ជាតិ
លោក វណ្ណា មករា ប្រឹងបន្ត​ទៅ​មុខ​ក្នុងអាជីវកម្ម​ទេសចរណ៍ ព្រោះ​ជឿជាក់​​ថា ស្ថានភាព​នឹងវិលដូចដើម
05, Sep 2021 , 9:59 am        
រូបភាព
លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ
លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ វិបត្តិកូវីដ-១៩ បាន​ធ្វើឱ្យ​វិស័យទេសចរណ៍ជាប់គាំង។ សណ្ឋាគារ ភោជនីយដ្ឋាន និង​ម្ចាស់​អាជីវកម្មពាក់ព័ន្ធនឹង​វិស័យ​ទេសចរណ៍មួយចំនួន បាន​សម្រេចចិត្ត​បោះបង់របស់ក្នុង​វិស័យទេសចរណ៍។ ផ្ទុយពីម្ចាស់អាជីវកម្មទាំងនោះ លោក វណ្ណា មករា ជាសហគ្រិនថ្មីមួយរូប បែរជាសម្រេចចិត្តដំណើរការក្រុមហ៊ុន ទេសចរណ៍មួយ ក្នុងស្ថានភាពដ៏លំបាក ដើម្បី​ចូលរួម​លើកស្ទួយវិស័យ​ទេសចរណ៍​។ ក្នុងបទសម្ភាសន៍ ជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បុរសមានវ័យ ២​៧ឆ្នាំរូបនេះ អះអាងថា ដរាបណានៅមានដង្ហើម លោកនឹងបន្តដំណើរជាមួយវិស័យទេសចរណ៍ដែលពោរពេញដោយសក្តានុពល និងស្តាយធនធានមនុស្សដែលមានស្រាប់។
  

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក វណ្ណា មករា ដូចតទៅ៖
 

 
អតីតនិស្សិតជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបៀលប្រាយ មានស្រុកកំណើតនៅខេត្តតាកែវ លោក វណ្ណា  មករា បានប្រឡូកចូលក្នុងវិស័យនេះជាង៥ឆ្នាំមកហើយ។ លោក មករា បានចាប់ផ្តើមការងារ ពីបុគ្គលិកតូចតាច រហូតក្លាយជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនមួយ។ ក្រោយមានបទពិសោធន៍ការងារ លោក បានសម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយក្នុងស្ថានភាពដ៏លំបាកនេះ ឈ្មោះថា យូនីក ហូលីដេ។

 លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ

សហគ្រិនថ្មីក្នុង​វិស័យទេសចរណ៍រូបនេះ តែងដាក់ចិត្តធ្វើការងារ រៀនសូត្រពីចំណេះដឹងថ្មីៗ គ្រប់ផ្នែកនៅក្នុងក្រុមហ៊ុន និងព្យាយាមរក្សាទំនាក់ទំនងជាមួយបុគ្គលមានគុណភាពជានិច្ច។ លោក វណ្ណា មករា​ បញ្ជាក់ថា៖«សម្រេចចិត្តបើកក្រុមហ៊ុននេះ ព្រោះតែចិត្តស្រឡាញ់វិស័យទេសចរណ៍ខ្លាំង ចង់ផ្សព្វផ្សាយ ស្តាយធនធានមនុស្សដែលមាន មិនចង់ឱ្យបាត់បង់ ព្រោះមិនងាយកសាងបានភ្លាមៗទេ ខ្ញុំបានដាក់បេះដូងក្នុងវិស័យនេះទៅហើយ»។
 
បើតាមបុរសសម្បុរស្រអែមរូបនេះ មួយរយៈពេលចុងក្រោយនេះ ឥរិយាបថជនជាតិខ្មែរ ងាកមកចាប់អារម្មណ៍ជាមួយតំបន់ទេសចរណ៍ក្នុងប្រទេសច្រើន ព្រោះថា វិស័យនេះ មានសក្តានុពលវិសេសវិសាសណាស់ ដែលគួរតែរួមគ្នាជំរុញ និ លើកស្ទួយឱ្យខានតែបាន។ តាមរយៈចក្ខុវិស័យ ក្ដីស្រឡាញ់ និងការតាំងចិត្តយ៉ាងមុតមាំ បាន​ជំរុញឱ្យ​លោក មករា ប្រមូលដើមទុនដែលមានស្រាប់ និងបានខ្ចីប្រាក់ខ្លះពីសាច់ញាតិ ដើម្បីបន្តជីវិតអាជីវកម្មថ្មោងថ្មីមួយនេះ។

 លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ

កត្តាដែលធ្វើឱ្យ​ម្ចាស់ក្រុមហ៊ុនវ័យ ២៧ឆ្នាំរូបនេះ ហ៊ានដំណើរការក្រុមហ៊ុនទេសចរណ៍ក្នុង​បរិបទកូវីដ-១៩ គឺបទពិសោធន៍ក្នុងការដឹកនាំភ្ញៀវ និងការទំនាក់ទំនងល្អជាមួយភ្ញៀវ។ លើសពីនេះ ការសហការក្នុងក្រុម ការតស៊ូលំបាក និងរួមសុខរួមទុក្ខមួយគ្នា។ សហគ្រិនរូបនេះបាន លើកឡើងថា៖ «ធនធានមនុស្សក្នុងវិស័យនេះជាច្រើនបានចាកចេញទៅហើយ  តែអ្នកដែលស្មោះស្ម័គ្រមួយចំនួនរួមទាំងខ្ញុំ គឺមិនអាចចាកចេញបានទេ ព្រោះកូវីដមិនអមតៈឡើយ បើគ្រប់គ្នាចាកចេញអស់ តើវិស័យទេសចរណ៍ នឹងទៅជាយ៉ាងណា?»។
 
លោក វណ្ណា មករា រំពឹងថា នៅពេលដែលស្ថានភាពជំងឺនេះធូរស្បើយ វិស័យទេសចរណ៍ នឹងមានឱកាសច្រើន សំខាន់ត្រូវពង្រឹងសមត្ថភាពទាំងអស់គ្នាពីពេលនេះទៅ។ ទន្ទឹមនឹងនេះ លោកក៏លើកទឹកចិត្តដល់និស្សិត ដែលកំពុងសិក្សាជំនាញទេសចរណ៍ឱ្យខំប្រឹង​បន្តទៀត ព្រោះវិស័យនេះ កំពុងរង់ចាំអ្នកមានសមត្ថភាព។ បន្ថែមលើនេះ កុំបារម្ភរឿងគ្មានការងារធ្វើ ព្រោះរៀមច្បងជាម្ចាស់ក្រុមហ៊ុនជាច្រើន ចាំតែសហការជួយគ្នាផ្តល់ឱកាសសម្រាប់យុវជន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com