ជាតិ
សហគមន៍អន្លង់ផ្សោតព្រះរំកិល​ នឹងយកគ្រោង​ឆ្អឹងផ្សោតតាំងបង្ហាញភ្ញៀវទេសចរ
05, Sep 2021 , 2:05 pm        
រូបភាព
ដោយ:
សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កំពុងរៀបចំ​ផែនការស្នើសុំថវិកា ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសាងសង់ទីតាំងដាក់បង្ហាញគ្រោងឆ្អឹងសត្វផ្សោត ឱ្យទេសចរជាតិនិងអន្តរជាតិបានទស្សនា។ គម្រោងនេះ ​នឹងចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០២២។
 

លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល បានឱ្យសារព័ត៌មានថ្មីៗ២៥ដឹងថា ដោយសារវត្តមានសត្វផ្សោតនៅក្នុងសហគមន៍ព្រះរំកិល
ដែលជាសក្តានុពលមួយផ្នែកនៅក្នុងសហគមន៍នេះ កំពុងជួបបញ្ហាជិតផុតពូជ។ លោក វណ្ណា ថាជាការគ្រោងទុក អាចនឹងមានដាក់បង្ហាញពីប្រវត្តិដែលទាក់ទងនឹងសត្វកម្រប្រភេទនេះ​សម្រាប់ឱ្យអ្នកទស្សនាបានស្វែងយល់ផងដែរ។ ដូច្នេះគណៈកម្មការ និងក្រសួងទេសចរណ៍ មានគម្រោងរៀបចំតាំងបង្ហាញគ្រោងឆ្អឹងផ្សោត នៅសហគមន៍ដែលស្ថិតនៅ​អន្លង់​ផ្សោត​អូរឈើទាល ​ឃុំ​ព្រះរំកិល ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង។


 រូបភាពដោយលោក  ហឿន វិទ្យុជាតិ

លោក វណ្ណា បន្ថែមថា គ្រោងឆ្អឹងផ្សោតគឺជាសព​ផ្សោត​ញី​ទម្ងន់​ ១៨០ ​គីឡូក្រាម ​ប្រវែង​ ២៣០ ​សង់ទីម៉ែត្រ ដែលបានងាប់អំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅ។ បើតាម លោក វណ្ណា សហគមន៍នឹងរៀបចំកាត់ទូកញ្ចក់ ដើម្បីតម្កល់​គ្រោងឆ្អឹងផ្សោត និងមានជើងទម្រឱ្យខ្ពស់ផុតពីដី ។ « ខ្ញុំគិតថាសត្វផ្សោត អាចនឹងផុតពូជ ដូច្នេះសមាគន៍និងក្រសួងទេសចរណ៍ មានគម្រោងបង្កើតកន្លែងតាំងគ្រោងឆ្អឹងផ្សោត ទុកឱ្យភ្ញៀវដែលមកទស្សនានៅអន្លង់ផ្សោតព្រះរំកិល បានឃើញទម្រង់ ទោះបីជាពួកគេមិនអាចឃើញវា ហែលនៅក្នុងទឹកក្តី ក៏អាចមើលគ្រោងឆ្អឹងរបស់វាដែរ»។ នេះជាការបញ្ជាក់របស់លោក ផយ វណ្ណា។ 
 
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា
គម្រោងនៃការដាក់តាំងផ្សោតនេះ អាចជាផ្នែកមួយជួយទាក់ទាញទេសចរមក សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល។
 
ពិសេសក៏អាចជាផ្នែកមួយ ជួយផ្ដល់ចំណូលបន្ថែម សម្រាប់សហគមន៍ផងដែរ។ «ដ្បិតថាមិនទាន់ចេញជាលទ្ធផលណាមួយច្បាស់លាស់ ប៉ុន្ដែយើងក៏ទទួលបានការយល់ព្រម ផ្ដល់ជំនួយជាថវិកាពីក្រសួងទេសចរណ៍ សម្រាប់សហគមន៍នេះហើយដែរ។ សម្រាប់ដំណើរការ និងទឹកប្រាក់ អាចនឹងទទួលបាននៅឆ្នាំ២០២២»។
 
ជាមួយគ្នានេះ លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ក៏ សំណូមពរដលប្រជាពលរដ្ឋគ្រប់រូប ឱ្យជួយរួមបរិច្ចាគថវិកា ដើម្បីរួមចំណែកក្នុងគម្រោងនេះ ដោយសារសព្វថ្ងៃ សហគមន៍​មិនមានចំណូលគ្រប់គ្រាន់ សម្រាប់អនុវត្តលើគម្រោងនេះឡើយ៕
 
 
 
 

Tag:
 ​ស្ទឹងត្រែង
  ​​ឆ្អឹងផ្សោត
  ព្រះរំកិល
© រក្សាសិទ្ធិដោយ thmeythmey.com