កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះចិន ព្រមានពីវត្តមានវីរុសអូមីក្រុងនៅអូឡាំពិករដូវរងាក្រុងប៉េកាំង
01, Dec 2021 , 11:42 am        
រូបភាព
ចិននៅថ្ងៃទី៣០ ខែវិច្ឆិកា ព្រមានពីវីរុសបំប្លែងថ្មីអូមីក្រុងដែលរីករាលដាលយ៉ាងឆាប់រហ័ស ហើយនឹងបង្កបញ្ហាប្រឈមក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២២។


ទោះបីចិនបានទប់ស្កាត់កូវីដ-១៩ បានជោគជ័យនៅតាមព្រំដែនរបស់ខ្លួនតាមរយៈការរឹតបន្តឹងការធ្វើដំណើរ និងបិទខ្ទប់ក៏ដោយ តែការផ្ទុះឡើងករណីក្នុងស្រុកជាបន្តបន្ទាប់ទាក់ទងនឹងវីរុសបំប្លែងថ្មីដែលតា បានធ្វើឱ្យអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់។ វីរុសដែលតានៅមិនទាន់គ្រប់គ្រងបានស្រួលបួលផង អូមីក្រុងក៏លេចមុខជាថ្មីទៀត។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នករៀបចំកម្មវិធីកីឡាអូឡាំពិកប៉េកាំង សារភាពថា វីរុសបំប្លែងថ្មីអូមីក្រុងនឹងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុត ក្នុងការធ្វើជាម្ចាស់ផ្ទះរបស់ចិន។
 
ចំណែកលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងពីបញ្ហាប្រឈមនានាដែលទាក់ទងនឹងការការពារ និងការគ្រប់គ្រងនៅអូឡាំពិករដូវរងានឹងកើតមានដោយសារអូមីក្រុង។ លោក Zhao សរសើរអាហ្វ្រិកខាងត្បូងដែលបានផ្តល់ព័ត៌មានទាន់ពេលជុំវិញវត្តមានវីរុសថ្មីនេះ។
 
បើទោះយ៉ាងនេះក្តីលោក Zhao នៅតែជឿជាក់ថា ប្រទេសចិនដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នឹងដឹកនាំកីឡាអូឡាំពិករដូវរងាដោយរលូន។
 
ម្ចាស់ផ្ទះចិនប្ដេជ្ញាចិត្តរៀបចំអូឡាំពិកឱ្យបានជោគជ័យតាមរយៈយុទ្ធសាស្ត្រម៉ឺងម៉ាត់ និងមិនធ្វេសប្រហែសឡើយ។ អត្តពលិក អ្នកសារព័ត៌មាន និងអ្នកចូលរួមរាប់ពាន់នាក់ដែលទៅដល់ប្រទេសចិនដើម្បីចួលរួមកីឡារដូវរងាដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈ ត្រូវទទួលការពិនិត្យ និងតាមដានដ៏តឹងរ៉ឹងគ្រប់ពេល៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com