ពីនេះ ពីនោះ
អនេក មានន័យថា ច្រើន​ដែលរាប់ពុំបាន, ប្រមាណពុំអស់
31, Oct 2021 , 7:29 am        
រូបភាព
«អនេក» អាន​ថា អៈន៉ែក ដែល​ចេញពី​ភាសា​បាលី-សំសង្ក្រឹត “អន៑” "មិន, ពុំ, ឥត" + ឯក "មួយ"។ ពាក្យ​នេះ មានន័យជារួមថា មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់។ ច្រើនអនេក ច្រើនក្រៃ ។
 
តាម​ការពន្យល់​បន្ថែមនៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. អៈន៉េកៈ ឬ អៈន៉ែកៈ, ដូចជា អនេកជាតិ ជាតិច្រើនរាប់ពុំអស់ ។ 
 
អនេកន័យ ន័យដ៏ច្រើន; ដែលមានន័យច្រើន ។ អនេកបរិយាយ បរិយាយច្រើន; ដែលមានបរិយាយច្រើន ។ អនេកប្បការ ឬ —ប្រការ ប្រការច្រើន; ដែលមានប្រការច្រើន ។ អនេកប្បភេទ ឬ —ប្រភេទ ប្រភេទច្រើន; ដែលមានប្រភេទច្រើន ។ 
 
អនេកប្បមាណ ឬ —ប្រមាណ ចំនួនច្រើន; ដែលមានចំនួនច្រើន ។ អនេកពាន់ជាតិ ( អៈន៉ែកៈ— ) ជាតិច្រើនពាន់ ឬ ច្រើនពាន់ជាតិ, អនេកជាតិ : អនេកពាន់ជាតិទៅមុខ សូមកុំឲ្យខ្ញុំប្រទះសេចក្ដីទុក្ខយ៉ាងនេះទៀត ! ។ 
 
អនេកពិធ ឬ —វិធ ច្រើនយ៉ាង, ច្រើនបែប ។ អនេកអន័គ្ឃ ( អៈន៉ែក-អៈន៉ាក់ ) ដែលច្រើនណាស់កាត់ថ្លៃពុំបាន ។ អនេកអនន្ត ( អៈន៉ែក-អៈន៉ន់ ) ច្រើនក្រៃលែងមិនមានទីបំផុត ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com