ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ម្តាយ អះអាងថា សុវណ្ណច្ឆ័យ ត្រូវលើកពេលដោះលែងទៅថ្ងៃ១០វិច្ឆិកា
08, Nov 2021 , 1:39 pm        
រូបភាព
អ្នកស្រី ព្រុំ ចាន់ថា ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ស្ថិតនៅមុខមន្ទីរឃុំឃាំងម២ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកស្រី ព្រុំ ចាន់ថា ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ស្ថិតនៅមុខមន្ទីរឃុំឃាំងម២ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកស្រី ព្រុំ ចាន់ថា ជាម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ អះអាងថា កូនរបស់អ្នកស្រី មិនទាន់ត្រូវបានដោះលែងតាមកាលកំណត់នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះទេ ដោយត្រូវដោះលែងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១វិញ។ អ្នកស្រី បានទទួលដំណឹងនេះពីមន្រ្តីពន្ធនាគារ ពេលអ្នកស្រី និងប្រជាពលរដ្ឋមួយចំនួនទៀត ទៅចាំទទួលសុវណ្ណច្ឆ័យ នៅមុនមន្ទីរឃុំឃាំងម២នៃពន្ធនាគារព្រៃ។


តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រី ព្រុំ ចាន់ថា និយាយថា៖«កូនខ្ញុំ លោក ថា ដោះលែងថ្ងៃទី៨បារាំង ឥឡូវលោតដល់ថ្ងៃ១០។ ខ្ញុំ គ្រាន់តែប្រាប់ថា ខ្ញុំ នៅតែក្តៅរហូត មិនអាចស្រាកស្រាន្តបានទ ព្រោះលោក និយាយកុហក»។



សារព័ត៌មានថ្មីៗ បានចោទសួរពីការពន្យារពេលដោះលែងយុវជន កាក់ សុវណ្ណច្ឆ័យ ទៅលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ 

លោក សំ សុគង់ មេធាវីការពារក្តីឲ្យ សុវណ្ណច្ឆ័យ មិនទាន់ដឹងច្បាស់នោះទេថា សុវណ្ណច្ឆ័យ នឹងត្រូវចេញពីពន្ធនាគារនៅម៉ោងប៉ុន្មាន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«មកដល់ពេលនេះ ខាងពន្ធនាគារ មិនទាន់មានការសម្រេចដោះលែងនៅឡើយទេ នៅរង់ចាំឯកសារពីតុលាការ»។ 

សុវណ្ណច្ឆ័យ ដែលជាកូនប្រុសរបស់មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៤ខែ១៥ថ្ងៃ និងត្រូវដោះលែងនៅត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពីព្រោះថ្ងៃនេះ រូបនេះ បានអនុវត្តទោសក្នុងពន្ធនាគារគ្រប់តាមកាលកំណត់ហើយ។ អនីតិជន សុវណ្ណច្ឆ័យ ត្រូវចោទពីបទប្រមាថមន្រ្តីរាជសាធារណៈ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។

ការរងពីបទប្រមាថមន្រ្តីរាជការសាធារណៈ និង បទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម គឺដោយសារយុវជន សុវណ្ណច្ឆ័យ និយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអតីតគណបក្សប្រឆាំង និងសកម្មជនវ័យក្មេងមួយចំនួន ក៏បានចេញពីពន្ធនាគារដែរ បន្ទាប់ពីពួកគេ ជាប់ពន្ធនាគារគ្រប់តាមកាលកំណត់។ អ្នកទាំងនោះ មានដូចជា មន្រ្តីអតីតគណបក្សប្រឆាំង២នាក់ គឺលោក ជុំ ពុទ្ធី និង លោក ឈួ ផេង យុវជន៣នៃក្រុមខ្មែរថាវរៈ គឺអតីតព្រះសង្ឃ កើត សារ៉ាយ លោក មាន ព្រហ្មមុនី និង លោក ថា ឡាវី ជាដើម។ អ្នកទាំង៥ សុទ្ធតែជាប់ចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេសហជីពល្បីឈ្មោះម្នាក់នៅកម្ពុជា។

ចំពោះ សុវណ្ណច្ឆ័យ វិញ ដែលមានអាយុក្រោម១៨ឆ្នាំ បើទោះបីជាត្រូវដោះលែងនៅថ្ងៃទី៨ ឬនៅថ្ងៃទី១០ ខែវិច្ឆិកាក៏ដោយ តែត្រូវស្ថិតក្នុងការព្យួរទោស២ឆ្នាំ។ ក្នុងអំឡុង២ឆ្នាំនៃការព្យួរទោសសាកល្បងនេះ យុវណ្ណច្ឆ័យ ត្រូវស្ថិតក្នុងការត្រួតពិនិត្យ និងការឃ្លាំមើលពីតុលាការ ហើយត្រូវបង្ហាញមុខចំពោះតុលាការ រាល់ពេលដែលត្រូវកោះហៅ។

លោកមេធាវី សំ សុគង់ ថ្លែងថា៖«ពេលព្យួរទោស បើគាត់ ប្រព្រឹត្តបទល្មើសអីផ្សេង ត្រូវគេ យកមកអនុវត្តទោសវិញ ឬក៏យកមកបូកជាមួយបទល្មើសផ្សេងហ្នឹង»។

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា លោក ផាទ្រិក មើហ្វី (W. Patrick Murphy) បង្ហាញការសោកស្តាយលើសង្គមធ្វីតធឺ (Twitter) ចំពោះការកាត់ទោសឲ្យ យុវណ្ណច្ឆ័យ ជាប់ពន្ធនាគារ ក្នុងបទចោទ ដែលពាក់ព័ន្ធនឹងនយោបាយ។ ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចរូបនេះ ចោទសួរថា៖«តើការឃុំយុវជន ដែលជាកូនរបស់មន្រ្តីអតីតគណបក្សប្រឆាំងបែបនេះ បង្ហាញពីការគោរពសិទ្ធិមនុស្សឬ?»។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបនឹងលោក មើហ្វី។ លោក ពន្យល់ពីច្បាប់កម្ពុជាលើទំព័រហ្វេសប៊ុករបស់លោកថា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលបានប្រព្រឹត្តិ ហើយការផ្តន្ទាទោសត្រូវទទួលបានការអនុគ្រោះមួយចំនួន ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល និងការព្យួរទោសជាដើម។

លោក លើកឡើងថា៖«ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរនិងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»។

ក្រៅពីឯកអគ្គរដ្ឋទូតអាម៉េរិក មានបរទេសមួយចំនួនទៀត ក៏ប្រតិកម្មនិងរិះគន់តការកាត់ទោស សុវណ្ណច្ឆ័យ ដែរ។ អ្នកនាំពាក្យតុលាការភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបកស្រាយពីការកាត់ទោស សុវណ្ណច្ឆ័យ។ តុលាការភ្នំពេញ បញ្ជាក់ថា ខ្លួន បានសម្រេចផ្តន្ទាទោស សុវណ្ណច្ឆ័យ ដោយមានការគិតគូរយ៉ាងហ្មត់ចត់ផលផលប្រយោជន៍របស់យុវណ្ណច្ឆ័យ ជាអនីតិជន។

ជាមួយគ្នានេះ តុលាការភ្នំពេញ បកស្រាយថា គ្មានការបង្ហាញភស្តុតាង និងគ្មានឯកសារពីពេទ្យ ដែលបញ្ជាក់ថា សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹម នោះទេ។ លោកមេធវី សំ សុគង់ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមតាំងពីកំណើតមកម្ល៉េះ ហើយអ្នកជិតខាង សុទ្ធតែបានដឹងថា យុវជនរូបនេះ មានជំងឺអូទីហ្សឹម ប៉ុន្តែក្រុមគ្រួសារ ពុំបានរក្សាទុកឯកសារពីពេទ្យឲ្យបានត្រឹមត្រូវ ទើបបានបាត់ឯកសារនោះ។

សុវណ្ណច្ឆ័យ គឺជាកូនរបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារដែរ។ លោក កាក់ កុម្ភារ ជាប់ពន្ធនាគារតាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មក ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

សុវណ្ណច្ឆ័យ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដោយសារយុវជនរូបនេះ ចូលទៅក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ជាទីតាំង ដែលតុលាការបង្គាប់ឲ្យបិទ។ សមត្ថកិច្ច ឃាត់ខ្លួនយុវជនរូបនេះ ដោយសំអាងថា ខ្លាចបាត់របស់របរ និងសម្ភារផ្សេងៗក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ កាលនោះ សមត្ថកិច្ច ពុំបានបញ្ជូនយុវជនរូបនេះ ទៅតុលាការដូចលើកនេះឡើយ ដោយបានដោះលែងវិញ បន្ទាប់ពីសួរនាំរួច និងរកឃើញថា មិនមានបាត់សម្ភារអ្វីនៅក្នុងទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ៕

Tag:
 កាក់ សុវណ្ណច្ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com