ជាតិ
សិល្បះ
២០ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
07, Nov 2023 , 9:24 am        
រូបភាព
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបទី២០ឆ្នាំ ដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ «របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។
 
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ 
 
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវឌ្ឍនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
 
អ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺ ព្រះគុណ និងគុណបំណាច់ដ៏ធំធេងបំផុត របស់មរតកមនុស្សរស់២អង្គ/រូប ដែលបានពុះពារការពារស្នាដៃសិល្បៈបុរាណមួយនេះ។ សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក។ សម្ដេចរាជបុត្រី បុប្ផាទេវី ជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ ហើយព្រះនាងជានាដកាឯកនៃប្រទេសកម្ពុជា ដែលទ្រង់សព្វព្រះទ័យ ក្រសាលរបាំបុរាណតាំងពីព្រះជន្ម ៥ព្រះវស្សា។
 
ព្រះអង្គមានស្នាព្រះហស្តធំៗដូចជា ទ្រង់បានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្រោយសម័យសង្គ្រាមខ្មែរក្រហម។ ព្រះអង្គតែងបានដឹកនាំក្រុមរបាំបុរាណ ដង្ហែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទៅសម្ដែងជូនថ្នាក់ដឹកនាំប្រទេសនានា ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
 
 
សម្ដេចរាជបុត្រី មានព្រះទេពកោសល្យខ្ពស់ក្នុងការ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងច្នៃបង្កើតថ្មីនូវទម្រង់សិល្បៈបុរាណខ្មែរ។ ស្នាព្រះហស្តច្នៃបង្កើតថ្មីរបស់ព្រះអង្គរួមមាន រឿងនាងវឌ្ឍនាទេវី រឿង ព្រះសុធន នាងកែវមនោរា ជាដើម។ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
 
ព្រឹទ្ធាចារ្យ ឯម ធា្ធយ គោរមងារជាទេពវនាដនិម្មិត។ ព្រឹទ្ធាចារ្យជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ។ ព្រឹទ្ធាចារ្យ បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណ ទៅដល់ក្មេងជំនាន់ក្រោយ។ ព្រឹទ្ធាចារ្យ អាចរាំរបាំតួនាង តួនាយរោង  ក្បាច់ប្លែង និងតួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ 

 
 
ព្រឹទ្ធាចារ្យបានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យធ្លាប់ចូលរួមសម្ដែងរបាំក្បាច់បុរាណខ្មែរ ក្នុងរាជព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សុរាម្រិត។ ទេវនាដនិម្មិត ឯម ធា្ធយ បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ កាលពីយប់ម៉ោង ជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៕

Tag:
 របាំព្រះរាជទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com