COVID-19
ជាតិ
អ្នករត់រ៉ឺម៉កកង់បីនៅសៀមរាប ដូរអាជីពកាន់តែច្រើន
04, Sep 2021 , 7:59 pm        
រូបភាព
សៀមរាប៖ វិបត្តិជំងឺកូវីដ-១៩ បានបន្តអូសបន្លាយជាង២ឆ្នាំមកហើយ។ អ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប មួយចំនួនធំដែលធ្លាប់ពឹងលើវិស័យទេសចរណ៍ បានបាត់បង់របរ ដែលធ្លាប់ជាឆ្នាំងបាយដ៏សំខាន់សម្រាប់ពួកគេ។ បច្ចុប្បន្ន អ្នករត់រ៉ឺម៉កកង់បីទាំងនោះ បានផ្លាស់ប្ដូរមុខរបរកាន់តែច្រើន នឹងរំពឹងថា ស្ថានការណ៍នឹងល្អប្រសើរឡើងវិញឆាប់ៗ។
 
អតីតអ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប លោក រ៉ា ថាវី បានសម្រេចទៅរស់នៅរាជធានីភ្នំពេញ បន្ទាប់ពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ត្រូវគាំងដោយសារជំងឺកូវីដ១៩។ ការចាប់ផ្តើមអាជីពថ្មី នៅទីតាំងថ្មី មិនស្រួលប៉ុន្មានទេសម្រាប់លោក ថាវី តែលោកបានជំនះគ្រប់ឧបសគ្គដើម្បីគ្រួសារ។ 


 របរលក់គ្រឿងជ័រក្មេងលេងរបស់លោក រ៉ា ថាវី នៅភ្នំពេញ

សព្វថ្ងៃបុរសកូន២រូបនេះ មានរបរលក់សាច់គោ និងគ្រឿងជ័រក្មេងលេង។ លោកបន្ថែមថា៖« ឈប់រត់ហើយ ស្ថានភាព (រត់កង់បី) លំបាកមិនដូចពេលមុន កាលៈទេសៈកូវីដពិបាកខ្លាំង ពិសេសអ្នករត់កង់បី ដោយសារនៅសៀមរាប រកស៊ីបានតែទេសចរ បើអត់ទេសចរយ៉ាប់តែម្ដង»។


 លោក រ៉ា ថាវី ពេលដឹកភ្ញៀវទេសចរកម្សាន្តតំបន់អង្គរ មុនកូវីដ-១៩

ជាអ្នកស្រុកសូទ្រនិគម ខេត្តសៀមរាប លោក ថាវី បានចាប់ផ្តើមអាជីពជាអ្នករត់កង់បី នៅឆ្នាំ២០១៣។ ក្នុងរបរនេះ លោកទទួលបានទេសចរច្រើន តាមរយៈការផ្សព្វផ្សាយ និងកក់តាមបណ្ដាញសង្គមរបស់លោក។ ភ្ញៀវទាំងនោះមានច្រើនជាតិសាសន៍ និងច្រើនជាងគេគឺជនជាតិម៉ាឡេស៊ី។
 
ចំណែកលោក ហាន់ណាហ្វី វិញ ក៏សម្រេចទុករ៉ឺម៉កចោលនៅផ្ទះ និងធ្វើដំណើរទៅភ្នំពេញដើម្បីស្វែងរកការងារធ្វើ។ ដោយអស់សង្ឃឹម និងមិនរំពឹងការងាររត់កង់បីទៀតបានទៅសៀមរាប លោក ហាន់ណាហ្វី បានទៅភ្នំពេញនៅចុងខែ មីនា ឆ្នាំ២០២០ ដើម្បីស្វែងរកការងារធ្វើទៅតាមជំនាញ ដែលអាចធ្វើបាន ដើម្បីមានចំណូល ខ្លះៗ ដើម្បីផ្គត់ផ្គង់គ្រួសារ។ 


 លោក ហាន់ណាហ្វី ពេលនៅដឹកភ្ញៀវទេសចរមុនពេលមានកូវីដ-១៩

យ៉ាងណា​ ការស្វែងរកការងារធ្វើអំឡុងពេលនោះ មានការលំបាកខ្លាំងសម្រាប់លោក ហាន់ណាហ្វី ព្រោះក្រុមហ៊ុនភាគច្រើនជ្រើសរើសបុគ្គលិកនៅអាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ដូច្នេះមានការលំបាកសម្រាប់លោកដែលអាយុជិត៤០ឆ្នាំទៅហើយ។ លោកបន្ថែមថា៖«យើងក៏មានការពិបាក ក្នុងការស្វែងរកការងារធ្វើ អំឡុងពេលកូវីតផ្ទុះនៅទី ក្រុងភ្នំពេញ ខណៈមានការបិទខ្ទប់ អំឡុង ខែ៤ មុនចូលឆ្នាំខ្មែរ»។
 
លោកបន្តថា៖‍« យើងចំណាយពេលរៀបចំឯកសារ CV ដាក់តាម Online ដើម្បី បានទទួលបានការងារ ធ្វើ សម្ភាសការងារតាម online...ខ្ញុំគិតថា ត្រូវប្រើជីវិតធ្វើការរយៈពេលយូរ មិនក្រោម៣ទៅ៥ឆ្នាំទេ ដោយវិស័យទេសចរណ៍មិនងាយនឹងវិលត្រឡប់ដូចដើមនោះទេ»។
 
ទោះការងារថ្មី ពិបាកបន្ដិចសម្រាប់លោក ហាន់ណាហ្វី ដែលមានបិទពិសោធន៍ធ្វើការងារខ្លួនឯង តែលោកអរគុណចំពោះក្រុមហ៊ុនដែលលោកកំពុងធ្វើសព្វថ្ងៃ និងតែងរំលឹកខ្លួនជានិច្ចថា ត្រូវរីករាយ និងចេះស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ។
 
ងាកទៅមើលលោក ឆែម សាវុង ដែលមានរបរជាអ្នកដឹកភ្ញៀវតាំងពីឆ្នាំ ២០១១ មក ក៏ផ្លាស់ប្ដូរជាអ្នកដឹកម្ហូបវិញដែរ។ លោកបានផ្លាស់ប្ដូររបរថ្មី រយៈពេល៨ឆ្នាំមកហើយ ដោយមិនទាន់ដឹងថា អាចប្រឡូកក្នុងរបរចាស់ជាអ្នករត់កង់បីវិញនៅឡើយ។ មុនវិបត្តិជំងឺកូវីដ១៩ អ្នករត់កង់បី និងអ្នកស្រឡាញ់បរិស្ថានរូបនេះ ទទួលបានការកក់ពីភ្ញៀវជាហូរហែរ ពិសេសភ្ញៀវជនជាតិបារាំង។


 លោក ឆែម សាវុង ពេលដឹកភ្ញៀវទេសចរមុនជំងឺកូវីដ-១៩

ដ្បិតថា មានរបរជាអ្នកដឹកម្ហូប ថាស្ថានភាពនេះ មិនទាន់ល្អប្រសើរទេសម្រាប់គ្រួសារលោក ឆែម សាវុង។ ជីវភាពនៅតែលំបាក និងប្រឹងប្រែងរកថវិកាដើម្បីសងបំណុលធនាគារផង។ លោកបន្ថែមថា៖«​ របរនេះ បានម៉ាចាយ ផុតប្រផើយ រាល់ខែសងបំណុលធនាគារទៀត...រាល់ថ្ងៃឃើញអ្នករត់កង់បីច្រើនដែរ រត់ទៅធ្វើនេះធ្វើនោះ តាមតែអាចធ្វើបាន»។


 លោក ឆែម សាវុង ក្នុងរបរដឹកម្ហូបនៅក្រុងសៀមរាប

ទោះបីពេលនេះ អ្នករត់កង់បី បានផ្លាស់ប្ដូរមុខរបរក៏ដោយ តែការផ្លាស់ប្ដូរក្នុងនេះប្រហែលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ពួកគេទាំងនោះ នៅតែចិញ្ចឹមចិត្តចង់វិលត្រឡប់ទៅការងារចាស់វិញ ក្រោយកូវីដ១៩ស្ងប់ស្ងាត់។
 
លោក រ៉ា ថាវី ប្រាប់ថា នឹងត្រឡប់មករស់នៅសៀមរាបវិញ។ ចំណែកលោក ហាន់ណាហ្វី ក៏ដូចជា ដោយថា ចង់មានរបរខ្លួនឯង ជាជាងធ្វើការងារឱ្យអ្នកដទៃ ពិសេសបាននៅជួបជុំគ្រួសារនៅខេត្តសៀមរាប៕
 

Tag:
 រ៉ឺម៉កកង់បី
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com