ជាតិ
ពីនេះ ពីនោះ
ផុយផាយ, សើវ៉ើ, លោលតា, លោលា សុទ្ធតែសំដៅលើន័យមិនល្អ
27, Feb 2023 , 7:29 am        
រូបភាព
ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត សារព័ត៌មានថ្មីៗ សូម​លើកពាក្យ ផុយផាយ, សើវ៉ើ, លោលតា, លោលា មកពន្យល់ ដោយពាក្យទាំងនេះ មិន​សូវត្រូវបាន​ប្រើ​ប្រាស់នោះឡើយ នាពេលបច្ចុប្បន្ន។
 
«ផុយផាយ» មានន័យថា ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្តាប់; សើវ៉ើ។ ស្រីផុយផាយ; ភរិយាផុយផាយ ។ 
 
ពាក្យកាព្យ: អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្តខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ ( សាស្រ្តាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
 
ន័យ​ស្រដៀងគ្នា​ផងដែរ ពាក្យ «សើវ៉ើ»  មានន័យថា រាយមាយ, ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។ ចិត្តសើវ៉ើ, គំនិតសើវ៉ើ ។
 
មានពាក្យពីរទៀត គឺ «លោលតា» និង «លោលា» ដែលសំដៅ​លើ​ ភាវ: ឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម៉្ងក់, សើវ៉ើ ។ ពាក្យ លោលា ប្រើចំពោះតែមនុស្ស​ស្រី។ ស្រីលោលា ស្រីដែលមានឫកពាឡេះឡោះទៅរកបុរស ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com