ជាតិ
ពលរដ្ឋ២៤គ្រួសារនៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ព្រោះជំនន់ទឹកភ្លៀង
20, Sep 2021 , 4:11 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៩ ខែកញ្ញា បានធ្វើឱ្យជន់លិច សង្កាត់ផ្សារកណ្ដាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក អ៊ុក ម៉ារ៉ាឌី ប្រធានក្រុមការងារព័ត៌មាន កងពលតូចថ្មើរជើងលេខ៥១ បញ្ជាក់ប្រាប់សារព័ត៌មានThmeythmey25 ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២០ កញ្ញា មានពលរដ្ឋចំនួន២៤គ្រួសារ ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព ប៉ុន្ដែមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងផលដំណាំមិនមានឡើយ។

លោក អ៊ុក ម៉ារ៉ាឌី បាននិយាយថា ភ្លៀងនៅតែបន្តធ្លាក់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យទឹកអូរតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហក់ឡើងនៅថ្ងៃទី២០ ខែកញ្ញានេះ។  បើតាមលោក ម៉ារ៉ាឌី ស្ថានភាពបែបនេះ បានធ្វើឱ្យកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ព្រួយបារម្ភពីការកើនឡើងនៃកម្ពស់ទឹក ដែលអាចជន់លិចផ្ទះប្រជាពលរដ្ឋ នៅក្បែរមាត់អូរ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


 
ប្រធានក្រុមការងារព័ត៌មាន កងពលតូចថ្មើរជើងលេខ៥១ បានប្រាប់សារព័ត៌មានថ្មីៗ Thmeythmey25 តាមសារអេឡិចត្រូនិកថា ភ្លៀងនៅតែបន្តធ្លាក់ ស្របពេលទឹកនៅតាមជម្រាលភ្នំ ជាប់ព្រំដែនខ្មែរថៃ នៅតែហូរចាក់មកជាបន្តបន្ទាប់។  «ពួកយើងចាប់ផ្ដើមជួយសង្គ្រោះពួកគាត់ តាំងពីម៉ោង២យប់ រហូតដល់ព្រឹកនេះ។ ស្ថានភាពទឹកភ្លៀង មិនទាន់ស្រកទេ ហើយបើសិនមានភ្លៀងកាន់តែខ្លាំងទឹក នៅតែបន្តកើនឡើងជាងនេះទៀត។ ក្រុមការងារកំពុងធ្វើការ នៅតាមតំបន់គោលដៅ និងបានជម្លៀសពលរដ្ឋរងគ្រោះ ចេញពីទីតាំងមានគ្រោះថ្នាក់ ទៅទីទួលមានសុវត្ថិភាពបានខ្លះៗ និងនៅតែបន្តសកម្មភាព។ យើងក៏កំពុងតែមើលតាមស្ថានភាពជាក់ស្ដែង ទៅតាមកម្ពស់ទឹក»។ នេះជាការបញ្ជាក់របស់លោក  ម៉ារ៉ាឌី ដោយបន្ថែមថា មកដល់ពេលនេះ ក្រុមការងារបានជួយសង្គ្រោះ ដោយជម្លៀសពលរដ្ឋ២០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត និង៤គ្រួសារ នៅសង្កាត់ផ្សារកណ្ដាល។
 
ជំនន់ទឹកភ្លៀងនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ឬផលដំណាំនោះទេ ខណៈអាជ្ញាធរមូលដ្ឋាន កងពល៥១ និងកងកម្លាំងចម្រុះ បានត្រៀមខ្លួនរួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារ ដើម្បីជួយការពារពលរដ្ឋក្នុងស្ថានភាពនេះ។ ប្រធានក្រុមការងារព័ត៌មាន កងពលតូចថ្មើរជើងលេខ៥១ បន្តយ៉ាងដូច្នេះ៖ «ដោយសារនៅក្រុងប៉ោយប៉ែតនេះ ពួកគាត់អត់មានផ្ទះធំៗ រស់នៅផ្ដុំគ្នា ដោយសារភាគច្រើនជាកម្មករ និងអ្នកចំណាកស្រុក ដូច្នេះគ្មានគោ ក្របីស្រែចម្ការធំៗទេ ហើយពួកគាត់មានតែរបស់របរប្រើប្រាស់តិចតួចប៉ុណ្ណោះ។  ក្រុមការងារបានជួយជញ្ជូន យកមកកន្លែងមានសុវត្ថិភាព ហើយអ្នកខ្លះនៅរារែកចាំមើលស្ថានភាពទឹកនៅឡើយ»។ 


 
លោក អ៊ុក ម៉ារ៉ាឌី សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ដែលអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ពិសេសចំពោះសត្វអាសិរពិស និងត្រៀមរៀបចំសម្ភារក្នុងផ្ទះ ឱ្យរួចរាល់មុនពេលគ្រោះអាសន្ន ដើម្បីជម្លៀសខ្លួនឱ្យទាន់ពេលវេលា។ 
 
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់២៣  ខែកញ្ញា កម្ពុជា នឹងមានអាកាសធាតុប្រែប្រួលខ្លាំងដោយសារប្រព័ន្ធសម្ពាធទាប កើតឡើងសារជាថ្មី ដែលភ្ជាប់ជាមួយសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តខ្លះ នៅកម្ពុជា មានភ្លៀង ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និងជំនន់ទឹកភ្លៀង៕
 


 
 
 
 

Tag:
 បន្ទាយមានជ័យ
  ជំនន់ទឹកភ្លៀង
 ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com