កីឡាអន្តរជាតិ
អន្តរជាតិ
១២ឆ្នាំក្រោយមក Ronaldo សម្រេចវិលចូល Man Utd វិញ
28, Aug 2021 , 12:39 pm        
រូបភាព
ដោយ: ធីតា
Manchester United និង Juventus កាលពីយប់ថ្ងៃទី២៧ ខែសីហា (ម៉ោងនៅកម្ពុជា) បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរ Cristiano Ronaldo ជាមួយលក្ខខណ្ឌផ្ទាល់ខ្លួន ទិដ្ឋការ និងវេជ្ជសាស្ត្រ។ ការសម្រេចនេះ មានន័យថា ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ វិលរកទ្រនំចាស់របស់ខ្លួន ក្រោយចាកចេញ១២ឆ្នាំ។
 
Ronaldo បានឈ្នះ Ballon d’Or ៥លើក និងឈ្នះពានធំៗជាង៣០ក្នុងអាជីពរបស់ខ្លួន រួមមាន Champions League ៥លើក FIFA Club World Cups ៤លើក និងលីគកំពូល៧លើកនៅអង់គ្លេស អេស្ប៉ាញ អ៊ីតាលី រួមទាំងព័រទុយហ្គាល់ ដែលជាប្រទេសកំណើតខ្លួន។
 
Manchester United បានប្រកាសស្វាគមន៍ Ronaldo តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន ដោយមុនពេលចាកចេញទៅកាន់ Real Madrid ក្នុងឆ្នាំ២០០៩ គេបានស៊ុតបាល់បញ្ចូលទី១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន២៩២ប្រកួត។
 
បិសាចក្រហម បានប្រកាសពីការទទួលបាន Ronaldo បន្ទាប់ពីការចរចារវាងកីឡាកររូបនេះ ជាមួយ Manchester Ciy មិនបានសម្រេច។ វាជាការខកចិត្តបន្តបន្ទាប់ផងដែរសម្រាប់ Man City ក្រោយបរាជ័យក្នុងការនាំយក Harry Kane ពី Tottenham Hotspur។
 
តាមរយៈបណ្តាញសង្គម Instagram របស់ខ្លួន Ronaldo បានប្រកាសលា Juventus ដែលគេបានចូលរួមកាលពីខែកក្កដា ឆ្នាំ២០១៨។ «ថ្ងៃនេះ ខ្ញុំចាកចេញពីក្លិបដ៏អស្ចារ្យ ក្លិបដ៏ធំបំផុតនៅអ៊ីតាលី និងជាក្លិបដ៏ធំមួយនៅទូទាំងអឺរ៉ុប។ ខ្ញុំបានផ្តល់គ្រប់បែបយ៉ាងសម្រាប់ Juventus និងខ្ញុំនឹងស្រឡាញ់ក្រុង Turin ជារៀងរហូត»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com