ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើឲ្យដោះលែងយុវជន សុវណ្ណច្ឆ័យ ដែលមានអាយុក្រោម១៨ឆ្នាំ
03, Sep 2021 , 5:39 pm        
រូបភាព
យុវជន កាក់ សុវណ្ណច្ឆ័យ ពេលត្រូវចាប់ខ្លួនលើកទី២ កាលពីចុងខែមិថុនា ឆ្នាំ២០២១។ (រូបពីគណនីហ្វេសប៊ុករបស់លោក ហូ វ៉ាន់)
យុវជន កាក់ សុវណ្ណច្ឆ័យ ពេលត្រូវចាប់ខ្លួនលើកទី២ កាលពីចុងខែមិថុនា ឆ្នាំ២០២១។ (រូបពីគណនីហ្វេសប៊ុករបស់លោក ហូ វ៉ាន់)
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រិះគន់តុលាការកម្ពុជា ពីការឃុំយុវជន កាក់ សវុណ្ណច្ឆ័យ ដែលជាអនីតិជន និងមានជំងឺអូទីហ្សឹម ហើយស្នើឲ្យដោះលែងយុវជននេះវិញ។ មន្រ្តីនៃស្ថាប័នយុត្តិធម៌ តបថា អ្វីៗ ដែលតុលាការធ្វើ គឺត្រឹមត្រូវទៅតាមច្បាប់។
  
 
ពីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៤រូបនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយបង្ហាញក្តីព្រួយបារម្ភ ចំពោះការចោទប្រកាន់ និងការឃុំយុវជន កាក់ សុវណ្ណច្ឆ័យ ដែលទើបមានអាយុ១៧ឆ្នាំ ហើយមានជំងឺអូទីហ្សឹមថែមទៀត។ លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ ក៏កំពុងជាប់ឃុំដែរ។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ស្នើឲ្យតុលាការកម្ពុជា ទម្លាក់បទចោទចេញពីយុវជន កាក់ សុវណ្ណច្ឆ័យ ហើយដោះលែងអនីតិជនរូបនេះ ឲ្យមានសេរីភាពឡើងវិញ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានលើកលិខិតូបករណ៍អន្តរជាតិ មកនិយាយថា៖«អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ ចែងថា ការចាប់ខ្លួន និងការឃុំខ្លួនកុមារ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយ និងសម្រាប់រយៈពេលខ្លីបំផុតប៉ុណ្ណោះ។ អនុសញ្ញានេះ ការពារសិទ្ធិកុមារក្នុងការបញ្ចេញមតិ និងការចូលរួមផងដែរ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស គឺមិនផ្អែកលើទិដ្ឋភាពច្បាប់កម្ពុជាឡើយ។ លោក បកស្រាយថា ចំណាត់ការរបស់តុលាការទៅលើយុវជន កាក់ សុវណ្ណច្ឆ័យ គឺប្រព្រឹត្តទៅតាមច្បាប់ទាំងស្រុង។ 
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«អនីតិជន ដែលមានអាយុចាប់ពីអាយុ១៤ឆ្នាំឡើងទៅ នៅតែត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ឲ្យតែគេ ស្រាវជ្រាវឃើញថា មានបទល្មើសកើតឡើង ហើយការបញ្ជាក់ថា កុមារនេះ មានអូទីហ្សឹមអីនោះ គឺខាងតុលាការ បានបញ្ជាក់ ដូចអត់មានលិខិតពេទ្យ ដែលបញ្ជាក់ថា អនីតិជនហ្នឹង មានអូទីហ្សឹមអីនោះទេ»។ 
 
លោក សំ សុគង់ មេធាវីរបស់យុវជន កាក់ សុវណ្ណច្ឆ័យ អះអាងថា សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមតាំងពីកំណើតមកម្ល៉េះ ហើយអ្នកជិតខាង សុទ្ធតែបានដឹងថា យុវជនរូបនេះ មានជំងឺអូទីហ្សឹម។ លោក ប្រាប់ថា ក្រុមគ្រួសារ ធ្លាប់យកសុវណ្ណច្ឆ័យ ទៅព្យាបាលដែរ តែឯកសាររបស់មន្ទីរពេទ្យ ពាក់ព័ន្ធនឹងការព្យាបាល យុវណ្ណច្ឆ័យ បានបាត់។ 
 
លោកមេធាវី បន្តថា យុវណ្ណច្ឆ័យ មានអាយុ១៧ឆ្នាំហើយ តែទើបនឹងរៀនថ្នាក់៧ប៉ុណ្ណោះ នៅវិទ្យាល័យផ្សារដើមថ្កូវ។ លោក បន្ថែមថា ពេលសមត្ថកិច្ច និងតុលាការ ហៅទៅសួរនាំ សុវណ្ណច្ឆ័យ ហាក់មិនយល់ពីអ្វីឡើយ ចំពោះការសួរនាំនោះ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«អ្នកជាប់ឃុំជាមួយ គេប្រាប់ខ្ញុំថា សុវណ្ណច្ឆ័យ មិនសូវដេកទេ គិតតែពីច្រៀង រំខានគេរំខានឯង ហើយជួនកាល មើលមេឃមើលផ្កាយតែម្នាក់ឯង។ លុយ ដែលម្តាយផ្ញើទៅឲ្យ ជួនកាលតែ១ថ្ងៃ អស់ហើយ គ្មានសល់ទេ។ បើមិនដោះលែងទេ ជំងឺគាត់ នឹងអាចកាន់តែធ្ងន់ធ្ងរ»។ 
 
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំង៤រូប នៃអង្គការសហប្រជាជាតិ ដែលចេញសេចក្តីថ្លែងការណ៍ជុំវិញសំណុំរឿងរបស់យុវជន កាក់ សុវណ្ណច្ឆ័យ រួមមាន លោក វិទិត មុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី អ៊ីរ៉េន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្ស និង អ្នកស្រី ថ្លាលេង ម៉ូហ្វូកេង (Tlaleng Mofokeng) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនគ្រប់រូប ក្នុងការទទួលបានស្តង់ដារខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្ត។   
 
យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនកាលពីចុងខែមិថុនា ឆ្នាំ២០២១ ក្រោមបទប្រមាថមន្រ្តីរាជការសាធារណៈ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ ការរងបទចោទទាំង២នេះ គឺដោយសារសុវណ្ណច្ឆ័យ និយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ដោយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ហើយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។
 
លោកមេធាវី សំ សុគង់ ផ្តល់ព័ត៌មានថា សំណុំរឿងរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានចៅក្រមស៊ើបសួរ បញ្ចប់ការស៊ើបសួរហើយ និងបានបញ្ជូនទៅជំនុំជម្រះ។ បើតាមលោកមេធាវី តុលាការភ្នំពេញ មិនទាន់កំណត់ពេលបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះទេ។ កន្លងមក លោក ធ្លាប់ស្នើឲ្យតុលការ ដោះលែងកូនក្តីរបស់លោក ដែលជាអនីតិជនរូបនេះ តែត្រូវបានបដិសេធ។ 
 
យុវជន កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដោយសារយុវជនរូបនេះ ចូលទៅក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ជាទីតាំង ដែលតុលាការបង្គាប់ឲ្យបិទ។ សមត្ថកិច្ច ឃាត់ខ្លួនយុវជនរូបនេះ ដោយសំអាងថា ខ្លាចបាត់របស់របរ និងសម្ភារផ្សេងៗក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ កាលនោះ សមត្ថកិច្ច ពុំបានបញ្ជូនយុវជនរូបនេះ ទៅតុលាការដូចលើកនេះឡើយ ដោយបានដោះលែងវិញ បន្ទាប់ពីសួរនាំរួច និងរកឃើញថា មិនមានបាត់សម្ភារអ្វីនៅក្នុងទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។ 
 
ឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោក កាក់ កុម្ភារ ជាប់ឃុំក្នុងពន្ធនាគារព្រៃស តាំងពីខែឧសភា ឆ្នាំ២០២០មក ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ 
 
ដោយឡែកអ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ គឺជាស្រ្តីម្នាក់នៃក្រុមស្ត្រីថ្ងៃសុក្រ។ ក្រុមស្រ្តីថ្ងៃសុក្រ តែងប្រមូលផ្តុំគ្នាម្តង នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យតុលាការដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគាត់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ។ 
 
កាលពីចុងមិថុនា ឆ្នាំ២០២១ ម្តាយរបស់សុវណ្ណច្ឆ័យ និងក្រុមស្រ្តីថ្ងៃសុក្រ បាននាំគ្នាយកញាត្តិទៅដាក់នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យដោះលែង សុវណ្ណច្ឆ័យ រួមទាំងស្វាមី និង សាច់ញាតិរបស់ពួកគាត់។ យ៉ាងណាក៏ដោយ គ្មានអ្នកណាម្នាក់ ត្រូវបានដោះលែង តាមរយៈការតវ៉ារបស់ក្រុមស្រ្តីថ្ងៃសុក្រឡើយ៕ 
 
 
 

Tag:
 កាក់ សុវណ្ណច្ឆ័យ
  ក្រុមសិទ្ធិមនុស្ស UN
© រក្សាសិទ្ធិដោយ thmeythmey.com