ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្រ្តីពាណិជ្ជកម្ម ប្រាប់ធុរជនឱ្យធ្វើអាជីវកម្មក្របកដោយសុចរឹត និងសីលធម៌
24, Sep 2021 , 8:59 pm        
រូបភាព
 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងពិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» កាលពីថ្ងៃទី២៣កញ្ញា។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងពិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» កាលពីថ្ងៃទី២៣កញ្ញា។ រូបថត៖ MoC
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ធុរជនទាំងអស់ ត្រូវធ្វើអាជីវកម្មក្របកដោយសុចរឹតភាព និងក្រមសីលធម៌។ លើសពីនេះ លោកក៏ទាមទារឱ្យធុរជន ត្រូវបំពេញកាតព្វកិច្ចការពារអ្នកប្រើប្រាស់ឱ្យស្របច្បាប់ និង បទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកក្នុងការកសាងសង្គមសុខដុមនីយកម្ម និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។
 
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបដោយសុចរឹតភាព មិនមែនជាឧសបគ្គដល់ការរីកចម្រើនរបស់ធុរៈកិច្ចឡើយ ខណៈច្បាប់ស្តីការកិច្ចការពារអ្នកប្រើប្រាស់ និងបទដ្ឋានគតិយុត្តិ មានសារៈសំខាន់ក្នុងការធ្វើធុរៈកិច្ច។
 
«ច្បាប់ស្តីការកិច្ចការពារអ្នកប្រើប្រាស់នេះ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងសេដ្ឋកិច្ចដោយប្រកបចីរភាព ប៉ុណ្ណោះទេ។ ប៉ុន្តែ ច្បាប់នេះ នឹងជួយកម្ពុជាពង្រឹងបន្ថែមនូវទំនាក់ទំនង សហប្រតិបត្តិការ ជាមួយប្រទេសសមាជិកអាស៊ាន និងសាកលលោកឱ្យកាន់តែប្រសើរឡើងផងដែរ»។  នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ។
 
រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា តួនាទីសំខាន់ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ធុរៈកិច្ចតូចធំៗ និងជះឥទ្ធិពលវិជ្ជមាន ដល់ការពង្រីកអាជីវកម្មរយៈពេលយូរអង្វែង ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង ក្នុងសកម្មភាពធុរៈកិច្ចដោយស្មើភាព ស្មោះត្រង់ ជាពិសេសបង្កើតឡើងនូវការជឿជាក់រវាងធុរជន និងអ្នកប្រើប្រាស់ទៀតផង។
ជាមួយគ្នានេះលោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តកាតព្វកិច្ចអ្នកប្រើប្រាស់  ត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចឱ្យស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ 
 
ថ្លែងក្នុងពិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» កាលពីថ្ងៃទី២៣ កញ្ញា រដ្ឋមន្ត្រីពាណិជ្ជកម្ម មានប្រសាសន៍ដូច្នេះ៖ «អនុវត្តកាតព្វកិច្ចអ្នកប្រើឱ្យស្របតាមច្បាប់ គឺដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ចនិងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមយើងឱ្យមានសុខដុមនីយកម្ម និងអភិវឌ្ឍប្រកបដោយនិរន្តរភាព»។


 
សម្រាប់ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃGIZ ប្រចាំកម្ពុជា ការធ្វើធុរកិច្ច ប្រកបដោយសុចរិត យុត្តិធម៌ ជាកត្តាសំខាន់ដើម្បីជំរុញភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុន ដែលទទួលបានការពេញចិត្ត និងទុកចិត្ត ពីសំណាក់អតិថិជន ឬ អ្នកប្រើប្រាស់ រួមទាំងអាចពង្រីកមូលដ្ឋាន អតិថិជនរបស់ខ្លួនបានកាន់តែទូលាយ។ លោក Frank Jattke និយាយថា៖ «ក្រម សីលធម៌នេះ ត្រូវបានគេរំពឹង ថា នឹងត្រូវយក ទៅផ្សព្វផ្សាយនៅទូទាំងប្រទេស ជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្តារ ប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩»។
 
សូមរម្លឹកថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃ២វិច្ឆិកា ឆ្នាំ ២០១៩ ។ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ មាន១១ជំពូក និង៥១មាត្រា ដែលមានគោលបំណង ធានាការពារអ្នកប្រើប្រាស់ និង លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ៕
 
 

Tag:
 ធុរជន
  លោក ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com