ជាតិ
សូមរកផ្លូវវាង! អាជ្ញាធរបិទកំណាត់ផ្លូវមួយចំនួន​ក្បែរ​ការដ្ឋាន​​ស្ពាន​​ថ្មើរជើងសន្ធម៉ុ​កចំនួន៣យប់
29, Oct 2021 , 3:59 pm        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរកំណាត់ផ្លូវមួយចំនួន​ក្បែរ​ការដ្ឋាន​​ស្ពានអាកាសថ្មើរជើងសន្ធម៉ុក ​ចំនួន​៣យប់ ដើម្បីឱ្យក្រុមអ្នកជំនាញសង់ដំឡើងគ្រោងដែកតួស្ពាន ខណៈការ​​សង់សរសរគ្រឹះស្ពានបានបញ្ចប់ទាំងស្រុងហើយនោះ។  កំណាត់ផ្លូវនៅក្បែរការដ្ឋាន នឹងបិទ នៅ​យប់ថ្ងៃទី២៩ តុលា, យប់ថ្ងៃទី៣១ ខែតុលា និង​ថ្ងៃទី២ខែវិច្ឆិកាចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៧ព្រឹក។ ​
 
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ តុលា រដ្ឋបាលរាជធានីភ្នំពេញ គូសបញ្ជាក់​ថា នៅយប់ថ្ងៃទី២៩ ខែតុលា អាជ្ញាធរនឹងបិទចរាចរផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគាអេប៊ីអេ ដល់ផ្លូវលេខ១២២។ ចំណែកនៅយប់ថ្ងៃទី៣១ ខែតុលា នឹងបិទចរាចរផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង ចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ ១៣៤។
 
ដោយឡែកយប់ថ្ងៃទី២ ខែវិច្ឆិកាវិញ នឹងបិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ដល់ផ្លូវលេខ ២៣៣។  
 
រដ្ឋបាលរាចធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន​ពង្វាងចរាចរទៅតាមកាលបរិច្ឆេទខាងលើ ហើយចំពោះ​ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរការដ្ឋាន ក្រុមការងារនឹងសម្រួលឱ្យឆ្លងកាត់បាន។ ​នេះជាការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ៕
 
 
 

Tag:
 បិទផ្លូវ
 ស្ពានថ្មើរជើង
 សន្ធរម៉ុក
© រក្សាសិទ្ធិដោយ thmeythmey.com