សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រីអ៊ូហ្កង់ដា Mariam តស៊ូចិញ្ចឹម​កូនបង្កើត​៣៨នាក់ ក្រោយស្វាមី​បោះបង់ចោលគ្រួសារ​
22, Aug 2021 , 9:59 am        
រូបភាព
ដោយ: ធីតា
ស្ត្រីជនជាតិអ៊ូហ្កង់ដា Mariam Nabatanzi ត្រូវបានឪពុក​ចាត់ចែងពីរឿងគូស្រករ​តាំងពីទើបកើតមកម្ល៉េះ។ ចូល​ដល់វ័យ១២​ឆ្នាំ នាង​បាន​រៀបការ ហើយមួយឆ្នាំក្រោយមក​ នាង​ក៏មានកូន។ «ជីវិតអាពាហ៍ពិពាហ៍​របស់ខ្ញុំ គ្មានពន្លឺឡើយ លើកលែង​តែ​កូនៗខ្ញុំប៉ុណ្ណោះ»។ Mariam បានលើកឡើងយ៉ាងដូច្នេះក្នុងវីដេអូឯកសាររបស់ទូរទស្សន៍រុស្ស៊ី RT។
 
ស្វាមី​ដែលមាន​អាយុ​បងនាងជាច្រើនឆ្នាំ តែងតែមានស្រីក្រៅ ហើយថែមទាំងយកទៅផ្ទះទៀតផង ប៉ុន្តែ Mariam មិន​ចាកចេញឡើយ ពីព្រោះ​ក្នុងជីវិត​ចង់មាន​ស្វាមីតែម្នាក់គត់។ បន្ទាប់ពីបង្កើត​បានកូន​ភ្លោះបីលើកជាប់គ្នា Mariam បាន​សុំឲ្យវេជ្ជបណ្ឌិត​ជួយ​ដល់ខ្លួន ព្រោះគាត់មិន​ចង់បាន​កូនទៀតឡើយ ប៉ុន្តែពេទ្យ​បានអះអាងថា ជួយមិនបាននោះទេ ដោយអះអាងគាត់មាន​កោសិកាស៊ុតច្រើន ដែលត្រូវបន្ត​សម្រាល​កូន បើមិនដូច្នោះទេ ប្រឈម​គ្រោះថ្នាក់ដល់ជីវិត រីឯការប្រើថ្នាំពន្យាកំណើត និងមធ្យោបាយផ្សេងៗ សុទ្ធតែធ្វើឲ្យគាត់ឈឺចាប់ក្នុងខ្លួន។

 
 
សរុបមក អ្នក​ស្រី Mariam បង្កើតកូន​ចំនួន​១៥លើក និងមានកូន​៤៤នាក់ ហើយបច្ចុប្បន្ន​នៅ​រស់៣៨នាក់​។ ការ​សម្រាលម្តងៗ គឺមានភ្លោះពីរ ភ្លោះបី និងភ្លោះ៤ លើកលែង​តែកូនពៅម្នាក់ប៉ុណ្ណោះដែលមិនមែនជាកូនភ្លោះ​។ ក្រោយរួមរស់នៅជាមួយគ្នាជាង២០ឆ្នាំ ស្វាមីបាន​ចាកចេញពីគ្រួសារ ដែលធ្វើឲ្យស្ត្រីរូបនេះ ក្លាយជាស្ត្រីមេម៉ាយដែលត្រូវ​តស៊ូចិញ្ចឹម​កូនរហូតដល់​៣៨នាក់។
 
បច្ចុប្បន្ន អ្នកស្រី Mariam រស់នៅជាមួយកូនៗនៅភូមិ Kasawo ប្រទេសអ៊ូហ្កង់ដា។ ផ្ទះរបស់គាត់គឺសម្រាប់តែ នៅប៉ុណ្ណោះ ស្ទើរតែគ្មាន​ការតុបតែងសង្ហារឹមអ្វីនោះឡើយ ម្យ៉ាងវិញទៀត ស្ត្រីមេម៉ាយរូបនេះ ត្រូវ​ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកូនៗ ជាពិសេស​ការរៀនសូត្ររបស់ពួកគេ។
 
ឈានចូល​ដល់​វ័យ៤០​ឆ្នាំ អ្នកស្រី Mariam បាន​បញ្ជូន​កូន​ជាង​១០​នាក់ហើយ​ទៅ​សាលា​រៀន។ ជីវិត​គាត់​ត្រូវបាន​ម្តាយ​រត់ចោលតាំងពីតូច ហើយ​ខ្វះការថ្នាក់ថ្នមពីឪពុក និងមិនបាន​ចូល​សាលារៀន​។ អ្នកស្រីមិនចង់ឲ្យកូន​ៗឆ្លង​កាត់​ស្ថានភាពបែបនេះដូចខ្លួននោះឡើយ។
 
«ខ្ញុំ​រីករាយ​ណាស់​ដែល​កូន​ៗស្រី​របស់ខ្ញុំ ទទួលបាននូវការអប់រំ ពីព្រោះខ្ញុំខ្លួនឯងបាន​បាត់បង់ឱកាសទាំងនោះ។ ទោះបីខ្ញុំអវិជ្ជា ប៉ុន្តែខ្ញុំនៅតែព្យាយាម​ចិញ្ចឹម និងថែទាំកូន​ខ្ញុំ»។ នេះជាការរៀបរាប់របស់អ្នកស្រី Mariam ដែលប្រឹងប្រែងធ្វើការគ្រប់បែបយ៉ាង ដូចជាបោកខោអាវឲ្យគេ បិតស្រាថ្នាំ លក់បន្លែ និង​ផ្សំឱសថបុរាណ​ជាដើម៕
 






Tag:
 អ៊ូហ្កង់ដា
© រក្សាសិទ្ធិដោយ thmeythmey.com