានិច្ច ដើម្បីបានដឹកនាំប្រទេសខ្លួនឯង និងអនុវត្តផែនការតាមគំនិតនយោបាយរបស់ពួកគេ។

សង្គ្រាម អាចកើតឡើង ដោយសារក្រុមមនុស្សខ្លះ ចង់បានការដឹកនាំប្រទេសតាមច្បាប់សាសនារបស់ពួកគេ ហើយពួកគេ មិនសុខចិត្តជាដាច់ខាត បើការដឹកនាំប្រទេស មិនព្រមអនុវត្តយ៉ាងតឹងរឹងតាមច្បាប់សាសនានោះ។

កម្ពុជា ធ្លាប់កើតសង្គ្រាមដោយសារមូលហេតុ៤ គឺដោយសារការចងគំនុំជាមួយខ្មែរគ្នាឯង ដោយសារយល់ថា ការដឹកនាំរបស់រដ្ឋាភិបាលមិនល្អ ដោយសារចង់បានអំណាចខ្លួនឯង និង ដោយសារភាពជ្រុលនិយមលើមនោគមវិទ្យានយោបាយបែបកុម្មុយនីស្ត។ មានតែសង្គ្រាម ដែលកើតឡើងដោយសារភាពងប់ងល់នឹងជំនឿសាសនាទេ ដែលកម្ពុជា មិនធ្លាប់មាន។

នៅអាហ្វហ្កានីស្ថាន សង្គ្រាម កើតឡើងក្រោមមូលហេតុ១ ក្នុងចំណោមមូលហេតុផ្សេងទៀត គឺភាពងប់ងល់នឹងជំនឿសាសនា។ ក្រុមឧទ្ទាមតាលីបង់ ដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍៩០ លើទឹកដីប្រទេសអាហ្វហ្កានីស្ថានខ្លួនឯង ដោយមានលោក មូឡា ម៉ូហាម៉ាដ អូម៉ា (Mullah Mohammad Omar) ជាស្ថាបនិក ត្រូវគេ ចាត់ទុកជាក្រុមអ៊ិស្លាមជ្រុលនិយម និងជាក្រុមភេរវកម្មដ៏គួរឲ្យព្រួយបារម្ភ។ ពេលបង្កើតឡើងក្នុងទសវត្សរ៍៩០ ក្រុមតាលីបង់ មានអាម៉េរិកនៅពីក្រោយ ដើម្បីប្រឆាំងនឹងកងទ័ពសូវៀតនៅលើទឹកដីអាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់ ធ្លាប់ដណ្តើមបានអំណាចដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានម្តងរួចមកហើយ នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១។ ពេលបានកាន់អំណាច ក្រុមតាលីបង់ ដាក់ឲ្យអនុវត្តច្បាប់តាមបែបសាសនាអ៊ិស្លាមយ៉ាងតឹងរឹង ដូចជា មិនអនុញ្ញតឲ្យមានសៀវភៅ និងខ្សែភាពយន្តរបស់ពួកលោកខាងលិចនៅលើទឹកដីអាហ្វហ្កានីស្ថាន បំផ្លាញចោលវប្បធម៌បរទេស ហើយស្រ្តី ត្រូវហាមមិនឲ្យធ្វើការងារក្រៅផ្ទះ និងមិនឲ្យសិក្សា ជាដើម។ ជាងនេះទៅទៀត ការដាក់ទោសប្រហារជីវិត និងការធ្វើទណ្ឌកម្ម ហាក់ក្លាយទៅជារឿងធម្មតានៅតាមទីសាធារណៈ។

នៅឆ្នាំ២០០១ ក្រុមតាលីបង់ ត្រូវបានទម្លាក់ចេញពីអំណាចវិញ ក្រោមស្នាដៃរបស់អាម៉េរិក។ តែពួកតាលីប់ង មិនសាបសូន្យឡើយ ដោយបន្ដរស់នៅតាមព្រៃភ្នំ និងតំបន់ផ្សេងៗ ហើយនៅបន្តវាយប្រហារជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនដាច់។ អាម៉េរិក អះអាងថា ការផ្តួលរំលំពួកតាលីបង់ គឺដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសសិទ្ធិស្រ្តី និងសិទ្ធិកុមារ។

ម្យ៉ាងទៀត ការផ្តួលរំលំពួកតាលីបង់ ព្រោះអាម៉េរិក យល់ថា ពួកតាលីបង់ ជាប់ពាក់ព័ន្ធជាមួយពួកអាល់កៃដា ដែលបង្កភេរវកម្មដ៏រន្ធត់មួយ ដោយបញ្ជាយន្តហោះ បើកបុកអគារភ្លោះនៅអាម៉េរិក ក្នុងឆ្នាំ២០០១ បណ្តាលឲ្យមនុស្សជិត៣ពាន់នាក់ បានបាត់បង់ជីវិត។ ចាប់តាំងពីពេលនោះមក អាម៉េរិក ដែលជាអ្នកគាំទ្រពួកតាលីបង់ បានក្លាយសត្រូវនឹងគ្នា ហើយអាម៉េរិក ក្លាយជាអ្នកគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថានវិញម្តង ក្រោយការផ្តួលរំលំពួកតាលីបង់។

២ទសវត្សរ៍ក្រោយ គឺនៅឆ្នាំ២០២១នេះ ក្រុមតាលីបង់ ក្រោមការដឹកនាំរបស់លោក ហ៊ីបាទុលឡា អាខុនហ្សាដា (Hibatullah Akhundzada) បានវិលមកម្តងទៀត។ ក្រុមតាលីបង់ ចាប់ផ្តើមកម្រើកយ៉ាងខ្លាំងក្លាឡើងវិញ និងចេញប្រយុទ្ធដោយបើកចំហជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ពីខែមេសា ឆ្នាំ២០២១មក គឺនៅពេលអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន សម្រេចដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ បើគិតទៅ គឺមានរយៈពេលប្រមាណតែ៤ខែប៉ុណ្ណោះ ក្រុមតាលីបង់ អាចវាយយកប្រទេសអាហ្វហ្កានីស្ថានទាំងមូល និងកំពុងរៀបចំដឹកនាំអាហ្វហ្កានីស្ថានម្តងទៀត។

រយៈពេល២០ឆ្នាំ គឺពីឆ្នាំ២០០១ ដល់ខែមេសា ឆ្នាំ២០២១ ទ័ពអាម៉េរិកជាង២,៤ពាន់នាក់ អ្នកជាប់កិច្ចសន្យាជាជនជាតិអាម៉េរិកជាង៣,៨ពាន់នាក់ ដែលទៅបម្រើការងារផ្សេងៗ ទ័ពពីអង្គការណាតូ-ពីបណ្តាប្រទេសដទៃជាង១,១ម៉ឺននាក់ ទ័ព-ប៉ូលិសរបស់អាហ្វហ្កានីស្ថាន៦,៦ម៉ឺននាក់ ប្រជាជនអាហ្វហ្កានីស្ថានជាង៤,៧ម៉ឺននាក់ អ្នកកាសែតជាង៧០នាក់ បានបាត់បង់ជីវិតលើទឹកដីអាហ្វហ្កានីស្ថាន ដោយសារសង្គ្រាមរវាងពួកតាលីបង់ និងរដ្ឋាភិបាលអាហ្វាហ្កានីស្ថាន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ ពួកតាលីបង់ និងកម្លាំងផ្សេងទៀត ដែលជាសត្រូវនឹងរដ្ឋាភិបាលអាហ្វហ្កានីស្ថានជាង៥,១ម៉ឺននាក់ បានស្លាប់។

ចំពោះចំនួនជាក់លាក់អំពីមនុស្សស្លាប់នៅអាហ្វហ្កានីស្ថាន ពីខែមេសាដល់ខែសីហា ឆ្នាំ២០២១នេះ នៅមិនទាន់មានរបាយការណ៍នោះទេ។ ប៉ុន្តែ អ្វី ដែលគេ បានដឹងនោះ គឺសេចក្តីគួរឲ្យអាណិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលកំពុងព្យាយាមចាកចេញពីប្រទេសរបស់ខ្លួន។ ប្រជាជនអាហ្វហ្កានីស្ថាន ដែលមិនបានភៀសខ្លួន កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចនឹងក្រុមតាលីបង់ ទោះបីជាក្រុមតាលីបង់ ប្រកាសលើកលែងទោសឲ្យប្រជាជនគ្រប់រូប និងប្រកាសពីការគោរពសិទ្ធិស្រ្តីក៏ដោយ។

មិនថានៅប្រទេសណានោះទេ ឲ្យតែសង្គ្រាមកើតឡើង ប្រជាជន ច្បាស់ជាជួបសេចក្តីវេទនា ហើយជាតិ ត្រូវរងនូវសេចក្តីវិនាសហិនហោច។ ប្រជាជនខ្មែរគ្រប់រូប ជាពិសេសមេដឹកនាំ និងអ្នកនយោបាយ មិនត្រូវឲ្យភាពជូរចត់ដោយសារសង្គ្រាម ដូចអតីតកាល វិលមកជាន់ដានចាស់ឡើយ៕

Tag:
 កម្ពុជា
  ប្រវត្តិសាស្រ្ត
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com