អន្តរជាតិ
មេដឹកនាំក្រុមប្រទេស Quad​ ជួបគ្នានៅសេតវិមាន ខណៈចិនថា ក្រុមនេះនឹងបរាជ័យ
25, Sep 2021 , 3:59 pm        
រូបភាព
កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាចតុភាគី (Quad) នៅសេតវិមាន។ រូបថត AFP
កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាចតុភាគី (Quad) នៅសេតវិមាន។ រូបថត AFP
នៅថ្ងៃទី២៤ ខែកញ្ញា មេដឹកនាំដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី ​(Quad) មាន អាម៉េរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលីបានជួបមុខគ្នាផ្ទាល់ជាលើកដំបូងនៅឯសេតវិមាន។ មេដឹកនាំប្រទេសទាំង៤ បានបញ្ជាក់ពី​សារសំខាន់នៃការរក្សាសេរីភាព ការបើកចំហ និងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឈមមុខនឹងងើបឡើងរបស់ចិន។ ប៉ុន្តែមុនជំនួបនេះ ទីក្រុងប៉េកាំងផ្ញើសារថា ក្រុមនេះនឹងមិនជោគជ័យនោះទេ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ, នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន សម្រាប់ជំនួបមេដឹកនាំក្រុមប្រទេស Quad នៅ​ទីក្រុង​វ៉ាស៊ីនតោន។ នាជំនួបទល់មុខរយៈពេលពីរម៉ោង មេដឹកនាំទាំង៤ ពិភាក្សាបញ្ហា​ផ្សេង​ៗនៅ​ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្សេងៗ ពិសេសប្រធានបទតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយប្រទេសទាំង៤ សុទ្ធតែចាត់ទុកជារឿងសំខាន់។
 
«យើងឈរនៅទីនេះជាមួយគ្នានៅក្នុងតំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិកដែលជាតំបន់ដែល​យើងប្រាថ្នាចង់មាន​សេរីភាពជានិច្ច និងចៀសផុតពីការបង្ខិត បង្ខំ និងដើម្បីឱ្យអធិបតេយ្យភាព​របស់​ប្រជាជាតិ​ទាំង​អស់​ត្រូវ​បានគោរព ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន លើកឡើងបែបនេះ មុនបន្តថា តំបន់នេះក៏​ជា​កន្លែងដែលជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ឯនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បានប្រកាសការប្តេជ្ញាចិត្តឥតងាករេចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើក​ចំហ។
 
សេចក្តីថ្លែងការណ៍រួមគ្នាក្រោយកិច្ចប្រជុំ បញ្ជាក់ថា ប្រទេសទាំង​៤ មើលឃើញអនាគតនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដូចគ្នា ហើយខិតខំទ្វេដងដើម្បីធានាថា Quad ជាកម្លាំងមួយសម្រាប់ការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព។ មេដឹកនាំក្រុម Quad ក៏បានព្រមព្រៀងពង្រឹង កិច្ចសហប្រតិបត្តិការ​លើការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រព័ន្ធ 5G, ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និងការប្រយុទ្ធប្រឆាំងនឹងការគំរាមតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុនប្រាប់អ្នកយកព័ត៌មានក្រោយជំនួបថា ភាគីទាំងអស់បានយល់​ព្រម​សហការគ្នាលើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការប្រើប្រាស់ថាមពលស្អាត និងការគ្រោងរៀប ចំកិច្ចប្រជុំកំពូលនៃក្រុមនេះជារៀងរាល់ឆ្នាំ។ ចំណែកឯនាយករដ្ឋមន្ត្រីឥណ្ឌា  នារិន្រ្ទា ម៉ូឌី ប្រកាសថា ក្រោមកិច្ចព្រមព្រៀងក្រុម Quad នៅចុងខែតុលា ឥណ្ឌានឹងអនុញ្ញាតឱ្យនាំចេញវ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ចំនួន៨លានដូសដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ជំនួបមេដឹកនាំទាំង៤ ធ្វើឱ្យចិននៅមិនស្ងៀមឡើយ។ ដោយសំដៅជំនួប Quad នេះ នៅថ្ងៃទី២៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian និយាយថា  ក្រុមប្រទេសទាំងនេះ បិទ​បាំង​មិនអនុញ្ញាតឱ្យប្រទេសដទៃចូលរួម ហើយមានបំណងគាបសង្កត់ប្រទេសដទៃ ដែលនេះ​មាន​ន័យថា ក្រុមនោះប្រឆាំងនឹងនិន្នាការនៃប្រទេសក្នុងតំបន់។ លោកក៏បា​នបន្តថា ក្រុមនោះនឹងមិនមានការគាំទ្រ ហើយនឹងបរាជ័យជាក់ជាមិនខាន៕
 

Tag:
 Quad
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com