ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូលចិត្ត “ជិះកង់” ទេ? វាល្អណាស់ចំពោះបេះដូង, ខួរក្បាល និងអាចប្រឆាំងជំងឺមហារីក ទៀតផង
03, Nov 2021 , 6:59 am        
រូបភាព
ធ្លាប់ដឹងទេថាត្រឹមការជិះកង់ធម្មតាក៏អាចជាលំហាត់ប្រាណមួយដ៏ប្រសើរសម្រាប់សុខភាពរាងកាយផងដែរ។ ថាតើការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ល្អយ៉ាងណាខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមធ្វើលំហាត់ប្រាណជិះកង់ ៖
 
១. ប្រឆាំងជំងឺមហារីក
 
ជឿឬអត់ថាការជិះកង់ក៏អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក? ការរស់នៅដោយគ្មានភាពសកម្មនៃរាងកាយ ឬមិនធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺមហារីក ខណៈដែលជាតិពុលផ្សេងៗត្រូវប្រមូលផ្ដុំកកកុញក្នុងរាងកាយ។ ជាលទ្ធផល DNA ត្រូវប្រែប្រួល ហើយកោសិកាក៏ទទួលរងការខូចខាតបង្កហានិភ័យនៃជំងឺមហារីក។ បន្ថែមពីនេះការទទួលទានមិនបានត្រឹមត្រូវអាចបង្កជាអាការៈទល់លាមកនិងហើមពោះដែលបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានទម្លាប់ជិះកង់យ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ នោះវាជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំបាន ដោយទម្លាប់នេះជួយរក្សាភាពសកម្មនៃកោសិកា និងការពារ DNA ពីការប្រែប្រួលរងការបំផ្លាញ។
 
២. កាត់បន្ថយស្ត្រេស
 
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពគួរឱ្យបារម្ភ។ វាអាចធ្វើឱ្យកើនទម្ងន់, ឡើងកូឡេស្តេរ៉ូល និងខ្លាញ់មិនល្អក្នុងសសៃឈាម, ជំងឺហឺត, ជំងឺទឹកនោមផ្អែម, បញ្ហាពាក់ព័ន្ធការរំលាយអាហារ, សញ្ញានៃភាពចាស់មុនវ័យ, ជំងឺថប់បារម្ភ, ជំងឺឈឺក្បាល, សម្ពាធឈាមឡើងខ្ពស់, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺសសៃឈាមបេះដូង និងជំងឺចាស់វង្វេងជាដើម។ ទោះជាយ៉ាងណាទម្លាប់នៃការជិះកង់អាចជួយកាត់បន្ថយស្ត្រេសបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែការជិះកង់ជាលំហាត់ប្រាណដ៏ងាយនិងប្រសើរបំផុតមួយដើម្បីលើកកម្ពស់អារម្មណ៍ល្អប្រសើរ។
 
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
 
ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អដែលសុទ្ធតែជាកត្តាសំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុតហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។
 
៤. ជួយឱ្យស្រកទម្ងន់
 
ការជិះកង់ជាទម្រង់នៃលំហាត់ប្រាណដ៏មានប្រសិទ្ធិភាពបំផុតមួយដែលអ្នកគួរធ្វើប្រសិនបើចង់ស្រកទម្ងន់។ វាមិនត្រឹមតែជួយដុតបំផ្លាញកាឡូរីដែលលើសប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងភាពរឹងមាំនៃសាច់ដុំផងដែរ។
 
៥. ធ្វើឱ្យមុខងារខួរក្បាលមានភាពប្រសើរឡើង
 
ការជិះកង់ទាមទារឱ្យអ្នកផ្ដោតការយកចិត្តទុកដាក់ សម្របសម្រួលមុខងារសាច់ដុំ និងរក្សាលំនឹងរាងកាយ។ បន្ថែមពីនេះ ការជិះកង់ក៏ជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលដែលធ្វើឱ្យក្បាលរបស់អ្នកស្រឡះ និងធ្វើឱ្យការសម្រេចចិត្តផ្សេងៗបានកាន់តែល្អជាងមុន។ ការជិះកង់ក៏ជួយសម្រួលដល់ការលូតលាស់នៃកោសិកាថ្មីៗនៅក្នុងតំបន់ hippocampus នៃខួរក្បាល ហើយបង្កើនបរិមាណអុកស៊ីហ្សែនដែលឆ្ពោះទៅខួរក្បាល។ ជាលទ្ធផលជួយការពារពីហានិភ័យនៃជំងឺពាក់ព័ន្ធប្រព័ន្ធប្រសាទ។
 
៦. កាត់បន្ថយអាការៈឈឺសន្លាក់
 
ជាពិសេសសន្លាក់ជង្គង់! ការជិះកង់ជាប្រចាំអាចជួយធ្វើឱ្យចលនានៃសន្លាក់មានភាពប្រសើរឡើង។ វាជះផលប៉ះពាល់តិចតួចប៉ុណ្ណោះលើសន្លាក់ ដូច្នេះអាចជួយព្យាបាលសន្លាក់កម្រិតស្រាល ឬរបួសត្រគាក និងស្តារឆ្អឹងខ្ចីឡើងវិញ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com