កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីនចាប់ផ្តើមសង់ផ្ទះឲ្យអត្តពលិក៤រូបដែលឈ្នះមេដាយអូឡាំពិកពីតូក្យូ
20, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ហ្វីលីពីនបានក្លាយជាប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ដែលជោគជ័យជាងគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដោយដណ្តើមបានមេដាយមាស១ជាប្រវត្តិសាស្ត្រ ប្រាក់២ និងសំរឹទ្ធ១។ ក្រៅពីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រដ្ឋាភិបាល បានអនុវត្តតាមការសន្យាខ្លួន ដោយចាប់ផ្តើមការដ្ឋានសាងសង់ផ្ទះសម្រាប់ជ័យលាភីទាំងនោះ។
 
ការដ្ឋានសាងសង់ The Olympic Lance ដែលប្រមូលផ្តុំដោយផ្ទះសម្រាប់ស្នាក់នៅរបស់ម្ចាស់មេដាយអូឡាំពិកហ្វីលីពីន បានបើកដំណើរនៅទីតាំងក្នុងក្រុង Tagaytay ហើយត្រូវបញ្ចប់រួចរាល់នាខែធ្នូ ខាងមុខ។ នេះបើតាមការអះអាងរបស់លោក Abraham Bambol Tolentino ប្រធានគណៈកម្មការជាតិអូឡាំពិកហ្វីលីពីន។


 
តាមការដកស្រង់របស់សារព័ត៌មាន Inquirer Net លោក Tolentino បានបញ្ជាក់ថា ផ្ទះនីមួយៗ ត្រូវចំណាយសាងសង់ក្នុងទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដោយមានបន្ទប់គេងពីរ បន្ទប់ក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងសហគមន៍កីឡា The Olympic Lance។
 
បើគិតចាប់តាំងពីបង្ហាញវត្តមាននៅអូឡាំពិកឆ្នាំ១៩២៤មក កីឡាការិនី Diaz Hidilyn បានក្លាយជាម្ចាស់កំណត់ត្រាប្រវត្តិសាស្ត្ររបស់ហ្វីលីពីន ដែលបានឈ្នះមេដាយមាសលើវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម។ ប្រាក់រង្វាន់ដែលនាងទទួលពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ឡើងដល់ខ្ទង់លានដុល្លារអាមេរិក។
 
ជ័យលាភីមេដាយ៣នាក់ទៀតដែលទទួលបានផ្ទះពីរដ្ឋាភិបាលនោះ រួមមានកីឡាករប្រដាល់ Paalam Carlo និងកីឡាការិនីប្រដាល់ Petecio Nesthy ដែលឈ្នះមេដាយប្រាក់ និងកីឡាករប្រដាល់ Marcial Eumir ដែលបានមេដាយសំរឹទ្ធ។
 
មកដល់ពេលនេះ ហ្វីលីពីន ទទួលបានមេដាយចំនួន១៤ហើយពីព្រឹត្តិការណ៍កីឡាអូឡាំពិកដែលក្នុងនោះមាស១ ប្រាក់៥ និងសំរឹទ្ធ៨៕
 



Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com