ជាតិ
កម្ពុជាប្រារព្ធខួបលើក៦៨ឆ្នាំនៃការទទួលបានឯករាជ្យពីបារាំង
09, Nov 2021 , 7:59 am        
រូបភាព
រូបថតឯកសារ
រូបថតឯកសារ
ថ្ងៃនេះ ជាខួបលើកទី៦៨ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង (៩ វិច្ឆិកា ១៩៥៣ -៩ ខែវិច្ឆិកា ឆ្នាំ២០២១)។ ព្រះកុរណា ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី យាងប្រទានភ្លើងជ័យនៃពិធីឯករាជ្យជាតិ នេះ នៅវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងពលរដ្ឋជាច្រើននាក់។
 
 
ទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ ក៏ត្រូវជាខួបលើកទី៦៨ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីប្រចាំឆ្នាំនេះ គឺដើម្បីរំលឹកដល់ព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់សម្តេចព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង។
 
តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនោះគ្រាន់តែជាគោលការណ៍ច្បាប់ប៉ុណ្ណោះ ដោយកម្ពុជានៅខ្វះឯករាជ្យជាច្រើនវិស័យដូចជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ជាដើម។
 
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា «ព្រះអង្គនឹងដណ្តើមយកឯករាជ្យទាំងស្រុងនេះដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត»។
 
នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យសម្រាប់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង ។
 
ក្រោយជំនួបជាបន្តបន្ទាប់ ដោយមានការចូលរួមពីសំណាក់ឥស្សរជនកំពូលនាសម័យនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ថា «ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ» ។
 
ឈានដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
 
កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់៕
 
 

Tag:
 បុណ្យឯករាជ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com