ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល៖«ខ្ញុំ ចង់ឃើញកូនខ្មែរ សង់ស្ពាន ធ្វើផ្លូវខ្លួនឯង»
31, Aug 2021 , 8:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានអ្នកខ្លះ ចូលរួមតាមអនឡាញ។
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានអ្នកខ្លះ ចូលរួមតាមអនឡាញ។
ក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ និងនិស្សិតជំនាន់ទី១នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជួន បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃអនាគត កម្ពុជា នឹងមានសមត្ថភាព អាចកសាងស្ពាន ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយខ្លួនឯងបាន តាមរយៈធនធានមនុស្ស ដែលកើតចេញពីវិទ្យាស្ថាននេះ

លោក ស៊ុន ចាន់ថុល ថ្លែងថា៖«ខ្ញុំកូរណា ខ្ញុំ ចង់ឃើញ កូនខ្មែរ ក្រុមហ៊ុនខ្មែរយើង សាងសង់ស្ពានឆ្លងទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ធ្វើផ្លូវក្រោមដី ។ល។ ថ្ងៃក្រោយ យើង ត្រូវតែមានលទ្ធភាព បច្ចេកទេស ចំណេះដឹងរបស់យើង អាចសាងសង់បាន»។ 
 
លោករដ្ឋមន្ត្រី បានរម្លឹកស្នាដៃរបស់បុព្វបុរសខ្មែរ ក្នុងការសាងសង់ស្ពាន និងប្រាសាទជាច្រើន ដែលមានអាយុកាលដល់ទៅរាប់រយឆ្នាំ ឬដល់ពាន់ឆ្នាំ។ ដូច្នេះ លោក ជំរុញឲ្យកូនខ្មែរបច្ចុប្បន្ន ពិសេសនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រឹងប្រែងរៀនសូត្រ ដើម្បីអាចមានលទ្ធភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯងដែរ។ 
 
រដ្ឋមន្រ្តីសាធារណការរូបនេះ យល់ថា កម្ពុជា មិនអាចពឹងបរទេសរហូតឡើយ ក្នុងការសាងសង់ស្ពាន ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធនានា។ លោក បន្តថា ដោយសារបច្ចុប្បន្ន កម្ពុជា មិនទាន់មានបទពិសោធ ទើបត្រូវជួលក្រុមហ៊ុនបរទេស ឲ្យមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ 
 
លោក អះអាងថា ក្រសួងសាធារណការ នឹងបន្តខ្នះខ្នែងស្វែងរកគ្រូល្អៗទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស ដើម្បីយកទៅបង្រៀននិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន។ 
 
សូមរម្លឹកថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធ និងដាក់ឲ្យដំណើរការជាផ្លូវការ កាលពីដើមឆ្នាំ២០២១។ ការបង្កើតវិទ្យាស្ថាននេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញ និងបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ និងស្ពានជាដើម៕ 
 

Tag:
 ស៊ុន ចាន់ថុល
  ហេដ្ឋារចនាសម្ព័ន្ធ
  ស្ពាន
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com