ជាតិ
សង្គមជាតិ
InterNations៖ កម្ពុជាជាប់លេខ៤ជាប្រទេសដែលរួសរាយរាក់ទាក់​ដាក់ជន​បរទេសជាងគេបំផុត
21, Aug 2021 , 8:59 pm        
រូបភាព
ដោយ: ធីតា
កម្ពុជាស្ថិតក្នុងចំណោម​ប្រទេស​ដែល​ស្វាគមន៍​រួសរាយ​បំផុត​សម្រាប់ជន​បរទេស (Most Welcoming Countries for Expats)  ។ នេះ​ជា​លទ្ធផលនៃការស្ទង់មតិរបស់គេហទំព័រ InterNations ដែលមានមូលដ្ឋាននៅ​ក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
 
ចាប់ផ្តើមពី​ខែមករា ដោយមានការចូលរួមពីមនុស្ស​ជាង​១២០០០នាក់ ដែលរស់នៅក្រៅប្រទេសកំណើតខ្លួន ការស្ទង់មតិ Expat Insider របស់ InterNations បង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់​លេខ​៤ បន្ទាប់ពីព័រទុយហ្គាល់ កោះតៃវ៉ាន់ និងម៉ិកស៊ិក។
 
ទោះ​ឆ្នាំ​២០២១ ដែលត្រូវបាន​ចាត់ទុកជាឆ្នាំដែលមិនមានភាពច្បាស់​លាស់​ដោយសារកូវីដ-១៩ ពលរដ្ឋ​កម្ពុជា​នៅ​តែ​អាកប្បកិរិយា​រួសរាយរាក់ទាក់ប្រកបដោយស្នាមញញឹម និងមិត្តភាពជាមួយពលរដ្ឋ​បរទេស។ ទឹក​ដីនៃស្នាមញញឹមនេះ ក៏ធ្លាប់​បាន​ចំណាត់ថ្នាក់​លេខ​៤ម្តងហើយ​កាលពី​ឆ្នាំ​២០១៧។
 
ការស្ទង់មតិ Expat Insider បង្ហាញថា ជន​បរទេស​ផ្តល់អត្រាពិន្ទុ​​៩៦ភាគរយ​កាយវិការ​រាប់អានប្រកបដោយមិត្តភាពពីសំណាក់​ពលរដ្ឋខ្មែរ ខណៈអត្រាពិន្ទុមធ្យមគឺ​ត្រឹមតែ​៧០ភាគរយប៉ុណ្ណោះ។ ជនជាតិអូស្ត្រាលីម្នាក់ បាន​អះអាងថា គេ​ពិតជាមាន​ការរីករាយ​ក្នុងការ​ភ្ជាប់ទំនាក់ទំនងជាមួយពលរដ្ឋមូលដ្ឋាន។
 
បើតាម InterNations ជន​បរទេស​លើស​៨នាក់​ក្នុងចំណោម​១០នាក់ ថា ពលរដ្ឋខ្មែរនៅមូលដ្ឋាន​ស្វាគមន៍ពួកគេខ្លាំង  ហើយ​៨៣ភាគរយ​ យល់ស្របចំពោះការ​លើកឡើង​ថា ពួក​គេងាយសម្របខ្លួន​ក្នុងការរស់នៅ​ក្នុងប្រទេសកម្ពុជា។ ជាមួយ​គ្នានេះ ៣៩ភាគរយ អះអាងថា នៅកម្ពុជា មានអារម្មណ៍ដូចជានៅប្រទេសកំណើត​របស់ខ្លួន​យ៉ាងដូច្នោះដែរ។


 
សម្រាប់ឆ្នាំនេះ ព័រទុយហ្គាល់​បាន​ឡើងពី​ចំណាត់ថ្នាក់​លេខ​៩ ទៅឈរលើកំពូល​តារាង Most Welcoming Countries for Expats បន្ទាប់​មកកោះតៃវ៉ាន់ ម៊ិកស៊ិក កម្ពុជា បារ៉ែន កូស្តារីកា អូម៉ង់ កូឡុំប៊ី វៀតណាម និងកាណាដា​។ 
 
សម្រាប់ប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍​​ ហ្វីលីពីន​លេខ​១១ មីយ៉ាន់ម៉ាលេខ​១៨ ថៃលេខ​២០ ឥណ្ឌូណេស៊ីលេខ​២១ ម៉ាឡេស៊ីលេខ​២២ ​និងសិង្ហបុរីលេខ​៤០។
 
លទ្ធផល​ក៏បាន​បង្ហាញ​ផងដែរថា គូវែតជាប្រទេសដែលមាន​ការ​រាក់ទាក់ដាក់ជនបរទេសកម្រិតទាប​បំផុត ក្រៅពីនេះ មាន​អូទ្រីស ស្វីស សាធារណរដ្ឋឆែក ហ្វាំងឡង់ ដាណឺម៉ាក អារ៉ាប៊ីសាអូឌីត ហុងគ្រី អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស៕ 

© រក្សាសិទ្ធិដោយ thmeythmey.com