អន្តរជាតិ
សភាតំណាងអាម៉េរិក អនុម័តប្រាក់១ពាន់លានដុល្លារសម្រាប់ផ្គត់ផ្គង់ប្រព័ន្ធការពារ​មីស៊ីលអ៊ីស្រាអែល
24, Sep 2021 , 9:29 pm        
រូបភាព
ប្រព័ន្ធការពារអាកាស Iron Dome របស់អ៊ីស្រាអែល។ រូបថត AFP
ប្រព័ន្ធការពារអាកាស Iron Dome របស់អ៊ីស្រាអែល។ រូបថត AFP
ដោយ:
សមាជិកសភាតំណាងរបស់អាម៉េរិកនៅថ្ងៃទី២៣ ខែកញ្ញា បានអនុម័តកញ្ចប់ទឹកប្រាក់ចំនួន១ពាន់លានដុល្លារលើការផ្គត់ផ្គង់ខែលការពារមីស៊ីល​ Iron Dome របស់អ៊ីស្រាអែល។ ការអនុម័តនេះ ក្រោយពីមានភាពចម្រូងចម្រាសជាច្រើនថ្ងៃដោយសារការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាជាន់ទាប។

ដោយសំឡេ៤២០ទល់នឹង៩ សភាតំណាងអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់ដែលនឹងបើកផ្លូវដល់ការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Iron Dome ឱ្យអ៊ីស្រាអែលក្នុងតម្លៃទឹកប្រាក់១ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញការបើកផ្លូវ សម្រាប់ការបង្កើនការគាំទ្ររបស់អាម៉េរិកលើប្រព័ន្ធបង្អាក់គ្រាប់រ៉ុក្កែតនេះ។
 
ការអនុម័តលើកញ្ចប់លុយនេះ ត្រូវបានសម្រេចបន្ទាប់ពី​ឆ្លងកាត់ការវែកញែកយ៉ាងតឹងតែងអំពីការផ្តល់ជំនួយរបស់អាម៉េរិកលើអ៊ីស្រាអែល។ អំឡុងការជជែកដេញដោល​ សមាជិកសភាមានគំនិតជឿនលឿននិយមរបស់បក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យប្រធានាធិបតី ​ចូ បៃឌិន កំណត់លក្ខខណ្ឌដល់អ៊ីស្រាអែលតាមកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។​
 
​«ការបោះឆ្នោតអនុម័តសេចក្តីព្រាងនេះ បានឆ្លុះបញ្ចាំងពីការរួបរួមគ្នាដ៏ធំក្នុងសភា....សម្រាប់សន្តិសុ​ខអ៊ីស្រាអែល។» ប្រធានសភាតំណាងមកពីគណបក្សប្រជាធិបតេយ្យ ណាន់ស៊ី ផេឡូស៊ី ថ្លែងបែបនេះទៅកាន់អង្គប្រជុំ មុនបន្ថែមថា​ ជំនួយដល់អ៊ីស្រាអែលពិតជាសំខាន់ណាស់ពី ព្រោះសន្តិសុខអ៊ីស្រាអែលគឺសំខាន់សម្រាប់សន្តិសុខរបស់អាម៉េរិក។
 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក​ Naftali Bennett បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សភាទាំងពីរសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាសន្តិសុខប្រទេស និងប្រជាជនអាម៉េរិកសម្រាប់មិត្តភាពដ៏រឹងមាំជាមួយអ៊ីស្រាអែល។
 
គួរបញ្ជាក់ថា​ Iron Dome  ​ជាប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែលដ៏សំខាន់បំផុតដែលបានបង្អាក់គ្រាប់រ៉ុក្កែត និងកម្ទេចគ្រាប់ផ្លោងរយៈចម្ងាយខ្លីបានរាប់ពាន់ដើមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សាកាលពីប៉ុន្មានខែកន្លងទៅនេះ៕
 
 
 

Tag:
 អាម៉េរិក
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com