ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ទទួលបានការសរសើរ ក្រោយមិនលក់បឹងនៅល្វាឯមឲ្យឯកជន
03, Sep 2021 , 2:11 pm        
រូបភាព
អាជ្ញាធរ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃបឹងវាលសំណាបនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុកឈ្មោះ សំឡេងសន្តិភាព Voice of Peace)
អាជ្ញាធរ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃបឹងវាលសំណាបនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុកឈ្មោះ សំឡេងសន្តិភាព Voice of Peace)
រដ្ឋាភិបាល អាចរក្សាទុកបឹងផ្សេងទៀត ដូចបឹងវាលសំណាបដែរឬទេ? មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល បកស្រាយថា បឹងនីមួយៗ មិនដូចគ្នាឡើយ ដោយបឹងខ្លះ ត្រូវរក្សាទុក ហើយបឹងខ្លះទៀត ត្រូវលុប។
 

អ្នក ដែលធ្លាប់រិះគន់រដ្ឋាភិបាល ដោយសារការលុបបឹង បែរជាមានចិត្តសរសើរ និងសាទររដ្ឋាភិបាលវិញម្តង ក្រោយឃើញរដ្ឋាភិបាល បដិសេធសំណើរបស់ក្រុមហ៊ុនឯកជន ដែលសុំទិញបឹងវាលសំណាបទំហំ១ពាន់ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។ ពួកគេ ជំរុញឲ្យរដ្ឋាភិបាល យកករណីបឹងវាសសំណាបធ្វើជាគំរូ ពោលគឺ បឹងធម្មជាតិផ្សេងទៀត ក៏មិនត្រូវលក់ឬលុបដែរ។ 
 
អ្នក ដែលបង្ហាញការសាទរទាំងនោះ មានអ្នកនយោបាយ មន្រ្តីសង្គមស៊ីវិល និង ប្រជាពលរដ្ឋទូទៅ ជាដើម។ ពួកគេ បានប្រើបណ្តាញសង្គម ពិសេសបណ្តាញសង្គមហ្វេសប៊ុក ក្នុងការសាទររដ្ឋាភិបាល។ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការបដិសេធសំណើសុំទិញបឹងវាលសំណាប ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម យកទៅបង្ហោះនិងចែករំលែកតៗគ្នា។ 
 
លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច៖«ការ​រក្សា​ទុក​បឹង​នៅ​ល្វាឯម​ គឺជា​ការ​សម្រេចចិត្ត​ដ៏​ប្រពៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំបាទ ​​សូម​គាំទ្រ​១០០ភាគរយ។ កន្លង​មក​ ខ្ញុំ​មាន​ការ​ខកចិត្ត​ខ្លាំង ​ដែល​បឹង​ជា​ច្រើន​កន្លែង​ត្រូវ​បាន​លុប​បំបាត់​ ដើម្បីមហិច្ឆតា​។ មាន​ពេល​មួយ​នោះ ​ខ្ញុំ​ចង់​សសេរ​ថា​ បើ​ទិញ​ផ្ទះ​ជាប់​បឹង​ មិន​ប្រាកដ​ថា​ នឹង​បាន​នៅ​ជាប់​មាត់​ទឹក​យូរ​អង្វែង​ទេ​។ បើ​ចង់​នៅក្បែរ​ទឹក​ សូម​កុំ​​ទិញ​ដី​នៅ​ក្បែរ​មាត់​បឹង​ សូម​ទិញ​ដី​នៅ​ក្បែរ​មាត់​ទន្លេ​ ពី​ព្រោះ​គេ ​មិន​ងាយ​លុប​ទន្លេ​បាន​ទេ»។
 
លោក មុត ចត្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ៖«ខ្ញុំ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងការអភិរក្សបឹងធម្មជាតិនៅស្រុកល្វាឯម ខេត្តកណ្តាល។ នេះជាការសម្រេចដ៏ត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សាធារណៈ និងសម្រាប់មនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍ពីបឹងធម្មជាតិ។ យើងសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល នឹងបន្តថែរក្សា និងអភិរក្សបឹងធម្មជាតិដទៃទៀត»។ 
 
គណបក្សខ្មែរតែមួយ៖«គណបក្សខ្មែរតែមួយ សូមគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចរក្សា និងអភិរក្សបឹងធម្មជាតិ នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីជាឧត្តមប្រយោជន៍សាធារណៈ និងសម្រាប់មនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍ពីបឹងធម្មជាតិ»។
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា ករណីបឹងនីមួយៗ គឺមិនដូចគ្នាឡើយ ពោលគឺ បឹងណា ត្រូវរក្សាទុក រដ្ឋាភិបាល នឹងរក្សាទុក តែបឹងណា ត្រូវលុប ដើម្បីយកដីអភិវឌ្ឍ បឹងនោះ នឹងត្រូវលុប ដោយចៀសមិនរួច។ លោក រម្លឹកថា ពីដើម ទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ គឺជាបឹង តែដោយសារការអភិវឌ្ឍ ទើបបឹងខ្លះ ត្រូវបានលុប។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការអភិវឌ្ឍ កាន់តែមានការវិវត្តទៅមុខ»។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បន្តថា មិនមែនតែរដ្ឋាភិបាលនោះទេ គឺប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវចូលរួមការពារបឹងធម្មជាតិ។ ចំពោះករណីបឹងវាលសំណាបនៅស្រុកល្វាឯម ដែលត្រូវរដ្ឋាភិបាល សម្រេចរក្សាទុក លោក បង្ហាញការយល់ឃើញថា ដោយសារបឹងនេះ ទាក់ទងនឹងប្រវត្តិសាស្រ្ត និងត្រូវអាជ្ញាធរ គាំពារបានល្អ ហើយម្យ៉ាងទៀត ក៏មានប្រជាពលរដ្ឋ កាន់កាប់តំបន់ខ្លះនៃបឹងនេះដែរ។ 
 
ក្រុមហ៊ុនឯកជនមួយ គឺ ក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ បានស្នើសុំទិញបឹងវាលសំណាប ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងបង្កើតហេដ្ឋារចនាសម្ព័នសំខាន់ៗផ្សេងទៀត។ ផ្ទៃបឹងវាលសំណាប មានទំហំសរុប១ពាន់ហិកតា ហើយក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ ស្នើសុំទិញទាំងមូលតែម្តង។ 
 
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតមួយជំនួសលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី ដើម្បីបញ្ជាក់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្នុងការរក្សាទុកបឹងវាលសំណាប។ លិខិតនោះ សរសេរថា៖«ត្រូវរក្សាទីតាំងដី ដែលក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ ស្នើសុំទិញនោះ ជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ។ ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឲ្យបានជ្រៅ ដើម្បីរក្សាទឹក»។
 
រដ្ឋាភិបាលកម្ពុជា រងការរិះគន់ពីមជ្ឈដ្ឋានទូទៅ និងអង្គការសង្គមស៊ីវិលជាច្រើនឆ្នាំមកហើយ ក្នុងរឿងលុបបឹង ឬលក់បឹងឲ្យក្រុមហ៊ុនឯកជន ពិសេសការលុបបឹងក្នុងរាជធានីភ្នំពេញ។ បញ្ហាចម្បងៗ ដែលអង្គការសង្គមសីវិល មើលឃើញពីគុណវិបត្តិនៃការលុបបឹងក្នុងរាជធានីភ្នំពេញ ដូចជា ការបង្កឲ្យមានជន់លិច និងការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលពីបឹងទាំងនោះ។
 
របាយការណ៍របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ បានឲ្យដឹងថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។
 
បច្ចុប្បន្ន បឹងតាមោកឬបឹងកប់ស្រូវ ត្រូវបានចាត់ទុកជាបឹងធម្មជាតិដ៏ធំចុងក្រោយរបស់រាជធានីភ្នំពេញ ដែលអង្គការសង្គមស៊ីវិល កំពុងបារម្ភពីការលុប។ មកដល់ពេលនេះ ផ្ទៃបឹងតាមោកជិត១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាល សម្រេចកាត់ទៅឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនជន។ ផ្ទៃបឹងតាមោក ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ មានទំហំសរុបជាង៣,២ពាន់ហិកតា៕ 
   
 

Tag:
 បឹងវាលសំណាប
© រក្សាសិទ្ធិដោយ thmeythmey.com