ជាតិ
ផ្អាកចរាចរណ៍រយៈពេល២ខែ! អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាងចរាចរ
04, Sep 2021 , 3:57 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ រយៈពេល២ខែ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ព្រោះត្រូវសាងសង់ស្ថានីយបូមទឹកទំពន់បន្ថែម ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនៅតំបន់នោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលធានីភ្នំពេញ ដោយអំពាវនាវឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ត្រូវពង្វាងចរាចរ។

ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា អាជ្ញាធររាជធានីនឹងសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ១ម៉ែត្រ ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក៦ម៉ែត្រគូប ក្នុង១វិនាទី ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌមានជ័យ ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។ ការសាងសងនេះ នឹងកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន៣ខ្សែ នៅផ្នែកខាងក្រោមកំណាត់ផ្លូវលេខ៣៧១។
 
ទន្ទឹមនឹងនេះ អាជ្ញាធរអំពាវនាវដល់អ្នកដំណើរពីទិសដៅផ្លូវលេខ២៧១ ឆ្លងកាត់មកផ្លូវលេខ៣៧១ ត្រូវពង្វាង នឹងធ្វើចរាចរត្រង់តាមផ្លូវលេខ២៧១ ឆ្ពោះទៅទិសដៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២៧១។ ចំណែកឯ អ្នកដំណើរពីទិសផ្លូវលេខ២៧១ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរត្រង់តាមតម្រាយផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២៧១។ ចំពោះផ្លូវពង្វាងនេះ អាជ្ញាធរអនុញ្ញាតឱ្យចរាចរឆ្លងកាត់ តែរថយន្តធុនតូច និងទោចក្រយាន្តយន្ត សម្រាប់ពលរដ្ឋរស់នៅក្បែរទីតាំងការដ្ឋានប៉ុណ្ណោះ។ 
 
បន្ទាប់ពីសាងសង់រួច នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរ នឹងអនុញ្ញាតឱ្យមានការធ្វើចរាចរឡើងវិញធម្មតា៕
 

Tag:
 ផ្លូវលេខ៣៧១
© រក្សាសិទ្ធិដោយ thmeythmey.com