COVID-19
ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​​វេទិកាទេសចរណ៍អាស៊ាន​ឆ្នាំ២០២២
14, Sep 2021 , 8:59 am        
រូបភាព
ដោយ:
ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅថ្ងៃទី ១៦-២២ ខែមករា ក្នុងខេត្តព្រះសីហនុ។ ​វេទិកាទេសចរណ៍នេះ នឹងនាំយក ​អ្នកជំនាញទេសចរណ៍មកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានឱ្យ​មកកម្ពុជា។ វេទិកានេះ ជាឱកាសរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយ ផលិតផល និងសក្តានុពលទេសចរណ៍ ជាពិសេសតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ដល់ទីផ្សារទេសចរណ៍អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជា។
 
វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នឹងរៀបចំឡើងក្រោមប្រធានបទ អាស៊ាន «សហគមន៍សន្តិភាព និងវាសនាតែមួយ» ​ឆ្ពោះទៅរកការស្ដារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ វេទិកានេះ នឹងមានការចូលរួមពីអ្នកជំនាញទេសចរណ៍ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេសចំនួន៣ផ្សេងទៀត គឺ ជប៉ុន កូរ៉េខាងត្បូង និងចិន។
 
 

ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅកម្ពុជានេះ នឹងមិនមានការរៀបចំធំ ដូចបណ្ដាប្រទេសកន្លងមកទេ ដោយសារជំងឺកូវីដ-១៩ ដូច្នេះការរៀបចំត្រូវផ្ដោត លើវិធានសុវត្ថិភាពជាចម្បង។ ដ្បិតការរៀបចំតូច ប៉ុន្តែវាផ្ដល់ឱកាសឱ្យកម្ពុជា បង្ហាញពីភាពរួចរាល់ក្នុងការស្ដារសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ នេះបើតាមលោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។
 
លោក​ តុប សុភ័ក បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមដូច្នេះថា៖ «ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ជាឱកាសមួយក្នុងការបង្ហាញ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សំខាន់ក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាការប្រកាសនៃការបើក ឡើងវិញ នៃទេសចរណ៍កម្ពុជាដែរ»។​ រដ្ឋលេខាធិការរូបនេះ បន្ថែមថា កម្ពុជាកំពុងពង្រឹងផលិតផលទេសចរណ៍ ក៏ដូចជា ពង្រឹងសេវាកម្មឱ្យបានល្អប្រសើរ ដើម្បីស្រូបទាញទេសចរ និងអ្នកវិនិយោគឱ្យមកកម្ពុជា។
 
 
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។ រូបថត ហ្វេសប៊ុកលោកផ្ទាល់

ជាមួយគ្នានេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ខិតជិតមកដល់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏កំពុងរៀបចំកែលម្អផលិតផលទេសចរណ៍ក្នុងខេត្ត ដើម្បីឱ្យមានភាពទាក់ទាញ។ បន្ថែមពីនេះ អាជីវករទេសចរណ៍ នៅខេត្តព្រះសីហនុក៏កំពុងវិលត្រឡប់មករៀបចំ​អាជីវកម្ម​របស់ខ្លួនបណ្ដើរៗផងដែរ។
 
បើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ការរៀបចំវេទិកាទេសចរណ៍អាស៊ាន គឺជាការបង្ហាញដល់ពិភពលោកថា កម្ពុជាជាតំបន់មានសុវត្ថិភាព និងសក្ដានុពលឆ្នេរយ៉ាងស្រស់ស្អាត។ លោកបញ្ជាក់ដូច្នេះថា ៖ «ការរៀបចំវេទិកានេះ ជាឱកាសសម្រាប់កម្ពុជា បង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ ដល់ក្រុមហ៊ុនទេសចរណ៍ ដែលទិញ-លក់ កញ្ចប់ទេសចរណ៍។ សារព័ត៌មានល្បីៗដែលចូលរួមក៏ នឹងផ្សព្វផ្សាយពីតំបន់ឆ្នេររបស់ យើងទៅកាន់ទីផ្សារអន្តរជាតិ»។​

 
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រូបថតហ្វេសប៊ុកមហាផ្ទៃ

ងាកទៅវិស័យឯកជនឯណោះវិញ ក៏បង្ហាញការសាទរ ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ទោះការរៀបចំវេទិកាទេសចរណ៍អាស៊ានក្នុងឆ្នាំ២០២២ មានសភាពតូចពិតមែន តែវាផ្ដល់ផលចំណេញច្រើនដល់កម្ពុជា។
 
លោកស្រីសង្កត់ធ្ងន់ដូច្នេះថា៖ «ការរៀបចំតូចមែន ប៉ុន្តែមានន័យថាកម្ពុជា ទូងស្គរប្រកាសប្រាប់ពិភពលោកថា កម្ពុជាត្រៀមខ្លួនរួចរាល់នឹងទទួលភ្ញៀវទេសចរអន្តរជាតិ និងបង្ហាញពីសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធឆ្នេរ ។ ខណៈកម្ពុជាមិនមានថវិកាច្រើនក្នុងការផ្សព្វផ្សាយពីការបើកឡើងវិញដូចប្រទេសជិតខាង តែការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងជួយផ្សាយពីកម្ពុជា មានន័យថាកម្ពុជាទូងស្គរតិច ប៉ុន្តែមានសំឡេងខ្លាំង»។
 
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបថត 

ទន្ទឹមនឹងនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានអញ្ជើញសមាគមទីភ្នាក់ងារទេសចរណ៍បរទេសដើម្បីចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននេះដែរ ដើម្បីឱ្យគេបានឃើញពីផលិតផលទេសចរណ៍កម្ពុជា សម្រាប់ការរៀបចំកញ្ចប់ទេសចរណ៍បន្ថែម នៅពេលកម្ពុជាបើកទទួលភ្ញៀវអន្តរជាតិវិញ។
 
មិនខុសគ្នាប៉ុន្មាន​ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏រីករាយ ចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន​ឆ្នាំ២០២២ក្នុងប្រទេសកម្ពុជាផងដែរ។ លោកលើកឡើងថា វេទិកានេះ នឹង ជួយជំរុញអាជីវកម្មទេសចរណ៍ក្នុងប្រទេសឱ្យមានសកម្មភាពឡើងវិញ ជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង។
 
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា។ រូបថត ហ្វេសប៊ុកលោកផ្ទាល់

«មិនមែនតែសណ្ឋាគារទេ ដែលនឹងអាចងើបឡើងវិញ តែវិស័យទេសចរណ៍តែម្ដង ព្រោះពេលអ្នកចូលរួមក្នុងវេទិកានេះមក គេមិនមែនគ្រាន់តែមកប្រជុំ និងស្នាក់នៅសណ្ឋាគារប៉ុណ្ណោះទេ តែគេក៏ដើរមើលទីក្រុងដែរ។ ម្យ៉ាងអ្នកសារព័ត៌មាន និងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសនានាគេក៏ចូលរួមផ្សព្វផ្សាយបន្តគ្នា​ ដែលអាចធ្វើឱ្យបរទេសចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍របស់គេដែរ»។ នេះជាការបញ្ជាក់របស់លោក ឌិន​ សុមេធារិទ្ធ។
 
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រមាណ៦ពាន់ទីតាំងបានបិទទ្វារ។ រហូតមកដល់ខែកក្កដា និងសីហានេះ អាជីវកម្មមួយចំនួនបានបើកដំណើរការវិញ។ 
 
ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន បានធ្វើឱ្យ ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុបានវិលត្រឡប់មករកអាជីវកម្មរបស់ខ្លួនវិញខ្លះៗ។ បន្ថែមពីនេះ អ្នកកំពុងដំណើរការអាជីវកម្ម ក៏កំពុងពង្រឹងសេវាកម្ម និងបង្កើតផលិតផលទេសចរណ៍បន្ថែម ត្រៀមបង្ហាញពីសក្តានុពលរបស់ខ្លួនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com