ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំពូកែតែញ៊ាំពេក! គួរចេះប្រើ “ទឹកឃ្មុំ” ថែសម្រស់កម្ចាត់ស្នាមជ្រួញ និងធ្វើឱ្យស្អាតជាងមុនផង
03, Nov 2021 , 10:59 pm        
រូបភាព
ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានទឹកឃ្មុំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា វាអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់។ ថាតើទឹកឃ្មុំជួយអ្វីខ្លះដល់សម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ទឹកឃ្មុំដោះស្រាយបញ្ហាសម្រស់ ៖
 
១. កម្ចាត់មុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំ ១ស្រទាប់ស្ដើងលើស្បែកមុខ ឬត្រង់តំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះសាកសមសម្រាប់បញ្ហាមុនដែលបង្កឡើងដោយបាក់តេរី។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលមានប្រតិកម្មជាមួយទឹកឃ្មុំឡើយ។
 
២. ព្យាបាលស្នាមជ្រីវជ្រួញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយនឹងបរិមាណស្មើគ្នានៃល្ហុងទុំ, ទឹកដោះគោស្រស់ ឬយ៉ាអួរឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អ្នកក៏អាចលាយប្រេងអូលីវនិងទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ ដំណក់ជាមួយទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ ក៏ដូចជា-ក និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
 
៣. ជួយឱ្យបបូរមាត់ទន់រលោង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំសុទ្ធបន្តិចលើបបូរមាត់នៅមុនពេលចូលគេងជាការស្រេច។
 
៤. ព្យាបាលស្បែកមុខស្ងួត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយយ៉ាអួរសុទ្ធគ្មានជាតិស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ ១ស្លាបព្រាបាយចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៥. ព្យាបាលស្បែកមុខខ្លាញ់
 
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ បន្ទាប់់មកកូរឱ្យសព្វចូលគ្នា រួចលាបល្បាយលើមុខសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៦. ជួយឱ្យស្បែកសជាងមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរថ្មីៗគ្មានជាតិស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងអនុវត្តសារឡើងវិញជាប្រចាំ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com