អន្តរជាតិ
លោក ប្ល៊ីងខិន ប្រាប់ប្រមុខការទូតអាស៊ានថា អាម៉េរិកមានយុទ្ធសាស្ត្រថ្មីសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
24, Sep 2021 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន (ឆ្វេង) និងសមភាគីឥណ្ឌូណេស៊ី រ៉េតណូ ម៉ាសួឌី ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន (ឆ្វេង) និងសមភាគីឥណ្ឌូណេស៊ី រ៉េតណូ ម៉ាសួឌី ។ រូបថត AFP
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី២៣ ខែកញ្ញា បានជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។ លោក ប្លីងខិន ប្រាប់ដៃគូអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្រ្តដ៏ទូលំទូលាយថ្មីមួយសម្រាប់ការពារសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បញ្ហាប្រឈមក្នុងតំបន់ និងវិបត្តិមីយ៉ាន់ម៉ា ក៏ជារបៀបវារៈដែរ។
 
ចំពោះមុខរដ្ឋមន្ត្រីការបរទេសទាំង១០រូបនៃបណ្ដារដ្ឋសមាជិកអាស៊ានដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងជួបមុខផ្ទាល់ លោក អាន់តូនី ប្ល៊ីងខិន បញ្ជាក់ថា យុទ្ធសាស្រ្តថ្មីរបស់អាម៉េរិក នឹងលេចចេញក្នុងប៉ុន្មានខែខាងមុខនេះ។ យុទ្ធសាស្ត្រនេះ បានបង្កើតដោយផ្អែកលើចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសេរីភាព និងការបើកចំហ ហើយភ្ជាប់ជាមួយសុវត្ថិភាព និងស្ថិរភាពផងដែរ។
 
«នេះនឹងឆ្លុះបញ្ចាំងពីសារសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតួនាទីយ៉ាងសំខាន់របស់អាស៊ានក្នុងការកំណត់អនាគតរបស់តំបន់។ លោក ប្ល៊ីងខិន អះអាងថាយុទ្ធសាស្ត្រថ្មីនេះមានទស្សនវិស័យស្រដៀងគ្នាទៅនឹងទស្សនវិស័យរបស់អាស៊ានផងដែរ។
 
ទោះមិនបញ្ជាក់ឱ្យច្បាស់ យុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ទំនងជាផ្នែកមួយនៃគោលនយោបាយការបរទេសអាម៉េរិកក្នុងការទប់ទល់ឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។ អាស៊ានដែលជាអង្គការតំបន់ដែលមានតួនាទីស្នូលក្នុងរក្សាស្ថិរភាព ជាតួអង្គសំខាន់ដែលមហាអំណាចទាំងពីរព្យាយាមអូសទាញផងដែរ។
 
ក្នុងជំនួបដដែល លោក ប្ល៊ីងខិន ក៏និយាយដល់បញ្ហាប្រឈមផ្សេងៗនៅក្នុងតំបន់ផងរួមមានជំងឺកូវីដ-១៩ វិបត្តិអាកាសធាតុ និងតម្រូវការបន្ទាន់ដើម្បីដាក់សម្ពាធរបបយោធាមីយ៉ាន់ម៉ាដើម្បីបញ្ចប់អំពើហិង្សា និងការអនុវត្តផែនការ៥ចំណុចរបស់អាស៊ាន។
 
ក្នុងជំនួបខាងលើ រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា U Wunna Maung Lwin ដែលមានវត្តមានដែរនោះ បានពន្យល់ពីស្ថានភាពសន្តិសុខនៅមីយ៉ាន់ម៉ា ការអនុវត្តផែនការ៥ចំនុចរបស់អាស៊ាន រួមទាំងកិច្ចប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕
 
 

Tag:
 អាម៉េរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com