ជាតិ
សេដ្ឋកិច្ច
៨ខែឆ្នាំនេះ កម្ពុជានាំចេញកង់បានជាង១,៨លានគ្រឿង គិតជាប្រាក់ជាង៤០០លានដុល្លារ
07, Sep 2021 , 10:16 am        
រូបភាព
ភ្នំពេញ៖ រយៈពេល៨ខែមកនេះ កម្ពុជានាំចេញកង់ទៅទីផ្សារអន្តរជាតិ បានប្រមាណ ១,៨៦លានគ្រឿង ដែលទទួលបានចំណូលជាង៤០០លានដុល្លារ។ ​ចំណូលនេះ គឺបានកើនរហូតដល់ ២៤,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។
 
កង់ដែលផលិតនៅកម្ពុជា ចំនួន១,៨៦លានគឿង ត្រូវបាននាំចេញទៅកាន់ទីផ្សារជាង៥០ប្រទេស នៅជុំវិញពិភពលោក នារយៈពេល៨ខែដំបូង ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយបានបញ្ជាក់ថា ការនាំចេញកង់នេះ គឺមានទំហំទឹកប្រាក់សរុប ៤១៦ ៨៤៧ ៨៨២ដុល្លារ។​
 
មូលហេតុដែលការនាំចេញកង់របស់កម្ពុជា មានកំណើនខ្ពស់នេះ គឺដោយសារកម្ពុជា មានទីផ្សារទូលាយហើយប្រទេសដែលបញ្ជាទិញកង់ មានការទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់កង់របស់កម្ពុជា។​ លោក ស៊ាង ថៃ បន្តបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេឡេក្រាម នាល្ងាចថ្ងៃទី៦កញ្ញាថា ភាពទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់កង់របស់កម្ពុជានេះ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែ របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញ ឲ្យបន្តការបញ្ជាទិញកង់ពីកម្ពុជាទៀត។ 
 
ប្រទេសដែលនាំចូលកង់របស់កម្ពុជាច្រើនជាងគេ គឺអាម៉េរិក​, អាល្លឺម៉ង់ ​អង់គ្លេស​។ ក្រៅពី​ទីផ្សារ​ប្រទេស​ធំៗ ​ទាំង​៣​ខាងលើ  កម្ពុជា​ក៏បាន​នាំចេញ​កង់​ទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក, អូទ្រីស​, ហូ​ឡង់​, ស្វី​ស​​, កា​ដា​ណា​, ដា​ណឺ​ម៉ាក​, អូស្ត្រាលី, បារាំង​, អ៊ីតាលី​, អេ​ស្ប៉ា​ញ​, ម៉ិ​ក​ស៊ិ​ក​, ប៉ូឡូញ​, ប្រេ​ស៊ី​ល​, ចិន​, ជប៉ុន​...​ជាដើម
 
កាលឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ ជាង៥០០លានដុល្លារ ដែលបានកើនក្នុងចំនួន ២៧,៧៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ 
 
សូមជម្រាបថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង ជាទី​តាំង​ផលិត​និង​ដំឡើង​កង់​ធំ​បំផុត​របស់​កម្ពុជា សម្រាប់​នាំចេញ​។ បើតាមលោក ស៊ាង ថៃ គិតត្រឹមខែមីនា ឆ្នាំ២០២១ ខេត្តស្វាយរៀង មានរោងចក្រផលិតកង់ធំៗចំនួន៥៕
 
 
 

Tag:
 កង់
 ​​ស៊ាង ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com