ពីនេះ ពីនោះ
«ទាហាន» មិនមែន «ទាហ៊ាន» នោះឡើយ
01, Mar 2022 , 7:29 am        
រូបភាព
តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ទាហាន» អាចប្រើបានទាំងកិរិយាសព្ទ គុណសព្ទ និងនាម​សព្ទ។ ជាកិរិយាសព្ទ មានន័យថា ហ៊ាន, ហាន​ក្លា, មិនខ្លាច, មាណពនោះទាហានណាស់។ មនុស្សទាហាន, ក្មេងទាហាន សម្រាប់ប្រើ​ជាគុណសព្ទ រីឯនាមសព្ទ មានន័យថា អ្នកហានក្លា, អ្នកមិនខ្លាច, អ្នកច្បាំង, យោធា, សេនាក្នុងក្រុមយុទ្ធនា, ទាហានជើងគោក, ទាហានជើងទឹក, ទាហានជើងអាកាស ។
 
អ្វី​ដែល​សារព័ត៌មានថ្មីៗ ចាប់អារម្មណ៍ជាពិសេស​សម្រាប់ពាក្យនេះ គឺ​មានអ្នកខ្លះ​ច្រឡំ​សរសេរថា «ទាហ៊ាន»។ តាមពិតទៅ​ ពាក្យនេះ ក៏មិន​ឆ្គងនោះដែរ បើម្ចាស់សំណេរចង់និយាយ​សំដៅ​លើ​ពាក្យ សត្វ ហ៊ាន ធ្វើ​អ្វីមួយ ឧទារហរណ៍ ទាហ៊ាន​ឆ្លង​ថ្នល់ ជាដើម។ ប៉ុន្តែ​បើ​ចង់សំដៅ​លើ​ការពន្យល់ន័យ​ខាងលើ យើងត្រូវ​សរសេរ «ទាហាន»។
 
 
តាម​ក្បួនទំនាញសូរពាក្យពីរព្យាង្គ​ ព្យាង្គទី១ជាព្យាង្គខ្យល់ស្ទះពួក «អ» ទាញព្យាង្គទី២ខ្យល់បង្ហូរត្រដុសពួក «អ៊» ឲ្យមានសូរខ្យល់ពួក"អ"ដែរ។ ដូច្នេះយើងត្រូវសរសេរ «ទាហាន» ប៉ុន្តែ អានថា «ទា-ហ៊ាន»។
 
​យោងតាម​វចនានុក្រម សម្តេច ជួន ណាត ឃោសៈ (​សំឡេង​ធំ​) សំដៅលើ​ព្យញ្ជនៈ ដែលមាន​សំឡេង​គឹកកង គឺ គឃ​ង​, ជឈញ, ឌ​ឍ​​, ទ​ធន​, ព​ភម​, យ​រល​វ​​។
 
​រីឯ អឃោសៈ (​សំឡេង​តូច​) សំដៅលើ​ព្យញ្ជនៈ ដែល​មិន​គឹកកង​, មិនមាន​សូរសព្ទ​កងរំពង​។ ពួក​អក្សរ​អឃោសៈ មាន​ កខ​, ច​ឆ​, ដ​ឋណ​, ត​ថ​, ប​ផ​, ស​ហឡអ។ នេះ​បើ​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត ដដែល​៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com