ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុននាវាStrovolos​ បដិសេធ ថា មិនបានលួចដឹកប្រេងកម្ពុជា ជិត៣០ម៉ឺនបារ៉ែលនោះឡើយ
27, Aug 2021 , 2:06 pm        
រូបភាព
នាវាMT-Strovolos ដែលចូលចតនៅប្រទេសប្រទេសឥណ្ឌូណេស៊ី។ រូបថត៖ World Tankers Management
នាវាMT-Strovolos ដែលចូលចតនៅប្រទេសប្រទេសឥណ្ឌូណេស៊ី។ រូបថត៖ World Tankers Management
ភ្នំពេញ៖ ក្រុមហ៊ុន World Tankers Management ដែលគ្រប់គ្រងលើនាវា ​MT Strovolos បានចេញមុខបដិសេធលើអំពីលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ចេញពីដែនទឹកកម្ពុជា។ លើសពីនេះ ក្រុមហ៊ុននេះបានទាមទារឱ្យរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ដោះលែង​នាវិក​របស់ខ្លួនមកវិញ ​បន្ទាប់ពី​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី ​បានចាប់រឹបអូស​នាវា​ MT Strovolos ​ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា។
 
ក្រោយ​ពី​​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​បានចាប់រឹបអូស​បាននាវា​MT Strovolos ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជានោះ ក្រុមហ៊ុនWorld Tankers Management បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៥ សីហា បានបញ្ជាក់ថា នាវា MT Stro​vo​los ដែលនៅលើដែនទឹករបស់ឥណ្ឌូនេស៊ី គឺធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ 
 
មូលហេតុដែលនាវា MT Strovolos ដឹកប្រេងជិត៣០ម៉ឺនបារ៉ែលនោះចេញពីកម្ពុជា ដោយយល់ថា ប្រេងទាំងនោះ គឺជាកម្មសិទ្ធិរបស់ម្ចាស់កិច្ចសន្យាជាមួយនាវាកន្លងមក។ ប៉ុន្តែ ក្រោយពីម្ចាស់កិច្ចសន្យាដែលជាក្រុមហ៊ុន KrisEnergy នោះ មិនបានបង់ថ្លៃជួលនាវាដឹកប្រេងឆៅនេះ ក៏ក្រុមហ៊ុនWorld Tankers Management បានបញ្ជាឱ្យនាវា MT Stro​vo​los និងក្រុមនាវិក ធ្វើដំណើរទៅដែនសមុទ្រប្រទេសថៃ ដើម្បីឈប់ចាក់ប្រេង ហើយបន្តដំណើរទៀត។ 
ក្រុមហ៊ុន World Tankers Management បន្តរៀបរាប់ថា ខណៈនាវា MT Strovolos ឈប់ នោះ ក្រុមនាវិកត្រូវបានផ្លាស់ប្តូរនិងស្នាក់នៅប្រទេសថៃយូរថ្ងៃមកហើយ។ នៅទីនោះ កងទ័ពជើងទឹកថៃក៏បានឱ្យក្រុមនាវិកឡើងគោក តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា តែមិនបានឃាត់ខ្លួនពួកគេឡើយ ដោយអនុញ្ញាតឱ្យពួកគេបន្តដំណើរទៅមុខទៀតបាន។ លុះធ្វើដំណើរដល់នៅដែនសមុទ្រប្រទេសឥណ្ឌូណេស៊ី នាវាដែលដឹកប្រេងរបស់កម្ពុជានោះ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរឹបអូស និងឃាត់ខ្លួនក្រុមនាវិកតែម្ដង។ 
 
ក្រុមហ៊ុន World Tankers Management  បានលើកឡើងថា ការចាប់រឹបអូសនាវា និងឃាត់ខ្លួនក្រុមនាវិកពីសំណាក់អាជ្ញាធរឥណ្ឌូណេស៊ី និងការចោទប្រកាន់របស់អាជ្ញាធរកម្ពុជាពីការលួចដឹកប្រេងឆៅនេះ គឺជារឿងមិនត្រឹមត្រូវ។ ក្រុមហ៊ុនបានសម្តែងការព្រួយបារម្ភអំពីក្រុមនាវិករបស់ខ្លួន បន្ទាប់ដឹងថា រដ្ឋាភិបាលកម្ពុជាបានស្នើសុំដល់ប៉ូលីសអន្តរជាតិអាំងទែប៉ូល ឱ្យបញ្ជូនក្រុមនាវិកនៃនាវានេះទៅកម្ពុជា។
 
បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង(AFP) អាជ្ញាធរឥណ្ឌូណេស៊ី រឹបអូសនាវាដឹកប្រេងកម្ពុជា និងឃាត់ខ្លួនក្រុមនាវិកនោះបាន កាលពីថ្ងៃទី២៧កក្កដា ឆ្នាំ២០២១។ នាវិកដែល​កងទ័ពជើងទឹកឥណ្ឌូណេស៊ី ឃាត់បានសរុប១៩នាក់ដោយនៅក្នុងនោះ មាននាវិក១៣នាក់ ជាជនជាតិឥណ្ឌា, ៣នាក់ជាជនជាតិបង់ក្លាដែស និងមាន៣នាក់ទៀត ជាជនជាតិមីយ៉ាន់ម៉ានៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជៀប សួរ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាសារព័ត៌មានThmeyThmey តាមទូរសព្ទយ៉ាងខ្លីថា  បច្ចុប្បន្នកម្ពុជាកំពុងស្នើសុំប្រេងឆៅទាំងនោះមកវិញ៕
 
 

Tag:
 ​ ប្រេងឆៅ
© រក្សាសិទ្ធិដោយ thmeythmey.com