ជាតិ
ទិវាគ្រូបង្រៀន! រដ្ឋមន្ត្រី ចង់ឃើញសិស្ស​លើកទឹក​ចិត្តគ្រូខ្លួន​តាមរយៈគំនូរ និង​រូបភាពសិល្បៈផ្សេងៗ
04, Sep 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យសិស្សទាំងអស់​ លើកទឹកចិត្តគ្រូរបស់ខ្លួនតាមរយៈ​ការគូររូប និងរចនារូបភាពសិល្បៈ​គ្រប់ប្រភេទ ក្រោមប្រធាន​«គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង» ដើម្បីសាទរទិវាគ្រូបង្រៀន ​ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ។
 
 
លោក ហង់ជួន ណារ៉ុន បានជំរុញឲ្យសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលមានអាយុក្រោម១៩ឆ្នាំ ចូលរួមបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈផ្សេងៗ ដើម្បីលើកទឹកចិត្តគ្រូបង្រៀនរបស់ខ្លួន ក្នុងឱកាសទិវាគ្រូបង្រៀន​៥តុលា​។ 
 
«តាមរយៈប្រធានបទនេះ សិស្សានុសិស្សអាចបង្ហាញពីអនុស្សាវរីយ៍ ឬការចងចាំ ឬសកម្មភាព ដែលគ្រូបង្រៀនបានធ្វើចំពោះខ្លួន ដែលធ្វើឱ្យបំណងប្រាថ្នា សម្រាប់ថ្ងៃអនាគតរបស់ខ្លួនបានកកើតឡើង។ តាមរយៈស្នាដៃផ្ទាំងគំនូរ និងរូបភាពរចនាសិល្បៈទាំងនេះ សិស្សានុសិស្សអាចបង្ហាញពីគោលបំណងប្រាថ្នារបស់ខ្លួន នៅថ្ងៃអនាគត ហើយគោលបំណងប្រាថ្នាទាំងនោះ បានកើតឡើង ដោយសារការខិតខំប្រឹងប្រែពីការបង្រៀន ការណែនាំដាស់តឿនរបស់គ្រូបង្រៀន»។ នេះជាការរៀបរាប់របស់លោក រដ្ឋមន្ត្រីក្រសួងអប់រំ។ 
 
តាមរយៈគំនូរ និងរូបភាពដែលសិស្សានុសិស្សគូរ និងរចនាឡើងនេះ សិស្សទាំងអស់ អាចផ្ញើមកសាលារៀនរបស់ខ្លួន ឬក្រសួងអប់រំបាន ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួង ចំពោះម្ចាស់ស្នាដៃណា ដែលល្អជាងគេចំនួន១០នាក់​។ ពួកគេអាចផ្ញើស្នាដៃរបស់ខ្លួនមកសាលារៀន ឲ្យបានមុនថ្ងៃទី២៥ ខែកញ្ញា និងផ្ញើក្រសួងអប់រំផ្ទាល់ មុនថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឲ្យក្រសួងអប់រំរៀបចំកម្មវិធីពិព័រណ៍តាមអនឡាញ ដែលផ្សព្វផ្សាយលើផេកហ្វេសប៊ុក។ 
 
រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ស្នាដៃគំនូរ និងរូបភាពទាំងនោះ នឹងយកទៅចងក្រងធ្វើជាសៀវភៅអនុស្សាវរីយ៍ផងដែរ។ 
 
 
រដ្ឋមន្ត្រីក្រសួងអប់រំ​​ បានកំណត់លក្ខខណ្ឌ​សម្រាប់ឲ្យសិស្សានុសិស្ស ត្រូវ​ប្រើគូល័រទឹក ឬប្រេង ក្នុងការគូរគំនូរ។ ចំពោះការរចនារូបភាព ឬផ្ទាំងរូបភាព ត្រូវរចនាជាArt Poster ឬ Affiche នៅលើក្រដាសទំហំA3 ជាលក្ខណៈបញ្ឈរ ឬផ្តេក។ 
 
ក្រសួងអប់រំក៏អនុញ្ញាតឲ្យពួកគេ ប្រើប្រាស់រូបថតកែច្នៃជារូបភាពឌីជីថល និងរចនាជាផ្ទាំងអក្សរ Graffiti ឬរូបភាពDoodle Art។ រាល់ការគូរ និងរចនា សិស្សានុសិស្សគឺត្រូវតែសរសេរឈ្មោះ ថ្ងៃខែ ឆ្នាំកំណើត ទីកន្លែងកំណើត ឈ្មោះសាលារៀនរបស់ខ្លួន និងលេខទូរសព្ទរបស់ខ្លួន នៅខាងក្រោយនៃក្រដាស។  
 
សូមបញ្ជាក់ថា ទិវាគ្រូបង្រៀន៥តុលា​ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ១៩៩៧ ដោយឆ្នាំនេះគឺជាខួបទី២៤ឆ្នាំហើយ។ ទិវាគ្រូបង្រៀននេះត្រូវបានប្រារព្ធឡើង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សចំពោះគ្រូបង្រៀន​ដែលខិតខំបង្រៀនសិស្សឲ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អក្នុងសង្គម៕ 
 

Tag:
 គំនូរ
 ​ទិវាគ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com