សិល្បៈអន្តរជាតិ
អន្តរជាតិ
៣០ឆ្នាំក្រោយមក ទារកក្នុងអាល់ប៊ុមប្តឹងក្រុមចម្រៀងដែលយករូបអាក្រាតខ្លួនធ្វើអាជីវកម្ម
26, Aug 2021 , 7:29 pm        
រូបភាព
ដោយ: ធីតា
កាលពីឆ្នាំ១៩៩១ ទារក Spencer Elden ក្លាយជារូបតំណាងនៃគម្របអាល់ប៊ុមបទចម្រៀង «Nevermind» របស់ក្រុមតន្ត្រីរ៉ុកអាម៉េរិក Nirvana។ ៣០ឆ្នាំក្រោយមក ម្ចាស់រូប បានដាក់ពាក្យបណ្តឹងប្រឆាំងក្រុមតន្ត្រីពីបទកេងប្រវ័ញ្ចផ្លូវភេទ និងរំលោភច្បាប់សហព័ន្ធស្តីពីអំពើអាសលើកុមារ។


នៅថ្ងៃទី២៤ ខែសីហា លោក Spencer Elden ដែលមានអាយុ៣០ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅក្រុងញូវយ៉ក ប្រឆាំងក្រុមតន្ត្រី Nirvana ដែលមានសមាជិកមួយចំនួនដូចជា Dave Grohl, Krist Novoselic និង Pat Smear ក៏ដូចជាអ្នកថតរូប Erik Weddle និងម្ចាស់កម្មសិទ្ធិកាតាឡុកតន្ត្រីមួយចំនួន។



ក្នុងពាក្យបណ្តឹងរបស់ខ្លួន Elden បានទាមទារជំងឺចិត្ត ១៥ម៉ឺនដុល្លារអាមេរិក ពីរាល់អ្នកពាក់ព័ន្ធ ដោយគេបានហៅថា «ការសងការខូចខាតពេញមួយជីវិត» (Lifelong Damages)។

កាលពី៣០ឆ្នាំមុន ទារក Elden ដែលមានអាយុត្រឹម៤ខែ ត្រូវបានយកទៅថតក្នុងអាងទឹកទាំងអាក្រាតហើយថែមទាំងបញ្ចេញឲ្យឃើញប្រដាប់ភេទផងដែរ។ រូបនេះ ថតដោយលោក Weddle ដែលជាមិត្តភក្តិឪពុករបស់ Elden ផ្ទាល់។

យោងតាមការផ្សាយរបស់ Variety ឪពុករបស់ Elden ទទួលបានសំណើពី Weddle ទាក់ទងនឹងការថតរូបនេះ ដោយបានឲ្យថ្លៃចំនួន២០០ដុល្លារអាមេរិក។ ក្រោយមក រូបថតរបស់ Elden បានលេចឡើងនៅក្នុងអាល់ប៊ុមបទចម្រៀង «Nevermind» ហើយបានលក់ដាច់ជាង១០លានបន្ទះ។



នៅក្នុងពាក្យបណ្តឹង ទាំង Elden ទាំងស្មារក្តីរបស់ខ្លួន សុទ្ធតែបានអះអាង មិនដែលធ្លាប់មានការចុះហត្ថលេខាណាមួយទាក់ទងនឹងការផ្តល់សិទ្ធិឲ្យ ប្រើប្រាស់រូបសម្រាប់គម្របអាល់ប៊ុម បទចម្រៀង នោះឡើយ។

បើតាមសារព័ត៌មាន Pitchfork លោក Elden ក៏ធ្លាប់បង្ហាញពីការពេញចិត្តពេញថ្លើមនឹងភាពល្បីល្បាញរូបភាពខ្លួនផងដែរ ដោយពេលខ្លះគេបានកាត់តរូបភាពខ្លួនកាលនៅជាទារក និងពេលពេញវ័យ ហើយក៏ធ្លាប់សាក់ពាក្យ «Nevermind» នៅលើដើមទ្រូងរបស់ខ្លួនផងដែរ។

ប៉ុន្តែពេលកាន់តែធំពេញវ័យ ស្រាប់តែ បុរសរូបនេះ បានផ្លាស់ប្តូរគំនិត ហើយតែងតែបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់ខ្លួននៅក្នុងបទសម្ភាសនានា ដោយបានចាត់ទុកខ្លួនថា ជាអ្នកដែលរងការកេងប្រវញ្ចផ្លូវភេទ ម្នាក់យ៉ាងដូច្នោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com