ជាតិ
អាជ្ញាធរអនុញ្ញាតឱ្យបើកសាលារៀនគ្រប់កម្រិតក្នុងខេត្តសៀមរាបឡើងវិញ
28, Oct 2021 , 8:59 pm        
រូបភាព
ការបើកថ្នាក់រៀនសាកល្បងនៅសាលាបឋមសិក្សាប្រិយ៍ នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី នៅថ្ងៃទី២០ តុលា ឆ្នាំ២០២១។
ការបើកថ្នាក់រៀនសាកល្បងនៅសាលាបឋមសិក្សាប្រិយ៍ នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី នៅថ្ងៃទី២០ តុលា ឆ្នាំ២០២១។
ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ នៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១ វិច្ឆិកា តទៅ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយនៅរសៀលថ្ងៃទី២៨ វិច្ឆិកា នេះ សម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវគ្រឹះស្ថានចំណេះទូទៅសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ចាប់ពីថ្ងៃទី១ វិច្ឆិកា តទៅ។ រដ្ឋបាលខេត្តបញ្ជាក់ថា នេះជាជំហានបន្ទាប់ ក្រោយពីរៀបចំជំហានទី១ ចាប់ពីពាក់កណ្ដាលខែ តុលា មក ដែលមានគ្រឹះស្ថានសិក្សាចំនួន ១៧៣។
 
ការសម្រេចនេះ មានការសាទរជាខ្លាំងពីសាលាឯកជន។ នាយកសាលាហ្គោគ្លូប៊ល លោក ឡុក ឡងឌី បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងចំពោះដំណឹងនៃការបើកសាលារៀនឡើងវិញនៅពេលនេះ។ លោកបន្ថែមថា៖« យើងគិតរឿង៣ធំៗ ទី១ វិស័យអប់រំបានដំណើរការដោយផ្ទាល់ឡើងវិញ ទី២ បុគ្គលិក និងគ្រូបង្រៀន ព្រោះយើងផ្អាករៀនក្នុងថ្នាក់ តែនៅបន្តរៀនតាមអនឡាញវាមិនដូចថ្នាក់ផ្ទាល់ទេ ទាំងជីវភាព និងអារម្មណ៍ផ្លូវចិត្តរបស់ពួកគាត់ ទី៣ សិស្សានុសិស្ស ជិត២ឆ្នាំមកនេះ គាត់មានអារម្មណ៍ស្រ្ដេសដែរ បែកគ្រូ បែកមិត្តភក្ដិ»។
 
លោក ឡុក ឡងឌី បញ្ជាក់ថា កន្លងមកសាលារៀនរបស់លោកបានអនុវត្តតាមគោលការណ៍ស្ដង់ដារដែលក្រសួងបានកំណត់រួចមកហើយ ដែលជាទូទៅក្នុងបន្ទប់រៀនមានសិស្សត្រឹម២០ប៉ុណ្ណោះ ហើយបន្ទប់និងសាលាក៏មានទីធ្លាធំទូលាយផងដែរ។ 
 
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត លោក លី ប៊ុនណា ក៏បានសាទរចំពោះសេចក្ដីជូនដំណឹងពីការបើកថ្នាក់រៀនឡើងវិញនៅពេលនេះដែរ។ លោកមានប្រសាសន៍ថា៖« ខ្ញុំយល់ថា នេះជាការសម្រេចមួយដ៏ត្រឹមត្រូវ ព្រោះយើងរាល់គ្នាសុទ្ធតែដឹងពីផលប៉ះពាល់នៃការបិទសាលារៀន បើបន្តបិទទៀតនឹងធ្វើឱ្យកាន់តែប៉ះផលដល់វិស័យការកសាងធនធានមនុស្សក្នុងខេត្ត នេះជានិន្នាការរួមមួយដែលក្រសួងបានចេញសេចក្ដីណែនាំជំរុញឱ្យពង្រីកបន្ថែមក្នុងការបើកសាលារៀនឡើងវិញគ្រប់កម្រិត»។
 
សូមបញ្ជាក់ថា សាលារៀនកម្រិតមតេយ្យ បឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្តសរុប ៦៥៩សាលា ដែលរួមមាន  កម្រិតមេតេយ្យ ២២ បមឋ ៥១៤ និងកម្រិតមធ្យម១២៣។ ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការបើកសាលារៀននៅក្រោយគេបន្ដិច ដែលអំឡុងពេលកញ្ញា ខេត្តនេះមានការដាក់ជាតំបន់ក្រហម និងលឿងទុំ ក្នុងក្រុង-ស្រុកខ្លះ ខណៈជំងឺកូវីដ១៩ ផ្ទុះខ្លាំងគួរឱ្យកត់សម្គាល់៕
 

Tag:
 បើកសាលារៀនវិញ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com