ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋានគយ ទុកពេលឱ្យម្ចាស់យានយន្តគ្មានពន្ធ និងអាករ បំពេញកាតព្វតាមច្បាប់ ត្រឹមបំណាច់ឆ្នាំនេះ
10, Sep 2021 , 9:59 pm        
រូបភាព
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ ម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល ត្រូវបំពេញកាតព្វពន្ធ និងអាករតាមច្បាប់នៅត្រឹមបំណាច់ឆ្នាំ២០២១នេះ។ បើមិនដូច្នេះទេ នឹងរងវិធានការច្បាប់។ នេះជាឱសានវាទរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៩ កញ្ញា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញគោលការណ៍ និងយន្តការចំនួន៥ ដោយតម្រូវឱ្យម្ចាស់យានយន្តទាំងនោះ មកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលា។ ការមកបំពេញកាតព្វកិច្ចនេះ ម្ចាស់យានយន្ត នឹងទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ទៀតផង។
 
«ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ទរបន្ថយពន្ធឡើយ»។ នេះបើតាមអគ្គនាយកដ្ឋានគយ។
 
ដើម្បីផ្ដល់ភាពងាយស្រួលឱ្យម្ចាស់យានយន្តបំពេញកាតព្វកិច្ចនេះ អគ្គនាយកដ្ឋានគយ ក៏សម្រេចផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធ និងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
 
បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ ក៏អនុញ្ញាតឱ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើយានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករដែរ។
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ ក៏នឹងចំណាត់ការលើរថយន្តចង្កូតស្ដាំផងដែរ។ ចំពោះរថយន្តចង្កូតស្តាំវិញ  អគ្គនាយកដ្ឋានគយ ក៏តម្រូវឱ្យម្ចាស់រថយន្តតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។
 
«ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់»។ នេះបើតាមអគ្គនាយកដ្ឋានគយ ដែលអំពាវនាវឱ្យម្ចាស់យានយន្តគ្មានពន្ធទាំងអស់ រួសរាន់បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ឱ្យបានទាន់ពេលវេលា តាមគោលការណ៍ និងយន្តការនេះ៕
 
 
 

Tag:
 ពន្ធគយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com