ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការតាមចាប់បណ្ឌិត សេង សារី ដោយសង្ស័យថា គាំទ្រចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ
17, Sep 2021 , 3:41 pm        
រូបភាព
លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក (រូបពីគណនីហ្វេសប៊ុក Sary Seng)
លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក (រូបពីគណនីហ្វេសប៊ុក Sary Seng)
តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់បណ្ឌិតម្នាក់ ក្រោយពីលោក បង្ហោះសារពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលផ្តួចផ្តើមដោយលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង។ ព័ត៌មានអំពីការតាមចាប់បណ្ឌិតនោះ ត្រូវបានប្រកាសជាសាធារណៈ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។


ដ្បិតមិនបញ្ចេញឈ្មោះក្តី តែសម្តេច ហ៊ុន សែន ទំនងចង់ផ្ញើសារសំដៅទៅលោក សេង សារី ដែលនិយាយអំពីគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ និងសកម្មភាពកងកម្លាំងនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«បើរត់ រត់ឲ្យបានឆ្ងាយតិច រត់ក្បែរៗហ្នឹង រត់មិនរួចទេ ប្រាប់ឲ្យហើយ»។ 
 
ប្រមុខដ្ឋាភិបាល បន្តថា៖«ឲ្យតែរឿងទាក់ទងនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេស ត្រូវតែចាប់ខ្លួន។ បើមិនចាប់ខ្លួន មិនមែនរដ្ឋាភិបាលទេ និយាយត្រង់ៗអ៊ីចឹងតែម្តង បញ្ជាក់ថ្ងៃហ្នឹង សូមកុំឲ្យចូលទៅក្នុងគន្លងជាប់គុក»។ 
 
បើតាមសម្តេចនាយករដ្ឋមន្រ្តី បណ្ឌិតរូបនេះ បានគេចខ្លួនទៅដល់ទីក្រុងបាងកក ប្រទេសថៃហើយ។ សារព័ត៌មានថ្មីៗ បានផ្ញើសារទៅសួរលោក សេង សារី តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ 
 
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សេង សេរី ដែលជាអ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយ បានសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យចោទសួរថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច? តើកម្លាំង៦ចំណុច អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមការអំពាវនាវរបស់លោក សម រង្សី ដែរឬទេ? 
 
កម្លាំងទាំង៦ចំណុចនោះ គឺ កម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី ថាមានលក្ខណៈគាំទ្រ និងលើកទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។ មេដឹកនាំរូបនេះ ថ្លែងថា៖«មើយកមកសួរមើល អា៦ចំណុច ជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេស»។ 
 
លោក សម រង្ស៊ី បានចាប់ផ្តើមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ តាំងពីខែកក្កដា ឆ្នាំ២០២១មក។ លោក អះអាងថា គម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះ ថាជាការយកគំរូតាមប្រទេសមីយ៉ាន់ម៉ា។ 
 
សម្តេច ហ៊ុន សែន ក៏មើលឃើញដែរថា លោក សម រង្ស៊ី ចង់ធ្វើតាមគំរូនៅមីយ៉ាន់ម៉ា ដែលមានការបង្កើតចលនាប្រដាប់អាវុធ មានកម្លាំងយោធា និងមានអង្គការចាត់តាំងនយោបាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកំពុងដឹកនាំដោយក្រុមយោធា។ ចលនាប្រឆាំងនៅមីយ៉ាម៉ា ចាប់ផ្តើមឡើងតាំងពីពេលដែលក្រុមយោធា ដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក៕ 
 
 
 

Tag:
 សេង សារី
© រក្សាសិទ្ធិដោយ thmeythmey.com