ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកការពារព្រៃឈើម្នាក់នៅរតនគិរី ត្រូវជាប់ទោស៥ឆ្នាំ ពីបទកាប់ព្រៃឈើ
11, Nov 2021 , 6:00 pm        
រូបភាព
លោក ឆន ផល្លា ស្ថិតក្នុងសន្និសីទកាសែតមួយពាក់ព័ន្ធបញ្ហាដីធ្លី និងព្រៃឈើ កាលពីខែកក្កដា ឆ្នាំ២០២០។
លោក ឆន ផល្លា ស្ថិតក្នុងសន្និសីទកាសែតមួយពាក់ព័ន្ធបញ្ហាដីធ្លី និងព្រៃឈើ កាលពីខែកក្កដា ឆ្នាំ២០២០។
លោក ឆន ផល្លា ជាសកម្មជនការពារដីធ្លី និងព្រៃឈើក្នុងខេត្តរតនគិរី ត្រូវតុលាការខេត្តរតនគិរី ប្រកាសសាលក្រម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យជាប់ពន្ធាគារ៥ឆ្នាំ ពីបទកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ តាមមាត្រា៩៧នៃច្បាប់ស្តីពីព្រៃឈើ។


លោក សំ ទិត្យសីហា មេធាវីរបស់លោក ឆន ផល្លា សម្តែងការសោកស្តាយ ដែលលោក ឆន ផល្លា ជាអ្នកការពារព្រៃឈើ បែរជាត្រូវកាត់ទោស និងត្រូវចោទប្រកាន់ពីបទកាប់បំផ្លាញព្រៃទៅវិញ។ លោក យល់ថា ការកាត់ទោសកូនក្តីរបស់លោកឲ្យជាប់ពន្ធនាគារទៅដល់៥ឆ្នាំ នឹងធ្វើឲ្យអ្នកមានឆន្ទៈផ្សេងទៀត មានការរារែក ក្នុងការចូលរួមការពារធនធានធម្មជាតិ។

លោកមេធាវី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«តាមពិត គាត់ គឺជាមនុស្សម្នាក់ ដែលមានឆន្ទៈលះបង់ពេលវេលា និងលុយផ្ទាល់ខ្លួន ដើម្បីការពារដីធ្លី ធនធានធម្មជាតិ ទុកឲ្យកូនចៅជំនាន់ក្រោយ»។

លោក កែវ ពិសុទ្ធ អ្នកនាំពាក្យតុលាការខេត្តរតនគិរី មិនឆ្លើយតបនឹងលោកមេធាវី សំ ទិត្យសីហា ឡើយ ហើយក៏មិនបកស្រាយដែរពីការសម្រេចរបស់ចៅក្រម។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ពីបទអី ខ្ញុំ អាចនិយាយបាន តែឲ្យខ្ញុំ យល់ឃើញ ខ្ញុំ មិនអាចយល់ឃើញទេ ព្រោះយើង មិនមែនជាអ្នកស៊ើបអង្កេតលើរឿងហ្នឹង»។

លោក ហេង ស្រស់ ជាសកម្មជនការពារព្រៃឈើដែរនោះ លើកឡើងថា លោក មិនដឹងថា តុលាការ មានភស្តុងអ្វីឲ្យជាក់លាក់ ដើម្បីចោទប្រកាន់អ្នកការពារព្រៃឈើ ឬអ្នកការពារបរិស្ថាននោះទេ។ លោក ប្រាប់ថា រាល់សកម្មជនការពារព្រៃឈើ គឺមិនមានចិត្តលោភលន់ឡើយ។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ សកម្មជនការពារព្រៃឈើរូបនេះ អះអាងថា៖«ទាំងខ្ញុំ ទាំងពួកគាត់ សុទ្ធតែស្រឡាញ់ធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ យើង មិនចង់ឲ្យមានការកាប់បំផ្លាញទេ»។

លោក សង្កេតឃើញថា ទោះសកម្មជនទាំងនោះ មិនបានកាប់បំផ្លាញព្រៃឈើ ឬមិនបានប្រព្រឹត្តអំពើណាមួយក៏ដោយ តែរដ្ឋាភិបាល ហាក់នៅតែព្យាយាមចោទប្រកាន់ពួកគេ។ លោក សង្ឃឹមថា តុលាការកម្ពុជា នឹងធ្វើការដោយឯករាជ្យ និងកាត់ក្តីដោយយុត្តិធម៌។

លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ ត្រូវតុលាការ ប្រកាសក្នុងសវនាការថា បានកាប់គាស់ រុករាន និង ឈូសឆាយព្រៃឈើ ហើយយកដីរដ្ឋដល់ទៅជាង៦០ហិកតា។ តែលោកមេធាវី សំ ទិត្យសីហា បដិសេធថា កូនក្តីរបស់លោក មិនមានដីរដ្ឋជាង៦០ហិកតានោះទេ។ លោកមេធាវី ផ្តល់ព័ត៌មានថា លោក បានដាក់បណ្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍រួចហើយ ដើម្បីជំទាស់នឹងការសម្រេចរបស់តុលាការខេត្តរតនគិរី។ លោក ឆន ផល្លា បានសម្រេចចិត្តធ្វើជាសកម្មជនការពារព្រៃឈើនិងដីធ្លីតាំងពីឆ្នាំ២០១៧មក៕

Tag:
 សកម្មជន
  បរិស្ថាន
  ព្រៃឈើ
  ឆន ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com