ជាតិ
ក្រុមការងាររដ្ឋបាលភ្នំពេញ បន្តសិក្សា វាយតម្លៃពីចំនួនសាលាដែលអាចបើកឡើងវិញ
05, Sep 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ពីចំនួនសាលាដែលអាចបើកឡើងវិញ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។


លោក ម៉េត មាសភក្តី មិនទាន់បញ្ជាក់ពីតួលេខ នៃការបើកសាលាឡើងវិញឡើយ ដោយលោកអះអាងថា ក្រុមការងារកំពុងសិក្សា និងវាយតម្លៃពីលទ្ធភាពនៃការបើកដំណើរការសាលានេះ។  អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ដូច្នេះ៖ «ក្រុមការងារ កំពុងប្រជុំពិភាក្សាគ្នាសិន ប៉ុន្តែស្របជាមួយគ្នានេះ ក៏យើងត្រូវគិតគូពីបញ្ហាកូវីដ-១៩ ព្រោះនេះក៏ជាបញ្ហាចម្បងធំមួយ ដោយសារក្នុងទីតាំងសាលារៀននីមួយៗ មានការប្រមូលផ្ដុំប្អូនៗកុមារច្រើន។ មួយវិញទៀត ការអនុវត្តន៍វិធានការការពារនៅមានកម្រិត មិនដូចមនុស្សធំទេ អ៊ីចឹងយើងត្រូវគិតគូមែនទែន លើការសម្រេចឱ្យបើក»។ 
 
លោក ម៉េត មាសភក្តី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការវាយតម្លៃពីលទ្ធភាពនៃការបើកសាលាឡើងវិញនេះ គឺផ្ដោតសំខាន់លើសុវត្ថិភាពរបស់សិស្សគ្រប់រូប។«ការសិក្សាគឺសំខាន់ តែកត្តាសុវត្ថិភាពគឺកាន់តែសំខាន់ទៀត»។  
 
គួរជម្រាបថា  កាលពីថ្ងៃទី ៣១ ខែសីហា ក្រសួងអប់រំ បានកំណត់ឱ្យសាលាគ្រប់កម្រិតដែលនៅកន្លែងគ្មានហានិភ័យនៃជំងឺកូវីដ-១៩ បើកដំណើរការឡើងវិញ ដោយរៀបចំឱ្យមានសិស្សតិចជាង១៥នាក់ក្នុងមួយថ្នាក់ប៉ុណ្ណោះ។  
 
ការកំណត់បើកសាលានេះ មន្ទីរអប់រំ ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានីខេត្ត-ក្រុង ក្នុងការជ្រើសរើស និងវាយតម្លៃលើសាលា ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ ដោយត្រូវបង្កើតគណៈកម្មការគ្រប់គ្រង និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)។
 
កាលពីថ្ងៃទី២ ខែកញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកសាលារៀនឡើងវិញក្នុងក្របខណ្ឌរាជធានី។ ក្រុមការងារដឹកនាំដោយលោកផ្ទាល់ និងមានអភិបាលរង៦នាក់ជាអនុប្រធាន។
 
បណ្តាអភិបាលខណ្ឌ ទទួលបន្ទុកជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃនៅតាមមូលដ្ឋានរៀងៗខ្លួនៗ ខណៈលោក នួន ផារ័ត្ន អភិបាលរងរាជធានី ជាប្រធានក្រុមលេខាធិការដ្ឋានដែលមានភារកិច្ចសម្របសម្រួលការងាររដ្ឋបាល និងបូកសរុបរបាយការណ៍វឌ្ឍនភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com