ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿងលោក កឹម សុខា ត្រូវបន្តដល់ពេលណា?
02, Sep 2021 , 10:30 pm        
រូបភាព
លោក កឹម សុខា លើកដៃទៅកាន់អ្នកកាសែត ពេលលោក ដើរចេញពីផ្ទះ ចូលទៅក្នុងរថយន្ត ដើម្បីទៅចូលរួមសវនាការនៃតុលាការភ្នំពេញជាលើកដំបូង ដែលជំនុំជម្រះលើរូបលោក កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា លើកដៃទៅកាន់អ្នកកាសែត ពេលលោក ដើរចេញពីផ្ទះ ចូលទៅក្នុងរថយន្ត ដើម្បីទៅចូលរួមសវនាការនៃតុលាការភ្នំពេញជាលើកដំបូង ដែលជំនុំជម្រះលើរូបលោក កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០។ រូបពី AFP
ដោយ: ថ្មីៗ
គ្មានភាគីណា អាចផ្តល់ចម្លើយច្បាស់លាស់ឡើយថា សំណុំរឿងរបស់លោក នឹងត្រូវបញ្ចប់នៅពេលណា។ អ្វីដែលគេ អាចឮនោះ គឺសំណុំរឿងនេះ ត្រូវបញ្ចប់នៅពេលណា អាស្រ័យលើតុលាការ ជាអ្នកសម្រេច។


គិតចាប់តាំងពីលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ គឺមានរយៈពេល៤ឆ្នាំត្រឹម។ ថ្វីបើកន្លងទៅអស់រយៈពេល៤ឆ្នាំហើយក្តី តែសំណុំរឿងរបស់លោក នៅតែមិនទាន់អាចរកទីបញ្ចប់ឃើញ ហើយក៏គ្មានភាគីណាមួយ អាចអះអាងបានដែរថា សំណុំរឿងនេះ នឹងត្រូវបញ្ចប់នៅពេលណា។

អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់ថា ក្រុមមេធាវី គ្រោងនឹងពិភាក្សាគ្នា ដើម្បីស្នើសុំឲ្យតុលាការភ្នំពេញ ទម្លាក់បទចោទចេញពីលោក កឹម សុខា។ មិនខុសពីលើកមុនៗឡើយ អ្នកស្រី នៅតែនិយាយថា លោក កឹម សុខា ពុំបានប្រព្រឹត្តកំហុសណាមួយចំពោះប្រជាជន និងប្រទេសជាតិនោះទេ ហើយការចោទប្រកាន់លោក គឺជារឿងអយុត្តិធម៌។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រីមេធាវី មានប្រសាសន៍ថា៖«យើង មិនទាមទារឲ្យបន្តបើកសវនាការអីទៀតទេ ព្រោះយើង ធ្លាប់ទាមទារច្រើនមកហើយ។ យើង នឹងស្នើឲ្យទម្លាក់បទចោទតែម្តង»។

ច្បាប់កម្ពុជា មានចែងអំពីរយៈពេលនៃការស៊ើបសួរលើសំណុំរឿង។ ក្នុងបទឧក្រិដ្ឋ ចៅក្រមស៊ើបសួរ មានរយៈពេលយ៉ាងយូរ១ឆ្នាំ គឺត្រូវបញ្ចប់ការស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ បើរយៈពេល១ឆ្នាំ មិនទាន់អាចបញ្ចប់ការស៊ើបសួរ ចៅក្រមស៊ើបសួរ មានសិទ្ធិពន្យារពេលកន្លះឆ្នាំទៀត ដើម្បីបន្តការស៊ើបសួរ។ ចៅក្រមស៊ើបសួរ មានរយៈពេលសរុបដល់ទៅ១ឆ្នាំកន្លះ ដើម្បីស៊ើបសួរលើសំណុំរឿងបទឧក្រិដ្ឋ។ ប៉ុន្តែ ដំណាក់កាលនៃការជំនុំជម្រះ មិនមានកំណត់ពេល ដូចដំណាក់កាលស៊ើបសួរឡើយ។

លោក សុក សំអឿន មេធាវីចាស់វស្សាម្នាក់ អះអាងថា ច្បាប់កម្ពុជា មិនទាន់មានចែងនោះទេថា តុលាការ ត្រូវជំនុំជម្រះលើសំណុំរឿងឲ្យចប់ ក្នុងរយៈពេលយូរប៉ុនណា។ ក្នុងន័យនេះ គឺតុលាការ អាចប្រើពេល ឬពន្យារពេលជំនុំជម្រះលើសំណុំរឿងណាមួយ ក្នុងរយៈពេលយូរប៉ុនណាក៏បាន។

លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«ស្រុកយើង អត់មានច្បាប់ចែង គឺសម្រេចតែលើតុលាការ»។

លោកមេធាវីរូបនេះ លើកឡើងថា យោងតាមសន្ធិសញ្ញាអន្តរជាតិផ្សេងៗ ការពន្យារពេលយូរបែបនេះ គឺជាការរំលោភបំពានសិទ្ធិរបស់ជនជាប់ចោទ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បកស្រាយថា ការពន្យារពេល់របស់តុលាការ ក្នុងការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា គឺមិនប្រាសចាកច្បាប់នោះទេ។

លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«សំខាន់តុលាការ មានហេតុផលតាមផ្លូវច្បាប់ ហើយការពន្យារនេះ ក៏អត់ខុសនីតិវិធីច្បាប់ដែរ ព្រោះថាលោក កឹម សុខា មិនបានស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ននោះទេ»។

លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការភ្នំពេញ មិនទាន់ទទួលព័ត៌មាននោះទេថា សំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវបន្តបើកសវនាការឡើងវិញនៅពេលណា ឬក៏ត្រូវពន្យារពេលតទៅទៀត។

មន្រ្តីផ្នែករដ្ឋបាលតុលាការរូបនេះ ឆ្លើយយ៉ាងខ្លីមកកាន់សារព័ត៌មានថ្មីៗថា៖«ចាំខ្ញុំ ឆែកមើលសិន ខ្ញុំ សួរទៅចៅក្រម [ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា] សិន»។

លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា បង្ហោះសារលើគណនីហ្វេសប៊ុកថា តុលាការ គួរតែបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ ចៀសវាងការពន្យារពេលដោយគ្មានកាលកំណត់។ លោក លើកទស្សនៈមួយថា កាលណាយុត្តិធម៌ ត្រូវបានពន្យារពេល ពេលនោះយុត្តិធម៌ ត្រូវបានបដិសេធសម្រាប់លោក កឹម សុខា។ លោក បន្ថែមថា ក្នុងរយៈពេល៤ឆ្នាំមកនេះ លោក កឹម សុខា តែងតែគោរពច្បាប់ និងបទបញ្ជារបស់តុលាការយ៉ាងខ្ជាប់ខ្ជួន។

នាយខុទ្ទកាល័យរបស់លោក កឹម សុខា បង្ហាញក្តីសង្ឃឹមថា៖«ករណីរបស់ឯកឧត្តម កឹម សុខា អាចត្រូវបានបញ្ចប់តាមផ្លូវតុលាការ ដោយផ្អែកតាមស្មារតីផ្សះផ្សារ និងបង្រួបបង្រួមជាតិរវាងខ្មែរ និងខ្មែរ»។

ទោះជាមិនមានចម្លើយជាក់លាក់ក្តី តែគេ អាចសន្និដ្ឋានថា សំណុំរឿងរបស់លោក កឹម សុខា ទំនងជាមិនអាចបញ្ចប់មុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ នោះទេ។ កាលពីខែកញ្ញា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បង្ហើបក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តីថា ករណីរបស់លោក កឹម សុខា អាចនឹងត្រូវអូសបន្លាយដល់ឆ្នាំ២០២៤ឯណោះ។ បើដូចសម្តីរបស់សម្តេចនាយករដ្ឋមន្រ្តីមែន លោក កឹម សុខា នឹងគ្មានវត្តមានម្តងទៀត សម្រាប់ការបោះឆ្នោត។ លុះត្រាតែដំណោះស្រាយនយោបាយណាមួយ នោះទេ លោក កឹម សុខា អាចមានសង្ឃឹមរួចផុតពីក្តីក្តាំនៅតុលាការ និងអាចមានឱកាសចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣។ 

ពេលចូលទៅចាប់លោក កឹម សុខា ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ច ក៏បានបញ្ជូនលោក ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលជាកន្លែងជិតព្រំដែនវៀតណាម។

ក្រោយជាប់ពន្ធនាគារបានប្រមាណ១ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ត្រូវបានអនុញ្ញាតឲ្យចេញពីពន្ធនាគារត្រពាំងផ្លុង ត្រឡប់ទៅរស់នៅជួបជុំគ្រួសារនៅរាជធានីភ្នំពេញវិញ ដោយនៅមានឈ្មោះជាជនជាប់ចោទ និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល ហើយលោក មិនអាចចេញឆ្ងាយពីបរិវេណគេហដ្ឋានឡើយ។

រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការ បានផ្តល់សិទ្ធិឲ្យលោក អាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តែនៅបិទសិទ្ធិលោក មិនឲ្យចេញទៅក្រៅប្រទេស និង មិនឲ្យធ្វើសកម្មភាពនយោបាយ។ លោក អាចជួបអ្នកណាក៏បាន តែហាមនិយាយរឿងនយោបាយ។

ឈានចូលខែមករា ឆ្នាំ២០២០ នៅតុលាការភ្នំពេញ បានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែ សវនាការនេះ ដំណើរការបានតែ២-៣ដងប៉ុណ្ណោះ ក៏ត្រូវតុលាការ ផ្អាកវិញ ចាត់តាំងពីពាក់ខែមីនា ឆ្នាំ២០២០មក ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។

មកដល់ខែកញ្ញា ឆ្នាំ២០២១នេះ មានរយៈពេលជិត១ឆ្នាំកន្លះហើយ ដែលតុលាការ ផ្អាកបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា។ ទោះក្រុមមេធាវីរបស់លោក និងអង្គការជាតិ-អន្តរជាតិ ទទូចឲ្យតុលាការ បើកសវនាការឡើងវិញក៏ដោយ ក៏តុលាការ មិនទាន់ព្រមបើកដែរ ដោយលើកហេតុផលដដែលៗថា ចាំជំងឺកូវីដ-១៩ធូរស្រាលសិន។

លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សម្រាប់រដ្ឋាភិបាល និងតុលាការ បទល្មើសរបស់លោក គឺស្ថិតក្នុងចំណោមអំពើក្បត់ជាតិ។

ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានចាប់ខ្លួន និងត្រូវចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ក្រោយពីការបែកធ្លាយវីដេអូលើបណ្តាញសង្គម ដោយវីដេអូនោះ បង្ហាញពីការថ្លែងសុន្ទរកថារបស់លោក តាំងពីឆ្នាំ២០១៣មកម្ល៉េះ នៅក្នុងប្រទេសអូស្រ្តាលី។ ក្នុងវីដេអូនោះ លោក និយាយថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ដូចជា សាស្រ្តាចារ្យនៅមេរិក ជាដើម ចាំជួយផ្តល់យោបល់ដល់លោក ក្នុងការរកវិធីផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com