កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Chelsea, Man City និង Liverpool ប្រដេញពិន្ទុគ្នា ក្រោយបន្តឈ្នះរៀងខ្លួន
02, Dec 2021 , 8:58 am        
រូបភាព
Chelsea, Manchester City និង Liverpool ដណ្តើមបាន៣ពិន្ទុរៀងខ្លួនក្នុងប្រកួត Premier League នៅសប្តាហ៍ទី១៤។ ក្រុមទាំង៣បន្តប្រដេញពិន្ទុក្នុងការប្រជែងតំណែងលីគកំពូលអង់គ្លេស ដោយមានគម្លាត១ពិន្ទុពីគ្នាប៉ុណ្ណោះ។


ជ័យជម្នះ ២-១ លើក្រុម Watford នៅរាត្រីថ្ងៃទី១ ខែធ្នូ បានជួយក្រុមតោខៀវរក្សាតំណែងកំពូលតារាងដដែល។ Mason Mount និង Hakim Ziyech​ រកបានម្នាក់មួយគ្រាប់ឱ្យក្រុមលោក Thomas Tuchel ឯ Emmanuel Dennis ជាអ្នកសម្រេចទីសម្រាប់ក្រុមលោក Claudio Ranieri។
 
Chelsea រកបាន៣៣ពិន្ទុ ពីការប្រកួត១៤លើក នាំមុខគូប្រជែងដែលជាម្ចាស់ការពារតំណែងជើងឯក Man City ១ពិន្ទុ និង Liverpool ២ពិន្ទុ។
 
Man City​ រកបានជ័យជម្នះ៤ប្រកួតជាប់ៗគ្នាចុងក្រោយក្នុងលីគ បន្ទាប់ពីយកឈ្នះ Aston Villa ២-១។ កីឡាករព័រទុយហ្កាល់ពីររូប Ruben Dias និង Bernardo Silva ជាអ្នកសម្រេចទីឱ្យក្រុមមេឃខៀវ។ ក្រុមលោក Pep Guardiola ស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៣២ពិន្ទុ។
 
Liverpool​ ឯណោះវិញ ក៏រកបាន៣ពិន្ទុបន្ថែមផងដែរ តាមរយៈការយកឈ្នះ Everton ៤-១។ Mohamed Salah រកបាន២គ្រាប់ម្នាក់ឯង ឯ Jordan Henderson និង Diogo Jota សម្រេចម្នាក់១គ្រាប់។
 
តាមរយៈជ័យជម្នះនេះ ក្រុមលោក Jurgen Klopp នៅរក្សាចំណាត់ថ្នាក់ទី៣ក្នុងតារាង Premier League សម្រាប់សប្តាហ៍ទី១៤ ដោយរកបាន៣១ពិន្ទុ។
លទ្ធផលការប្រកួតដទៀតសុទ្ធតែស្មើមាន Southampton ស្មើ Leicester City ២-២, Wolverhampton ០-០ Burnley និង West Ham United ២-២ Brighton & Hove Albion៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com