ជាតិ
សង្គមជាតិ
ច្បាប់គ្រោងបង្កើតថ្មី៖ អាចមានឈ្មោះជា «សាស្រ្តាចារ្យ» លុះត្រារៀនចប់បណ្ឌិត និងសរសេរសៀវភៅបាន៥ក្បាល
02, Nov 2021 , 9:00 am        
រូបភាព
លោកបណ្ឌិតសភាចារ្យ សុខ ទូច (ឆ្វេងដៃបង្អស់) ថតជាមួយបណ្ឌិតសភាចារ្យដទៃទៀត ក្នុងពិធីប្រកាសផ្តល់សមាជិកភាពកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោកបណ្ឌិតសភាចារ្យ សុខ ទូច (ឆ្វេងដៃបង្អស់) ថតជាមួយបណ្ឌិតសភាចារ្យដទៃទៀត ក្នុងពិធីប្រកាសផ្តល់សមាជិកភាពកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
ពេលច្បាប់ថ្មីនេះចេញ ទោះបង្រៀនច្រើនឆ្នាំប៉ុនណា ក៏មិនអាចមានឈ្មោះជាសាស្រ្តាចារ្យដែរ បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបានសរសេរសៀវភៅតាមចំនួនកំណត់។


រាជបណ្ឌិត្យសភាកម្ពុជា មានបំណងបង្កើតសេចក្តីព្រាងច្បាប់ថ្មីមួយ គឺសេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យ។ គោលគំនិតសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺកំណត់ឲ្យបានជាក់លាក់ថា បុគ្គលមានលក្ខណសម្បត្តិបែបណា ទើបក្លាយជាសាស្រ្តាចារ្យ (Professor)។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងពីលក្ខណសម្បត្តិធំៗ២យ៉ាង ដែលមិនអាចខ្វះមួយណាបាន ដើម្បីអាចក្លាយជាសាស្រ្តាចារ្យ គឺទី១ មានសញ្ញាបត្របណ្ឌិត (Ph.D.) និង ទី២ បានសរសេរសៀវភៅទាក់ទងនឹងឯកទេសរបស់ខ្លួនបាន៥ក្បាល។ លោក បន្តថា បុគ្គលម្នាក់ រៀនចប់ថ្នាក់បណ្ឌិត ហើយសរសេរសៀវភៅ បានត្រឹម៣ក្បាល នៅមានឈ្មោះជាសាស្រ្តាចារ្យជំនួយ ដោយមិនទាន់អាចឡើងទៅជាសាស្រ្តាចារ្យឡើយ។

ប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា៖«ឧទាហរណ៍ [សរសេរសៀវភៅបាន] ៣ក្បាល ក្លាយជាសាស្រ្តាចារ្យជំនួយ ៥ក្បាល ក្លាយជាសាស្រ្តាចារ្យ ៧ក្បាល ក្លាយជាបណ្ឌិតសភាចា្យបម្រុង ១០ក្បាល ក្លាយជាបណ្ឌិតសភាចារ្យ»។

យ៉ាងណាក៏ដោយចុះ ការកំណត់ថា រៀនចប់ថ្នាក់បណ្ឌិត និងសរសេរសៀវភៅបាន៣ក្បាល ក្លាយជាសាស្រ្តាចារ្យជំនួយ សរសេរសៀវភៅបាន៥ក្បាល ក្លាយជាសាស្រ្តាចារ្យ សរសេរសៀវភៅបាន៧ក្បាល ក្លាយជាបណ្ឌិតសភាចារ្យបម្រុង សរសេរសៀវភៅបាន១០ក្បាល ក្លាយជាបណ្ឌិតសភាចារ្យ គឺគ្រាន់តែជាការគិតបឋមប៉ុណ្ណោះ ដោយមិនទាន់អាចកំណត់ជាផ្លូវការនោះទេ។ លោក សុខ ទូច អះអាងថា ការកំណត់បែបនេះ នឹងត្រូវលើកទៅជជែកគ្នាបន្ថែមទៀត។

លោក បញ្ជាក់ថា ការក្លាយជាសាស្រ្តាចារ្យ មិនមែនសំខាន់ទៅការបង្រៀនយូរឆ្នាំនោះទេ។ លោក សង្កត់ធ្ងន់ថា បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបានចងក្រងសៀវភៅតាមចំនួន ដែលច្បាប់កំណត់ទេ ទោះបង្រៀនមួយជីវិត ក៏មិនមានឈ្មោះជាសាស្រ្តាចារ្យដែរ។ ផ្ទុយមកវិញ លោក ប្រាប់ថា អ្នក ដែលរៀនចប់ថ្នាក់បណ្ឌិត ហើយសរសេរសៀវភៅបានតាមការកំណត់របស់ច្បាប់ នឹងក្លាយជាសាស្រ្តាចារ្យ ទោះអ្នកនោះ មិនធ្លាប់បានបង្រៀន ឬមិនធ្លាប់ធ្វើជាគ្រូក៏ដោយ។

លោក បរិយាយថា ការគិតគូររបស់រាជបណ្ឌិត្យសភាកម្ពុជា អំពីការកំណត់លក្ខណសម្បត្តិរបស់សាស្រ្តាចារ្យនេះ គឺត្រូវទៅតាមស្តង់ដារអន្តរជាតិ។ លោក យល់ថា ការកំណត់ឲ្យសាស្រ្តាម្នាក់ ត្រូវរៀនចប់បណ្ឌិត ហើយថែមទាំងតម្រូវឲ្យចងក្រងសៀវភៅទៀតនោះ គឺដើម្បីឲ្យសង្គមខ្មែរសម្បូរឯកសារ ដូចនៅស្រុកគេ។ បើតាមប្រសាសន៍របស់លោក ស្រុកគេ សម្បូរឯកសារ គឺដោយសាររៀបចំច្បាប់បែបនេះ ហើយនៅស្រុកគេ ការក្លាយជាសាស្រ្តាចារ្យ គឺមិនងាយនោះទេ។

តើសេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យនេះ នឹងលេចរូបរាងនៅពេលណា? លោកបណ្ឌិត សុខ ទូច ផ្តល់ចម្លើយថា កុំទាន់អាលនិយាយដល់ចំណុចនេះ ដ្បិតរាជបណ្ឌិត្យសភាកម្ពុជា នៅមានកិច្ចការងារច្រើនណាស់ ដែលត្រូវធ្វើ។

លោក សង្កេតឃើញថា ដោយសារកម្ពុជា មិនទាន់មានច្បាប់ស្តីពីសាស្រ្តាចារ្យ ទើបបច្ចុប្បន្ន ការកំណត់ពីឋានៈជាសាស្រ្តាចារ្យ មិនមានភាពជាក់លាក់ ដោយគ្រូបង្រៀននៅកម្រិតបឋមសិក្សា ក៏ត្រូវហៅថាសាស្រ្តាចារ្យ ហើយគ្រូបង្រៀន នៅកម្រិតសាកលវិទ្យាល័យ ក៏ត្រូវហៅថាសាស្រ្តាចារ្យ។ លោក បានប្រកាសដំបូងពីគម្រោងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យ នៅក្នុងកិច្ចប្រជុំពិភាក្សាមួយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ អំពីការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​នៅរាជបណ្ឌិត្យសភាកម្ពុជា។

កាលពីឆ្នាំ២០១៣ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យស្តីពីការផ្តល់ឋានៈសាស្រ្តាចារ្យ តាមការក្រាបង្គំទូលថ្វាយពីសំណាក់នាយករដ្ឋមន្រ្តី។ យោងតាមព្រះរាជក្រឹត្យ អ្នក មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រទៅ បានបង្រៀន និងបានស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា ឬនៅអង្គភាពនានាក្រោមឱវាទរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងមានឋានៈជាសាស្រ្តាចារ្យជំនួយ, អ្នក បម្រើការងារជាសាស្រ្តារ្យចារ្យជំនួយបាន៤ឆ្នាំយ៉ាងតិច បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សាពាក់ព័ន្ធនឹងជំនាញខ្លួន នឹងមានឋានៈជាសាស្រ្តាចារ្យរង, អ្នក បម្រើការងារជាសាស្រ្តាចារ្យរងបាន៥ឆ្នាំយ៉ាងតិច មានសញ្ញាបត្របណ្ឌិត បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សាពាក់ព័ន្ធនឹងជំនាញខ្លួន នឹងមានឋានៈជាសាស្រ្តាចារ្យ ឬសាស្រ្តាចារ្យមហាបរិញ្ញា៕

Tag:
 ច្បាប់ស្តីពីសាស្រ្តាចារ្យ
  សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com