ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា សហការជាមួយថៃ ចាប់អ្នកប្រឆាំងពីរនាក់បញ្ជូនមកកកម្ពុជា
11, Nov 2021 , 1:54 pm        
រូបភាព
លោក វឿង សំណាង (ឆ្វេងដៃ) និង លោក វឿន វាសនា (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
លោក វឿង សំណាង (ឆ្វេងដៃ) និង លោក វឿន វាសនា (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
អ្នកមាននិន្នាការប្រឆាំងពីរនាក់ គឺលោក វឿន វាសនា ដែលទើបលាចាកសិក្ខាបទពីព្រះសង្ឃ និងលោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០២១ តាមសំណើរបស់អាជ្ញាធរកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះថា ការចាប់អ្នកទាំងពីរពីថៃបញ្ជូនមកកម្ពុជា គឺធ្វើទៅតាមដីការបស់តុលាការកម្ពុជា។


លោក ខៀវ សុភ័គ បញ្ជាក់ថា៖«[ប្រព្រឹត្ត] បទល្មើសជាសកម្មស្អីមួយ ដែលនាំឲ្យខូចដល់ផលប្រយោជន៍ជាតិ អាហ្នឹងបានគេ ចាប់ខ្លួន និងអាចចោប្រកាន់បាន»។ យ៉ាងណា លោក ពុំបានផ្តល់ព័ត៌មានលម្អិតឡើយថា មកដល់ពេលនេះ លោក វឿន វាសនា និងលោក វឿង សំណាង ស្ថិតនៅកន្លែងណា និងត្រូវចាប់ខ្លួនក្រោមបទចោទអ្វី។

នៅពេលសួរថា តើអាជ្ញាធរ បញ្ជូនអ្នកទាំងពីរ ទៅដល់ណាហើយ? លោក ខៀវ សុភ័គ បានរុញឲ្យទៅសួរអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់ផ្តល់ព័ត៌មាននេះបានឡើយទេ ដោយលោកប្រាប់ថា កំពុងតែជាប់រវល់។

លោក នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងថា លោក មិនទាន់បានឃើញអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅពន្ធនាគារនោះទេ។ លោក មានប្រសាសន៍ថា៖«បើតាមនីតិវិធីច្បាប់ គេ នៅស៊ើបសួរ នៅឡើងផ្តល់ចម្លើយដល់ចៅក្រមស៊ើបសួរអីសិន ទើបសម្រេចតាមហ្នឹង»។

សារព័ត៌មានថ្មីៗ ក៏បានសួរពីករណីលោក វឿន វាសនា និងលោក វឿង សំណាង ទៅលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញដែរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។

លោក វឿង សំណាង គឺជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ។ ចំណែក លោក វឿន វាសនា ត្រូវគេស្គាល់ថា ជាសកម្មជនបរិស្ថានម្នាក់តាំងពីលោក នៅជាព្រះសង្ឃមកម្ល៉េះ។ បើចូលទៅមើលគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ គ្រញូង» របស់លោក វឿន វាសនា គេ  នឹងឃើញការបង្ហោះនិងការចែករំលែកភាគច្រើនរបស់លោក គឺជាការរិះគន់រដ្ឋាភិបាលកម្ពុជា។

កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ លោក វឿន វាសនា ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ គ្រញូង» បានចូលទៅសរសេរកំណាព្យក្នុងប្រអប់ឆ្លើយឆ្លង (Comment) លើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយខ្លឹមសារនៃកំណាព្យនោះ បានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើត្រកូលហ៊ុនរបស់សម្តេច ដូចជា បំផ្លាញជាតិសាសនា ធ្វើឲ្យទឹកដីព្រៃឈើ រលាយហិនហោច និងចាប់ចងប្រជាជន ជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានចូលសរសេរតបថា កំណាព្យនោះ ពោរពេញដោយហិង្សា ហើយសម្តេច សង្ឃឹមថា កម្លាំងសមត្ថកិច្ច នឹងតាមស្វែងរកម្ចាស់កំណាព្យ។

មន្រ្តីជាន់ខ្ពស់ និងអ្នកគាំទ្រទូទៅនៃអតីតគណបក្សប្រឆាំង នាំគ្នារិះគន់រដ្ឋាភិបាលកម្ពុជាពីការចាប់អ្នកទាំងពីរនាក់ខាងលើ។ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សប្រឆាំង ចាត់ទុកការចាប់អ្នកទាំងពីរ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

Tag:
 វឿន វាសនា
  វឿង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com