COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា បើកប្រទេសលើគ្រប់វិស័យឡើងវិញហើយ
01, Nov 2021 , 10:43 am        
រូបភាព
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
គ្រប់វិស័យទាំងអស់ ដែលត្រូវបិទនាពេលកន្លងមក ដោយសារជំងឺកូវីដ-១៩ ត្រូវប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកដំណើរការឡើងវិញ។


ក្នុងវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាល ប្រកាសប្រាប់ប្រជាជនថា៖«ឥឡូវនេះ ខ្ញុំ ឈានចូលទៅដល់ដំណាក់កាលទី៤ គឺការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ ថ្ងៃហ្នឹង យើងចាប់បើកហើយ អ្វីដែលមិនទាន់ពេញលេញ នៅត្រង់ទេសចរបរទេសមិនទាន់មាន តែទេសចរផ្ទៃក្នុងឲ្យបើក នាំគ្នាដើរលេងទៅ នៅលើសាកលលោក ក៏គេចាប់ផ្តើមធ្វើដែរ»។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល អះអាងថា ការបើកប្រទេសឡើងវិញលើគ្របវិស័យនេះ គឺអមជាមួយនឹងការប្រុងប្រយ័ត្នជាប់និច្ច ពោលគឺ មិនអាចធ្វេសប្រហែលនឹងជំងឺកូវីដ-១៩បានឡើយ។

សាលារៀនគ្រប់កម្រិត ក៏ត្រូវបានដំណើរការឡើងឡើងវិញដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា បើសាលារៀនណា មានគ្រូ ឬសិស្ស ឆ្លងកូវីដ-១៩ គឺត្រូវយកគ្រូ ឬសិស្សនោះ ទៅព្យាបាល ដោយមិនត្រូវបិទសាលារៀនទាំងមូលដូចលើកមុនទៀតឡើយ។ វិស័យផ្សេង ឬកន្លែងផ្សេងទៀត ក៏សម្តេចនាយករដ្ឋមន្រ្តី ណែនាំឲ្យអនុវត្តគោលការណ៍នេះដែរ គឺអ្នកណា ឆ្លងកូវីដ-១៩ ត្រូវយកអ្នកនោះ ទៅព្យាបាល ដោយមិនត្រូវបិទកន្លែងនោះទាំងមូលនោះទេ៕ 

Tag:
 COVID-19
  បើកប្រទេសឡើងវិញ
© រក្សាសិទ្ធិដោយ thmeythmey.com