អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ស៊ុយអែត លាលែងក្រោយទទួលបានការតែងតាំងមិនដល់១២ម៉ោងផង
25, Nov 2021 , 11:09 am        
រូបភាព
លោកស្រី Magdalena Andersson ជាអតីតរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុស៊ុយអែត ហើយបានក្លាយជាមេដឹកនាំគណបក្ស​សង្គម​ប្រជាធិបតេយ្យ។ រូបថត AFP
លោកស្រី Magdalena Andersson ជាអតីតរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុស៊ុយអែត ហើយបានក្លាយជាមេដឹកនាំគណបក្ស​សង្គម​ប្រជាធិបតេយ្យ។ រូបថត AFP
លោកស្រី Magdalena Andersson ទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅស៊ុយអែត ប៉ុន្តែខណៈដែលនីតិវិធីមិនទាន់ចប់សព្វគ្រប់ដល់១២ម៉ោងផង គាត់បានសម្រេចចិត្តលាលែងពីដំណែង។ នេះបើយោងតាមការផ្សាយរបស់ AFP។


កាលពីថ្ងៃទី២៤ ខែវិច្ឆិកា សភាជាន់ខ្ពស់ស៊ុយអែត Riksdag បានបោះឆ្នោតផ្តល់ទំនុកចិត្តលើលោកស្រី Magdalena Andersson នៃគណបក្សសង្គមប្រជាធិបតេយ្យ ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុត ប៉ុន្តែមិនទាន់ដល់១២ម៉ោងស្រួលបួលផងដែរ គាត់បានប្រកាសលាលែងពីតំណែង ក្រោយភាពរង្គោះរង្គើក្នុងសម្ព័ន្ធភាពចម្រុះ ដោយគណបក្សបៃតង បដិសេធក្នុងការគ្រប់គ្រងថវិកាជាមួយគណបក្សប្រឆាំង។

លោកស្រី Andessson បានបញ្ជាក់ថា ការសម្រេចចិត្តរបស់គណបក្សបៃតង ដែលជាដៃគូចម្រុះក្នុងរដ្ឋាភិបាល ជាមូលហេតុចម្បងដែលនាំឲ្យគាត់លាលែងពីតំណែងភ្លាមៗ។ គាត់បាននិយាយទៅកាន់សភាថា គាត់ចង់ឃើញការតែងតាំងប្រមុខរដ្ឋាភិបាលដែលមកពីគណបក្សតែមួយ។

គណបក្សបៃតង បានព្រមានពីការចាកចេញពីរដ្ឋាភិបាល បន្ទាប់ពីសម្ព័ន្ធចម្រុះមានការខ្វែងគំនិតគ្នាលើបញ្ហាគ្រប់គ្រងថវិកា។ ទោះបីជាជាយ៉ាងណាក៏ដោយ លោកស្រី Andersson បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំបានប្រាប់ទៅសភាឲ្យជឿជាក់លើការងាររបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រី។ ខ្ញុំត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីពីគណបក្សតែមួយ គឺរដ្ឋាភិបាលបក្សសង្គមប្រជាធិបតេយ្យ»។

បច្ចុប្បន្នសភាស៊ុយអែត កំពុងតែពិចារណាជំហានបន្ទាប់ទាក់ទងនឹងដំណើរការនីតិវិធីសម្រាប់ការតែងតែងរដ្ឋាភិបាលថ្មីមួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com