អន្តរជាតិ
ក្នុងបរិបទកូវីដ-១៩ សាកលវិទ្យាល័យអង់គ្លេស និងអាមេរិក នៅតែមានចំណាត់ថ្នាក់ខ្ពស់គេបំផុត
05, Sep 2021 , 7:29 pm        
រូបភាព
ដោយ: ធីតា
University of Oxford បានគ្រប់គ្រងកំពូលតារាង៦ឆ្នាំជាប់គ្នា លើតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ Times Higher Education World University Rankings ដែលត្រូវបានចេញផ្សាយជាលើកដំបូងបើគិតចាប់តាំងពីការផ្ទុះកូវីដ-១៩។ សាកលវិទ្យាល័យ ជាង១៦០០ពី៩៩ប្រទេស និងដែនដី ត្រូវបានកត់ត្រាចូលក្នុងបញ្ជី។
 
តារាងចំណាត់ថ្នាក់ World University Rankings 2022 នេះ កើតចេញពីលទ្ធផលនៃការវិភាគលើអំណះអំណាងជាង១០៨លាន ការបោះពុម្ពផ្សាយជាង១៤,៤លាន និងការស្ទង់មតិពីអ្នកសិក្សាជាង២២០០០នាក់លើពិភពលោក។ តារាងផ្តោតលើសូចនាករចំនួន១៣ដែលទាក់ទងនឹងគុណភាពសាលា ការបង្រៀន ការស្រាវជ្រាវ ការផ្ទេរចំណេះ និងការមើលឃើញជាលក្ខណៈអន្តរជាតិ។
 
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅតែមានចំនួនច្រើនជាងគេក្នុងតារាងចំណាត់ថ្នាក់ ខណៈចិន កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី និងហុងកុង ក៏នៅតែមានចំណាត់ថ្នាក់ខ្ពស់គួរឲ្យកត់សម្គាល់ រីឯបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ក៏ងើបឡើងកាន់តែលឿនផងដែរលើគុណភាពអប់រំតាមសាកលវិទ្យាល័យ។
 
ក្នុងតារាង Top 10 សាកលវិទ្យាល័យ University of Oxford របស់ចក្រភពអង់គ្លេសឈរចំណាត់ថ្នាក់លេខ១ ខណៈ California Institute of Technology និង Havard Univesity ស្ថិតនៅលេខ២ស្ទួន រីឯ Stanford University របស់អាមេរិកដូចគ្នាស្ថិតនៅលេខ៤។
 
University of Cambridge របស់ចក្រភពអង់គ្លេស និង Massachusetts Institute of Technology របស់អាមេរិក ឈរលេខ៥ស្ទួន តាមពីក្រោយដោយ Princeton University, University of California-Berkeley, Yale University និង University of Chicago របស់អាមេរិកទាំងអស់។
 
ក្នុងតារាង Top 200 សហរដ្ឋអាមេរិកមាន៥៧សាកលវិទ្យាល័យ ចក្រភពអង់គ្លេសមាន២៨ អាល្លឺម៉ង់ មាន២២ អូស្ត្រាលីមាន១២ ចិន និងហូឡង់មាន១០ដូចគ្នា កាណាដា និងស្វីស មាន៧រៀងខ្លួន កូរ៉េខាងត្បូងមាន៦ បារាំង ហុងកុង និងស្វីស មាន៥សកលវិទ្យាល័យដូចគ្នា។
 
 Peking University និង Tsinghua University របស់ចិន ស្ថិតនៅលេខ១៦ស្ទួន ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី រីឯ National University of Singapore ឈរលេខ២១ ដែលខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសពីតំបន់អាស៊ីអាគ្នេយ៍។ សាកលវិទ្យាល័យ Univesity of Puthisastra របស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ចន្លោះពី៨០១ ដល់១០០០ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com