កីឡាជាតិ
ជាតិ
ពានរង្វាន់ សម្តេច ហ៊ុន សែន៖ នគរបាលជាតិ និងក្រុមឡើងពីខេត្តចំនួន៣ បានហាលអាវ
10, Nov 2021 , 8:15 am        
រូបភាព
ប្រភពរូបថត៖ CNCC និងព្រះខ័នរាជស្វាយរៀង
ប្រភពរូបថត៖ CNCC និងព្រះខ័នរាជស្វាយរៀង
ជំនួបវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានផ្តល់នូវការខកចិត្តសម្រាប់ក្រុមនគរបាលជាតិ និងក្រុមពីថ្នាក់ខេត្តក្នុងនោះមានជើងឯកកោះកុង ជើងឯករង ត្បូងឃ្មុំ និងក្រុមលេខ៣ បន្ទាយមានជ័យ។ នគរបាលជាតិ ចាញ់ណាហ្គាវើលដ៍ដោយបាល់ប៉េណាល់ទី កាត់សេចក្តី រីឯ បន្ទាយមានជ័យចាញ់វិសាខា កោះកុងចាញ់ព្រះខ័នរាជស្វាយរៀង និងត្បូងឃ្មុំ ចាញ់ភ្នំពេញក្រោន ជាមួយនឹងការធ្លាយសំណាញ់ទីយ៉ាងច្រើន។

ម្ចាស់ការពារជើងឯកវិសាខា ឈ្នះ បន្ទាយមានជ័យ ៨-០
វិសាខា បានយកឈ្នះខេត្តបន្ទាយមានជ័យ ៨-០ ក្នុងនោះ៣គ្រាប់ចុងក្រោយសម្រេចបានដោយ កែវ សុខផេង។ ក្រុមម្ចាស់ការពារតំណែងជើងឯក វិសាខា រកបាន៣គ្រាប់នៅក្នុងតង់ទីមួយ ដែលបើកឆាក ដោយ អ៊ុក សុវណ្ណ នៅនាទី៣២, ទៀត គឹមហេង ទាត់ប៉េណាល់ទីបានសម្រេចនៅនាទី៤១ និង អ៊ិន សូដាវីដ បន្ថែមគ្រាប់ទី៣ នៅចុងតង់។
 
 
ជំនួបរវាងវិសាខា (ខៀវ) និងបន្ទាយមានជ័យ។ រូបថត CNCC

ឈានដល់តង់ទីពីរ អ៊ុក សុវណ្ណ សម្រេចបានគ្រាប់ទី២របស់ខ្លួន ខណៈការប្រកួតដំណើរការបាន៥៦នាទី។ រ៉ឹង ប៊ុនហៀង បង្កើនការនាំមុខ ៥-០ នៅនាទី៧០ មុនពេលដែល កែវ សុខផេង រកបាន៣គ្រាប់តែម្នាក់ឯងជាបន្តបន្ទាប់ ដើម្បីនាំវិសាខា ឈ្នះក្រុមលេខ៣ថ្នាក់ខេត្ត ក្នុងលទ្ធផលសរុប ៨-០ នាកីឡដ្ឋានព្រីនស៍។

ជើងឯករង ណាហ្គាវើលដ៍ ឈ្នះ នគរបាលជាតិ ដោយការទាត់ប៉េណាល់ទី 
នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ណាហ្គាវើលដ៍ និងនគរបាលជាតិ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្រោយប្រកួតបាន៩០នាទី។ លទ្ធផលស៊ីសងគ្នាកើតឡើងនៅតង់ទី២ ដោយ សំ វ៉ាន់និត បានទាត់បាល់ពិន័យ១១ម៉ែត្រនាំមុខសម្រាប់នគរបាលជាតិ ប៉ុន្តែ ឃឹម បូរី តែតបាល់បញ្ចូលទីតាមស្មើវិញសម្រាប់ណាហ្គាវើល នា៨នាទីចុងក្រោយ។
 
 
ឃឹម បូរី របស់ណាហ្គាវើលដ៍ អបអរគ្រាប់បាល់ស៊ុតបញ្ចូលទីតាមស្មើនគរបាលជាតិ។ រូបថត CNCC

ដោយសារតែវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ មិនមានឡើយជំនួបជើងទីពីរ។ លទ្ធផលស្មើនេះ នាំឲ្យលោកអាជ្ញាកណ្តាល នៅ ភក្តី សម្រេចឲ្យក្រុមពីរទាត់ប៉េណាល់ទីសម្រេចសេចក្តី ដែលទីបំផុតណាហ្គាវើលដ៍ឈ្នះនគរបាលជាតិ ៤-២។ 
 
សុះ ស៊ូហាណា, គួច ដានី, រៀម ស៊ឹង និងម៉ាត់ ណូរ៉ូទីន សុទ្ធតែធ្វើបានសម្រេចឲ្យណាហ្គាវើលដ៍ រីឯ២គ្រាប់របស់នគរបាលជាតិរកបានដោយ មុំ សុធាវ៉ាន់ និង សំ វ៉ាន់និត ខណៈអ្នកចាំទី ស៊ូ យ៉ាទី បំពេញតួនាទីយ៉ាងល្អក្នុងការរារាំងគ្រាប់បាល់របស់ នួន បូរី និង សាយ ពិសិដ្ឋ។ 
 
ម្ចាស់ជើងឯក៤ជំនាន់ ព្រះខ័នរាជស្វាយរៀង ស៊ី ជើងឯកថ្នាក់ខេត្តកោះកុង ៦-១
នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះ បានយកឈ្នះ កោះកុងអេហ្វស៊ី ៦-១។ សម្រាប់ព្រះខ័ន រាជស្វាយរៀង ឃៀង ម៉េងហ៊ួ រកបាន២គ្រាប់នៅតង់ទីមួយ ហើយ១គ្រាប់ទៀត ជាការស៊ុតចូលទីខ្លួនឯងរបស់កីឡាករកោះកុង ទីតេង មរកត។ ឈានដល់តង់ទីពីរ ម៉ុន វ៉ាន់ដា រកបាន២គ្រាប់ និង មិន រតនៈ បន្ថែមបាន១គ្រាប់។ ១គ្រាប់វាយបកសម្រាប់កោះកុង គឺសម្រេចបានដោយ សាន បូរ៉ា នៅនាទី៩០+២។

កោះកុង (លឿង) ជាក្រុមឡើងពីខេត្តតែមួយគត់ដែលមានគ្រាប់បាល់បញ្ចូលទី ទោះបីហាលអាវក៏ដោយ។ រូបថត ព្រះខ័នរាជស្វាយរៀង
 
ភ្នំពេញក្រោន យកឈ្នះជើងឯករងថ្នាក់ខេត្ត ត្បូងឃ្មុំ ៧-០
នាកីឡដ្ឋានស្មាត អ.អេស.អិន ឯណោះវិញ ម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៧-០។ ត្រឹម២៧នាទី ប្រាក់ ធីវ៉ា បានស៊ុតបាល់បញ្ចូលទីដល់ទៅ៣គ្រាប់តែម្នាក់ឯង។ សំអុល ទីណា រកបាន២គ្រាប់ (នាទី៣៣ និង៧៨) ខណៈ ជួន ចាន់ចាវ និង រស់ តារ៉ាពេជ្រ រួមចំណែកបានម្នាក់១គ្រាប់។
 
ជំនួប​រវាងភ្នំពេញក្រោន (ក្រហម) និងត្បូងឃ្មុំ។ រូបថត CNCC

សម្រាប់កីឡាករឆ្នើមប្រចាំការប្រកួតកាលពីថ្ងៃអង្គារនោះ រួមមាន អ៊ុក សុវណ្ណ (វិសាខា), ឃឹម បូរី (ណាហ្គាវើលដ៍), ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន) និង គឹម សុខយុទ្ធ (ព្រះខ័នរាជស្វាយរៀង)។
 
វិសាខា, ណាហ្គាវើលដ៍, ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវឡើងបន្តទៅវគ្គ៨ក្រុមចុងក្រោយ ដោយរង់ចាំមើលជំនួប៤គូទៀតនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា នេះ ដោយការប្រកួតសុទ្ធតែប្រព្រឹត្តទៅនាវេលាម៉ោង៣រសៀល។
 
កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ របស់បឹងកេត បើកទ្វារស្វាគមន៍ សូលទីឡូអង្គរ ខណៈ កីឡដ្ឋាន អេស.អ.យូ រៀបចំជំនួបរវាងអង្គរថាយហ្គឺរ និងព្រៃវែងអេហ្វស៊ី។ អគ្គិសនីកម្ពុជាទៅជួបម្ចាស់ផ្ទះកងយោធពលខេមរ ភូមិន្ទ នៅស្តាតចាស់ ខណៈគីរិវង់សុខសែនជ័យ ទទួលអាស៊ីអឺរ៉ុបយូណាយធីត៕
 

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com