កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថា Ballon d’Or 2020 គួរឱ្យទៅ Lewandowski
30, Nov 2021 , 12:00 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
បន្ទាប់ពីបានឈ្នះពានរង្វាន់ Ballon d’Or 2021 និងជាលើកទី៧ក្នុងអាជីពនៅថ្ងៃទី៣០ខែវិច្ឆិកា Lionel Messi និយាយថា France Football គួរតែផ្តល់ពាន Ballon d’Or 2020 ឱ្យ Robert Lewandowski ។


កាលពីរដូវកាល២០១៩-២០ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Lewandowski ស៊ុតបាល់បញ្ចូលទីចំនួន៥៥គ្រាប់ និងក្នុងរដូវកាល ២០២០-២១ ស៊ុតបាល់បញ្ចូលទីចំនួន ៤៨គ្រាប់ នឹងក្នុងរដូវកាល ២០២១-២២ នេះរូបគេរកបាន ២៥គ្រាប់នៅគ្រប់ការប្រកួត។ រូបគេរំពឹងថា នឹងឈ្នះ Ballon d’Or ឆ្នាំ២០២០ ទៅហើយ ប៉ុន្តែស្ថាប័ន France Football បានសម្រេចលុបចោលការប្រគល់ពាន ដោយសារបញ្ហារីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ កាលឆ្នាំ២០២០ កន្លងទៅ។ 
 
សម្រាប់ឆ្នាំ២០២១ នេះ Lewandowski ត្រូវបានផ្តល់ពានរង្វាន់ជាខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំ បើទោះជាមិនបានឈ្នះពាន Ballon d’Or ក៏ដោយ។ ទោះជាយ៉ាងណា Messi ជឿថា Lewandoski គួរតែទទួលបាន Ballon d’Or ។
 
«ខ្ញុំចង់ប្រាប់ទៅ Robert ថា នេះពិតជាកិត្តិយសខ្លាំងណាស់ដែលបានប្រកួតប្រជែងជាមួយគាត់ ហើយគាត់គួរតែទទួលបានពាន Ballon d’Or របស់គាត់។ ឆ្នាំមុនយើងដឹងស្រាប់ហើយគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយគាត់ជាអ្នកឈ្នះ។ France Football គួរតែផ្តល់ពានទៅឱ្យគាត់។» Messi បានលើកឡើងក្នុងកម្មវិធីទទួលពានរង្វាន់ Ballon d’Or លើកទី៧របស់ខ្លួន។
 
Messi ជាកីឡាករដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ២០២១ ដែលជាពានអន្តរជាតិដំបូងសម្រាប់រូបគេ ហើយបានជួយក្រុម Barcelona ឈ្នះពាន Copa De Rey ២០២១ និងជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅ La Liga មុនចាកចេញទៅកាន់បារាំង៕

Tag:
 Lionel Messi
  Ballon d’Or 2021
  France Football
© រក្សាសិទ្ធិដោយ thmeythmey.com